កីឡាជាតិ
ជ័យជម្នះ​របស់ Lanexang លើកមុខ​ក្រុម​ឡាវ​ក្រោយ​រង​ភាពដុនដាប​
03, Jan 2017 , 7:39 am        
រូបភាព
ដោយ:
 
​ក្រោយ​យកឈ្នះ ៣-០ លើ​ក្រុម​ជើងឯក​រង​ឆ្នាំ​២០១៥ បឹងកេត​អង្គ​រនា​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ Toyota Mekong Club Championship 2016 កាលពី​យប់​ថ្ងៃទី​៣១ ខែធ្នូ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ប្រធាន​ក្រុមបាល់ទាត់​របស់​ក្រុម Lanexang United FC បានចាត់ទុក​ជ័យជម្នះ​នេះ​ថា ជាការ​ឆ្លុះបញ្ចាំង​ពី​ភាព​រីកចម្រើន​ផ្នែក​បាល់ទាត់​របស់​ឡាវ ក្រោយ​រង​ភាពដុនដាប​។

 
​កីឡាករ Soukaphone Vongchiengkham ប្រធាន​ក្រុមបាល់ទាត់​របស់ Lanexang United FC និង​ជា​កីឡាករ​ដែល​លេង​ល្អ​ជាងគេ​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ Toyota Mekong Club Championship 2016 ហាក់ដូច​ជាមាន​មោទកភាព​ខ្លាំង​លើ​ខ្លួនឯង​ក្រោយ​ទទួល​ជ័យជម្នះ​លើ​ក្រុម​បឹងកេត​។ កីឡាករ​រូបនេះ​បាន​យកជ័យ​ជម្នះ ៣-០ លើ​ក្រុម​បឹងកេត​ជាតា​ក់តា​ង​បញ្ជាក់​ពី​ភាព​រីកចម្រើន​ផ្នែក​បាល់ទាត់​របស់​ឡាវ​។​
 
«​ខ្ញុំ​មក​ទីនេះ​គឺ​តំណាង​ឲ្យ​ប្រទេសជាតិ និង​ប្រជាពលរដ្ឋ​ឡាវ ដូច្នេះ​ខ្ញុំ​ចង់បង្ហាញ​ឲ្យ​ប្រទេស​ដទៃ​ដឹងថា ឡាវ​ជា​ប្រទេស​សក្តានុពល​មួយផ្នែក​បាល់ទាត់ ពីមុន​យើង​ធ្លាប់មាន​ភាព​ខ្មៅ​ងងឹត​នៅក្នុង​បាល់ទាត់ តែ​ពេលនេះ​ខ្ញុំ​ចង់​បង្ហាញថា បាល់ទាត់​របស់​ឡាវ​កំពុងមាន​ការរីកចម្រើន​»​។ នេះ​ជាការ​បញ្ជាក់​របស់​ប្រធាន​ក្រុម Lanexang United FC ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ចប់​ការប្រកួត​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ 
 
​កីឡាករ Soukaphone Vongchiengkham ត្រូវបាន​គណៈកម្មការ​វាយតម្លៃ​ឲ្យ​ក្លាយជា​កីឡាករ​ដែល​លេង​ល្អ​ជាងគេ​ក្នុង​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ Toyota Mekong Club Championship 2016​។ ហើយ​កីឡាករ​រូបនេះ​ក៏​ជា​អ្នករក​គ្រាប់​បាល់​នាំមុខ​ឲ្យ​ក្រុម Lanexang United FC ក្នុង​ជ័យជម្នះ ៣-០ លើ​បឹងកេត​ផងដែរ​៕ 

Tag:
 បាល់ទាត់​
  Lanexang
  ឡាវ​
© រក្សាសិទ្ធិដោយ thmeythmey.com