កីឡាជាតិ
Honda ជាមួយ​សមាគម​បាល់ទាត់​សៀមរាប​នឹង​បង្កើត​ក្លិប​ថ្មី​មួយ​នៅ​សៀមរាប​ឆ្នាំក្រោយ​
30, Dec 2016 , 7:19 pm        
រូបភាព
ដោយ:
 
​ដើម្បី​សម្រេច​ក្តី​ស្រមៃ​របស់​កីឡាករ​កម្ពុជា​ដែល​ចង់​ក្លាយជា​កីឡាករ​បាល់ទាត់​ដ៏​ឆ្នើម ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម​របស់​ជប៉ុន Keisuke Honda ដែល​កំពុង​ប្រកប​អាជីប​នៅក្នុង​ក្លិប AC Milan នៃ​ប្រទេស​អ៊ីតាលី នឹង​សហការ​ជាមួយ​សមាគម​បាល់ទាត់​ខេត្តសៀមរាប ដើម្បី​បង្កើត​ក្លិប​បាល់ទាត់​ថ្មី​មួយ​ក្នុង​ខេត្តសៀមរាប​។ គម្រោង​នេះ​នឹង​លេចចេញ​ជា​រូបរាង​នៅ​ឆ្នាំ​២០១៧ នេះ​។

 
 
​ក្រៅពី​បង្កើត​សាលា​បង្វឹក​បាល់ទាត់​នៅក្នុង​រាជធានី​ភ្នំពេញ​ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម​របស់​ជប៉ុន Keisuke Honda ដែល​កំពុង​លេង​ឲ្យ​ក្លិប​លំដាប់​កំពូល AC Milan នៃ​ប្រទេស​អ៊ីតាលី បាន​ចាប់ដៃ​សហការគ្នាជាមួយ​សមាគម​បាល់ទាត់​ខេត្តសៀមរាប បង្កើត​ក្លិប​បាល់ទាត់​ថ្មី​មួយ​ដែលមាន​ឈ្មោះថា SOTILLO Angkor FC នៅ​លើក​ទឹកដី​ខេត្ត​សៀម​។ គម្រោង​នេះ​ត្រូវបាន​ប្រធាន​សមាគម​បាល់ទាត់​ខេត្តសៀមរាប​អះអាងថា នឹង​លេចចេញ​ជា​រូបរាង​នៅ​ឆ្នាំ​២០១៧ ខាងមុខនេះ ប៉ុ​ន្តេ​កីឡាករ​រូបនេះ​មិនបាន​បញ្ជាក់​ពី​ពេលវេលា​ច្បាស់លាស់​នោះឡើយ​។​
 
 
​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​សណ្ឋាគារ​អ៊ិន​ធ័​រ​ខន កាលពី​ល្ងាច​ថ្ងៃទី​២៦ ខែធ្នូ កីឡាករ Keisuke Honda បាន​បញ្ជាក់ថា សម្រាប់​គម្រោង​បង្កើត​ក្លិប​បាល់ទាត់​នេះ​លោក​នឹង​ជួយផ្តល់​ផ្នែក​បច្ចេកទេស​តាមរយៈ​ការរក​គ្រូបង្វឹក និង​កីឡាករ​ល្អៗ​ពី​ជប៉ុន​មកជួយ​បណ្តុះបណ្តាល​កីឡាករ​នៅ​កម្ពុជា​។ លើសពីនេះ លោក នឹង​ជួយ​ស្វែងរក​ដៃគូ​ឧបត្ថម្ភ​នៅក្នុង​ប្រទេស​ជប៉ុន និង​ប្រទេស​ផ្សេងៗ​ទៀត ដើម្បី​ផ្នែក​ហិរញ្ញវត្ថុ​ផងដែរ​។  
 
