កីឡាជាតិ
ជាតិ
​អវត្តមាន​កីឡាករ​សំខាន់ និង​ភាពខ្វះ​ចន្លោះ​នៅ​តំបន់​ការពារ ធ្វើ​ឲ្យ​បឹងកេត​ចាញ់ Lanexang
01, Jan 2017 , 11:44 am        
រូបភាព
លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹក​ក្រុម​បឹងកេត​អង្គរ​
លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹក​ក្រុម​បឹងកេត​អង្គរ​
ដោយ:
ភាពខ្វះ​ចន្លោះ​នៅ​តំបន់​ការពារ និង​ការ​អវត្តមាន​កីឡាករ​សំខាន់​មួយចំនួន​ដោយសារ​របួស​បានធ្វើ​ឲ្យ​ក្រុម​បឹងកេត​អង្គរ​រង​បរាជ័យ​យ៉ាងដំណំ ៣-០ ក្រោម​ថ្វី​ជើង​ក្រុម Lanexang United FC របស់​ឡាវ​ក្នុងជំនួប​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់ Toyota Mekong Club Championship 2016​។ ការបរាជ័យ​នេះ​បានធ្វើ​ឲ្យ​ក្រុម​តំណាង​ឲ្យ​កម្ពុ​ជាមួយនេះ​បាត់បង់​ឱកាស​ក្នុងការ​ប្រ​ឡើងទៅ​កាន់​វគ្គ​បន្ត​។



​ក្រោយ​បឹងកេត​អង្គរ​រង​បរាជ័យ ៣-០ ពី​ក្រុម​មកពី​ឡាវ Lanexang United FC ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់ Toyota Mekong Club Championship 2016​។ លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹក​ក្រុម​បឹងកេត​អង្គរ​បាន​ប្រាប់​មូលហេតុ​នៃ​ការបរាជ័យ​នេះ​ថា ដោយសារ​ក្រុម​លោក​មាន​ភាពកម្សោយ​នៅ​តំបន់​ការពារ​បន្ទាប់ពី​អវត្តមាន ខ្សែការពារ​ដ៏​សំខាន់​គឺ​កីឡាករ សុខ សុវណ្ណ​។

​ម្យ៉ាងវិញទៀត ដោយសារ​ការ​របួសរ​ង​របស់​កីឡាករ​សំខាន់ៗ​ដូចជា​ខ្សែប្រយុទ្ធ Gbenga,  Muramatsu Tomoki និង​អ្នកចាំទី ស៊ូ យ៉ា​ទី ចំពេល​ជិត​ដល់​ការប្រកួត ជាហេតុ​ធ្វើ​ឲ្យ​ពួកគេ​ហ្វឹកហាត់​មិនបាន​គ្រប់គ្រាន់ ជាពិសេស​ការ​អវត្តមាន​កីឡាករ ចាន់ វឌ្ឍនាកា នៅ​តំបន់​ប្រយុទ្ធ​ក៏​ជាការ​រួមចំណែក​ផងដែរ​។  ជាមួយគ្នានេះ គ្រូបង្វឹក​រូបនេះ​ទទួលស្គាល់ថា ក្រុម Lanexang United FC ជា​ក្រុម​ដែលមាន​សមត្ថភាព​ខ្ពស់ជាង​ក្រុម​របស់ខ្លួន​។

​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ចប់​ការប្រកួត​កាលពី​យប់​ថ្ងៃទី​៣១ ខែធ្នូ នៅ​ពហុ​កីឡដ្ឋាន​ជាតិ លោក ប្រាក់ សុវណ្ណារ៉ា បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​ទទួលស្គាល់ថា កម្រិត​នៃ​ការលេង​របស់​យើង​គឺ​ក្រោម​គេ​បន្តិច ហើយ​យើង​មើល​ជារួម​ឃើញថា​ក្រុម​ឡាវ​លេង​បានល្អ​មែនទែន​។ ខ្ញុំ​មាន​អារម្មណ៍​សោកស្តាយ​ដោយសារ​ការចូលរួម​ប្រកួត​នៅ​ប្រទេស​វៀតណាម​កីឡាករ​យើង​ដែល​រងរបួស​សុទ្ធតែជា​កីឡាករ​ល្អៗ ហើយ​ទម្រាំ​តែ​គាត់​ជាសះស្បើយ​វា​កៀក​ទៅដល់​ថ្ងៃ​លេង​ទៅហើយ យើង​ឃើញជាក់ស្តែង​ដូចជា ចាន់ វឌ្ឍនាកា គាត់​លេង​អត់​កើត ស៊ូ យ៉ា​ទី គាត់​មិនអាច​ហាត់​បាន​»​។ 

​លោក​បាន​បន្តទៀតថា​៖«​ជា​ចុងក្រោយ​យើង​បាន​ជួយ​ប្រទះ​រឿង​អាក្រក់​មួយទៀត​ដែល​ទាក់ទង​ទៅនឹង​កីឡាករ សុខ សុវណ្ណ ដែល​គាត់​រងរបួស​ក្នុងការ​ប្រកួត​មិត្ត​ភាពជា​មួយក្រុម​ស្វាយរៀង​ដែល​មិនអាច​ចូលរួមបាន ជា​បន្តទៅទៀត​ខ្ញុំ​សង្ឃឹមថា អ្នក​ទាំងអស់គ្នា​យល់​ពី​បញ្ហា​នេះ ហើយ​សូម​ជូនពរ Lanexang ទទួលបាន​ជោគជ័យ​បន្តទៀត​»​។​

​ទោះបី​ក្រុម​បឹង​កេ​អង្គរ​មិនអាច​រក​គ្រាប់​បាល់​នៅក្នុង​ជំនួប​មួយ​នេះ​ក៏ដោយ ប៉ុន្តែ​លោក ប្រាក់ សុវណ្ណារ៉ា បញ្ជាក់ថា ទម្រង់​នៃ​ការលេង​នៅ​តំបន់​ប្រយុទ្ធ​អាច​ទទួលយកបាន តែ​អ្វីដែល​គួរ​ឲ្យ​សោកស្តាយ​នោះ​គឺ​ក្រុម​របស់លោក​មានការ​ខ្វះ​ចន្លោះ​ច្រើន​តំបន់​ការពារ ពោលគឺ​អ្នកការពារ​ម្នាក់​មិនអាច​បិទ​គូប្រជែង​ម្នា​ក់បាន​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក សង្កត់ធ្ងន់ថា ដោយសារ​កត្តា​សមត្ថភាព​របស់​កីឡាករ​។

​គួររំលឹកថា ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់ Toyota Mekong Club Championship 2016 ដែល​ធ្វើឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​យប់​ថ្ងៃទី​៣១ ខែធ្នូ ក្រុម​បឹងកេត​អង្គរ​បាន​ចាញ់​ក្រុម Lanexang United Fc ៣-០​។ ការបរាជ័យ​នេះ​បានធ្វើ​ឲ្យ​ក្រុម​បឹងកេត​អង្គរ​បាន​បាត់បង់​ឱកាស​ឡើងទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់​នេះ​៕




Tag:
 បាល់ទាត់​
  ប្រាក់ សុវណ្ណារ៉ា​
  Toyota Mekong Clu
© រក្សាសិទ្ធិដោយ thmeythmey.com