កីឡាជាតិ
គ្រូបង្វឹក​ក្រុម​ឡាវ​ប្រើ​យុទ្ធសាស្ត្រ​លើកសរសើរ​ក្រុម​បឹងកេត តែ​ទម្លាក់​ក្រុម​របស់ខ្លួន​
31, Dec 2016 , 10:37 am        
រូបភាព
ដោយ:
 
​មុន​ជំនួប​ក្នុង​វគ្គ​ពាក់​ក​ណ្ត​ល​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់ Toyota Mekong Club Championship គ្រូបង្វឹក​ក្រុម​ជើងឯក​លី​ក​កំពូល Lanexang United FC របស់​ឡាវ​បាន​ប្រើ​យុទ្ធសាស្ត្រ​ដោយ​លើកសរសើរ​ក្រុម​បឹងកេត​អង្គរ​ជា​ក្រុម​ខ្លាំង​នៅ​កម្ពុជា​។ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​គ្រូបង្វឹក​រូបនេះ​បែ​ជា​ទម្លាក់​ក្រុម​របស់ខ្លួន​ថា​គ្មាន​កីឡាករ​ល្អ​ទៅវិញ​។

 
​លោក Leonardo Vitorino គ្រូ​ប​ង្វឹ​ក្រុម Lanexang United FC របស់​ឡាវ​បាន​ប្រើ​យុទ្ធសាស្ត្រ​ដោយ​លើកសរសើរ​ពី​ចំណុច​ល្អៗ​របស់​ក្រុម​បឹងកេត​អង្គ​រថា ជា​ក្រុម​មួយ​ដ៏​ខ្លាំង​នៅ​កម្ពុជា​ដែលមាន​ទម្រង់​លេង​ល្អ​ទាំង​តំបន់​ការពារ​និង​តំបន់​ប្រយុទ្ធ ជាពិសេស​មាន​អ្នកចាំទី និង​កីឡាករ​ល្អៗ​។ ប៉ុន្តែ​គ្រូបង្វឹក​ជនជាតិ​ប្រេ​ស៊ី​ល​រូបនេះ ហាក់​ទម្លាក់​ក្រុម​របស់ខ្លួន​ទៅវិញ ដោយ​អះអាងថា ក្រុម​របស់ខ្លួន​មិនមាន​កីឡាករ Super Star នោះទេ​។ 
 
​លោក​បាន​បញ្ជាក់ថា​៖«​យើង​បានដឹងហើយថា ក្រុម​បឹងកេត​អង្គរ​ជា​ម្ចាស់​ជើងឯក​លី​ក​កំពូល​របស់​កម្ពុជា មាន​អ្នកចាំទី​ដ៏​ល្អ គ្រូបង្វឹក​ល្អ មាន​ខ្សែបម្រើ​ស្លាប​ល្អ និង​មាន​ខ្សែការពារ​ល្អ ខ្សែប្រយុទ្ធ​ល្អ ដូចជា ឃួន ឡា​បូ​រ៉ាវី ស៊ូ យ៉ា​ទី និង​កីឡាករ Super Star ចាន់ វឌ្ឍនាកា​។ ចំណែក​ក្រុម​របស់ខ្ញុំ​មិនមាន​កីឡាករ Super Star នោះទេ​»​។​
 
​ការលើកសរសើរ​ពី​ដៃគូ និង​ទម្លាក់​ក្រុម​របស់ខ្លួន​នេះ​ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ការប្រកួត​កាលពី​ថ្ងៃទី​៣០ ខែធ្នូ នៅ​សណ្ឋាគារ​ភ្នំពេញ​។ ការប្រើ​យុទ្ធសាស្ត្រ​របស់​គ្រូបង្វឹក​ក្រុម​ឡាវ​បែបនេះ ក្នុង​គោលបំណង​ដើម្បី​ឲ្យ​បឹងកេត​អង្គរ​មើលស្រាល​លើ​ក្រុម​របស់ខ្លួន​។ ជាមួយគ្នានេះ​លោក ប្រាក់ សុវណ្ណារ៉ា និង​កូនក្រុម​របស់ខ្លួន​បាន​ប្តេជ្ញា​ថា នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ក្នុងជំនួប​មួយ​នេះ​។  
 
​ក្រោយពី​ទម្លាក់​ក្រុម​របស់ខ្លួន​ថា គ្មាន​កីឡាករ Super Star ប្រចាំ​ក្រុម​ដូច​បឹងកេត គ្រូបង្វឹក​ក្រុម Lanexang United FC របស់​ឡាវ​រូបនេះ​បាន​បញ្ជក់​ថា អ្វី​ដែលជា Super Star របស់​ក្រុម​លោក​ក្នុងការ​តទល់​ជាមួយ​បឹងកេត​អង្គរ គឺ​ស្មារតី​ក្រុម មិត្តភាព និង​ការ​សហជា​ក្រុម​។ ហើយ​លោក​បាន​បញ្ជាក់ថា ក្រុម​របស់លោក​មក​ទីនេះ​ដើម្បី​ប្រកួត​សម្រាប់​អ្នកគាំទ្រ​ក្រុម​របស់លោក ដូច្នេះ​អ្នកគាំទ្រ​រាប់ម៉ឺន​នាក់​របស់​កម្ពុជា​មិនមែនជា​ឧបសគ្គ​នោះឡើយ​។​
 
​គួរ​បញ្ជក់​ថា ក្រុម​បឹងកេត​អង្គរ​ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម Lanexang United FC របស់​ឡាវ​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់ Toyota Mekong Club Championship នា​វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ការប្រកួត​នេះ​នឹង​ក្លាយជា​ការប្រកួត​មួយ​ដ៏​ស្វិតស្វាញ និង​ជក់ចិត្ត​បំផុត​ព្រោះ​ក្រុម​ទាំងពីរ​សុទ្ធតែ​ត្រូវការ​ឈ្នះ​ដូចគ្នា ដើម្បី​ឡើងទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​៕  
 
 
 

Tag:
 បាល់ទាត់​
  Toyota Mekong Club 2016
© រក្សាសិទ្ធិដោយ thmeythmey.com