​ពាក់ព័ន្ធ​ទៅនឹង​គោលបំណង​នៃ​ការបង្កើត​នេះ ខ្សែប្រយុទ្ធ​ដ៏​លេចធ្លោរ​ប្រចាំ​ក្លិប AC Milan របស់​អ៊ីតាលី​រូបនេះ​បាន​បញ្ជាក់ថា ការសហការ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​ជួយ​សម្រេច​បណ្តុះបណ្តាល​ស​ម​ត្ថ​ភាព និង​បច្ចេកទេស​របស់​កីឡាករ​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​។ លើសពីនេះ ដើម្បី​ជួយផ្តល់​ឱកាស​ដល់​កីឡាករ​វ័យក្មេង​ដែលមាន​ក្តី​ស្រមៃ​ចង់​ក្លាយជា​កីឡា​ការ​បាល់ទាត់​ដ៏​ឆ្នើម​ប្រចាំ​កម្ពុជា​។ 
 
 
​ក្រៅពី​គម្រោង​បង្កើត​ក្លិប​បាល់ទាត់​នៅ​ខេត្តសៀមរាប និង​ការបង្កើត​សាលា​បង្វឹក​បាល់ទាត់​នៅ​រាជធានី​ភ្នំពេញ ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម​របស់​ជប៉ុន Keisuke Honda គ្រោង​នឹង​បង្កើត​ទីលាន​បាល់ទាត់​នៅ​ខេត្តសៀមរាប​ផងដែរ ប៉ុន្តែ​គម្រោង​នេះ​ស្ថិតនៅក្នុង​ការពិចារណា​នៅឡើយ ដោយ​លោក​កំពុង​ពិភាក្សា​ជាមួយ​ក្រុមការងារ​រប​ស់លោក​។ 
 
​ជាមួយគ្នានេះ លោក ប៉ោ វ​ណ្ណិ​ត ប្រធាន​សមាគម​បាល់ទាត់​ខេត្តសៀមរាប​បាន​សម្តែង​អារម្មណ៍​រំភើប​សប្បាយរីករាយ​យ៉ាង​ក្រៃលែង ដែល​បាន​សហការ​ជាមួយ​កីឡាករ​លំដាប់​ពិភពលោក ក្នុងការ​ពង្រឹង​វិស័យ​កីឡាបាល់ទាត់​នៅ​ខេត្តសៀមរាប​។ ហើយ​លោក​រំពឹងថា វត្តមាន​របស់​កីឡាករ Honda នៅ​កម្ពុជា​នឹង​ជួយ​ជំរុញ​វិស័យ​កីឡាបាល់ទាត់​កម្ពុ​ជាមាន​ការអភិវឌ្ឍន៍​កាន់តែ​រីកចម្រើន​ថែមទៀត​។ 
 
 
​ទន្ទឹមនឹងនេះ ដើម្បី​តបស្នង​នូវ​គុណបំណាច់​របស់​កីឡាករ Honda ដែល​បាន​បង្កើត​សាលា​បាល់ទាត់ «SOLTILO FAMILIA SOCCER SCHOOL» និង​គម្រោង​អភិវឌ្ឍន៍​បាល់ទាត់​នានា​នៅ​កម្ពុជា​។ លោក ខៀវ សា​ម៉េ​ត អនុប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានប្រកាស​គាំទ្រ​ទាំងស្រុង​នូវ​រាល់​សកម្មភាព​នានា​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​កីឡាបាល់ទាត់​របស់​កីឡាករ Honda នៅ​កម្ពុជា ហើយ​លោក​ប្តេជ្ញា​ថា នឹង​ជួយ​ជ្រោមជ្រែង​ឲ្យ​អស់ពី​សមត្ថភាព​តាម​ដែល​អាចធ្វើ​ទៅបាន​៕  
 





Tag:
 បាល់ទាត់​
  Keisuke Honda
  ប៉ោ វ​ណ្ណិ​ត​
  ខៀវ សា​ម៉េ​ត​
© រក្សាសិទ្ធិដោយ thmeythmey.com