អន្តរជាតិ
២០១៦៖ អា​បេ ជា​មេដឹកនាំ​ជប៉ុន​ដំបូង​ដែល​គោរព​វិញ្ញាណក្ខន្ធ​អ្នកស្លាប់​នៅ Pearl Harbor
31, Dec 2016 , 9:19 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រៅពី​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​អញ្ជើញ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​ជនជាតិ​ជប៉ុន​នៅ​ហ៊ី​រ៉ូ​ស៊ី​ម៉ា ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយទៀត​សម្រាប់​ឆ្នាំ ២០១៦​នេះ​គឺ លោក ស៊ីន​ហ្សូ អា​បេ​បាន​អញ្ជើញ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​នៅ Pearl Harbor​។  លោក​ជា​មេដឹកនាំ​ជប៉ុន​ដំបូង​បំផុត​ដែល​ធ្វើបែបនេះ ហើយ​លោក​ចង់​ឲ្យ​ពិភពលោក​បញ្ចៀស​ឲ្យ​បាន​នូវ​សង្គ្រាម​បង្ហូរឈាម​គ្នា​។​


​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ីន​ហ្សូ អា​បេ បាន​អញ្ជើញ​ទៅ​ទស្សនកិច្ច​រដ្ឋ​ហា​វ៉ៃ សហរដ្ឋអាមេរិក​នៅ​ចុងខែ​ធ្នូ​កន្លងទៅ ។ អ្វីដែល​ក្លាយជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ នាយករដ្ឋមន្ត្រី​ជប៉ុន​រូបនេះ​រួមជាមួយ​ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​អញ្ជើញ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ជា​ជនជាតិ​អាមេរិក​ដែល​បាន​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​វាយប្រហារ​ដោយ​កងទ័ព​ជប៉ុន​នា​ថ្ងៃ ៧ ខែធ្នូ ឆ្នាំ ១៩៤១ មុន​សង្គ្រាមលោកលើកទី​២​ចាប់ផ្តើម​។  
 
​ទស្សនកិច្ច​របស់លោក​កើតឡើង​ក្នុង​រយៈពេល ៧៥ ឆ្នាំ ក្រោយ​ការវាយប្រហារ​ដ៏​គួរ​ឲ្យ​ភ្ងា​ក់​ផ្អើល​នេះ ហើយ​លោក​ក៏​ក្លាយជា​មេដឹកនាំ​ជប៉ុន​ទី ១ ដែល​ទៅ​គោរព​វិញ្ញាណក្ខន្ធ​អ្នកស្លាប់​ទាំងនោះ​ដែរ​។ យោងតាម​ការប្រកាសរ​បស់​សេត​វិមាន​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា និង​ជួប​ជាមួយ​លោក ស៊ីន​ហ្សូ អា​បេ នៅ​ថ្ងៃ ២៧ ខែធ្នូ ហើយ​អ្នក​ទាំងពីរ​ក៏បាន​បន្តដំណើរ​ទៅ​កន្លែង​រម្លឹក​វិញ្ញ​ណ​ក្ខ​ន្ធ​អ្នកស្លាប់ USS Arizona​។​
 
​គេ​ដឹង​ច្បាស់​ថា ការអញ្ជើញ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​នៅ Pearl Harbor របស់លោក ស៊ី​ហ្សូ អា​បេ ជាការ​ឆ្លើយតប​នឹង​សកម្មភាព​របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​បាន​អញ្ជើញ​ទៅ​គោរព​វិញ្ញ​ណ​ក្ខ​ន្ធ​ប្រជាជន​ជប៉ុន​ដែល​ស្លាប់​នៅ​ទីក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា​ដោយសារ​ការទម្លាក់​គ្រាប់បែកបរមាណូ​របស់ អាមេរិក​ដែរ​។​
 
​ដោយសារ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា មិន​សុំ​អភ័យទោស​ចំពោះ​ការទម្លាក់​គ្រាប់បែកបរមាណូ​នៅ​ទីក្រុង​ជប៉ុន   លោក ស៊ីន​ហ្សូ អា​បេ ក៏​មិន​សុំ​អភ័យទោស​ចំពោះ​ការវាយប្រហារ​របស់​ក​ង​ទ័ព​ជប៉ុន​នៅ​មូលដ្ឋានទ័ព​អាមេរិក​នេះឡើយ ថ្វីបើ​លោក​ទៅ​គោរព​វិញ្ញ​ណ​ក្ខ​ន្ធ​អ្នកស្លាប់​ក្តី​៕ 

Tag:
 ស៊ីន​ហ្សូ អា​បេ​
  Pearl Harbor
© រក្សាសិទ្ធិដោយ thmeythmey.com