កីឡាជាតិ
ចាន់ វឌ្ឍនាកា អាច​នឹង​អវត្តមាន​រីឯ ស៊ូ យ៉ា​ទី នឹង​ជួយ​បឹងកេត​ក្នុងជំនួប​ជាមួយ​ឡាវ
30, Dec 2016 , 5:30 pm        
រូបភាព
ដោយ:
 
​ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម​របស់​បឹង​កេង​អង្គរ ចាន់ វឌ្ឍនាកា ដែល​កំពុង​ញាំញី​ដោយ​របួស​អាច​នឹង​អវត្តមាន​ក្នុង​ការជួយ​ក្រុម​បឹងកេត​អង្គរ​ពេល​ប៉ះ​ជាមួយ​ក្រុម Lanexang United FC របស់​ឡាវ​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់ Toyota Mekong Club Championship នៅ​ពហុ​កីឡដ្ឋាន​ជាតិ​នា​វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច​ថ្ងៃទី​៣១ ខែធ្នូ​។ ចំណែក​អ្នកចាំទី​ដៃ​ទី​១ ស៊ូ យ៉ា​ទី ដែល​រងរបួស​ដែរនោះ​នឹង​ចូល​ជួយ​បឹងកេត​ក្នុងជំនួប​មួយ​នេះ​។


 
​លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹក​ក្រុម​បឹងកេត​អង្គរ បាន​ឲ្យ​ដឹងថា ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ដែលជា​កីឡាករ​ឆ្នើម​របស់​បឹងកេត​នេះ អាច​នឹង​អវត្តមាន​ក្នុងជំនួប​ដ៏​សំខាន់​ជាមួយ​ក្រុម Lanexang United FC របស់​ឡាវ នា​ល្ងាច​ថ្ងៃទី​៣១ ខែធ្នូ ។ បើតាម​លោក ប្រាក់ សុវណ្ណារ៉ា មូលហេតុ​ដែល​លោក​មិនទាន់​អាច​ប្រាកដ​ចិត្ត​ដាក់ ចាន់ វឌ្ឍនាកា ចូល​ប្រកួត​នោះ​ដោយសារតែ​ស្ថានភាព​របួស​របស់​ខ្សែប្រយុទ្ធ​បឹងកេត​រូបនេះ នៅ​មិនទាន់​ធូរស្បើយ​នៅឡើយ​ទេ​។​
 
​ឆ្លើយ​ប្រាប់​សារព័ត៌មាន​ថ្មីៗ គ្រូបង្វឹក​ក្រុម​បឹងកេត​អង្គរ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​វឌ្ឍនាកា ប្រហែលជា​មិនអាច​ចូល​ជួយ​ក្រុម​បឹងកេត​នោះទេ ដោយសារ​គាត់​នៅមាន​របួស​។ ប៉ុន្តែ​បើសិនជា​គ្រាប់​បាល់​របស់​បឹងកេត​ចាញ់ ឬ​ស្មើ លោក ប្រហែលជា​សម្រេច​ដាក់​កីឡាករ ចាន់ វឌ្ឍនាកា នៅ​ចុង​ម៉ោង​តែម្តង​»​។  
  
 
​ងាក​មក​អ្នកចាំទី​ដៃ​ទី​១​របស់​ក្លិប​បឹងកេត​អង្គរ​កីឡាករ ស៊ូ យ៉ា​ទី ដែល​កំពុងមាន​របួស​ជាប់​ខ្លួន​វិញ ត្រូវបាន​លោក ប្រាក់ សុវណ្ណ​រ៉ា អះអាងថា​៖ «​ស៊ូ យ៉ា​ទី ទោះបី​ជាមាន​របួស​ក៏ដោយ ប៉ុន្តែ​ខ្ញុំ​នឹងដាក់​គាត់​ឲ្យ​ចូល​លេង បើ​លេង​មិនកើត​ក៏​បង្ខំ​ឲ្យ​លេង​ដែរ​»​។   
 
​អ្នកចាំទី ស៊ូ យ៉ា​ទី ដែល​គ្រូបង្វឹក​ក្រុប​បឹងកេត​អង្គរ​សម្រេច​ដាក់​ឲ្យ​ចូលរួម​លេង​ក្នុងជំនួប​ដ៏​សំខាន់​នេះ បាន​បញ្ជាក់ថា​៖«​សម្រាប់​ខ្ញុំ​ការប្រកួត​នៅ​ថ្ងៃស្អែក​គឺជា​ការប្រកួត​មួយ​ដ៏​សំខាន់​ទោះ​យើង​ធ្លាប់​ជួបគ្នា​ពេល​លេង​ជា​ក្រុម​ជម្រើសជាតិ​ក៏ដោយ ប៉ុន្តែ​ខ្ញុំ​នឹងមិន​ប្រហែស​នោះទេ​។ ខ្ញុំ​នឹង​កីឡាករ​បឹងកេត​ទាំងអស់​នឹង​ខិតខំ​ប្រឹងប្រែង​លេង​ឲ្យ​អស់ពី​សមត្ថភាព មិន​ឲ្យ​ទស្សនិកជន​កម្ពុជា​អស់សង្ឃឹម​នោះទេ​»​។  
  
 
​ទោះបីជា​កីឡាករ​មួយចំនួន​របស់​បឹងកេត​កំពុង​ញាំញី​ដោយ​របួស​យ៉ាងណាក៏ដោយ ប៉ុន្តែ លោក ប្រាក់ សុវណ្ណារ៉ា ហាក់ដូចជា​មិន​ខ្វល់ខ្វាយ​ពី​បញ្ហា​នេះ​ទេ ។ «​យើង​ទុក​បញ្ហា​កីឡាករ​មួយ​ឡែក​សិន ដូច​យើង​បានដឹងហើយថា​ទាំង​ក្រុម​បឹងកេត និង Lanexang គោលបំណង​នៃ​ការប្រកួត​នៅ​ថ្ងៃស្អែក​គឺ​ឈានទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ ដូច្នេះ​ការប្រកួត​នេះ​នឹង​ក្លាយជា​ការប្រកួត​មួយ​ដ៏​ជក់ចិត្ត​របស់​ទស្សនិកជន​»​។ នេះ​ជាការ​បញ្ជាក់​របស់​គ្រូបង្វឹក​បឹងកេត ដែល​អះអាងថា កីឡាករ​ខ្សែប្រយុទ្ធ Gbenga និង Muramatsu Tomoki ដែល​ទើប​ជា​ពីរ​បួស​នោះ អាច​ចូលរួម​ជួយ​ក្រុម​វិញ​ហើយ​៕





Tag:
 បាល់ទាត់​
  ចាន់ វឌ្ឍនាកា​
  ប្រាក់ សុវណ្ណ​រ៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com