អន្តរជាតិ
រុស្ស៊ី​បញ្ជូន​នាវា​ពីរ​គ្រឿង​ទៅ​ហ្វីលីពីន ចំពេល​ទំនាក់ទំនង​អាមេរិក​-​ហ្វីលីពីន រង្គោះរង្គើ​ខ្លាំង
03, Jan 2017 , 8:59 pm        
រូបភាព
នាវាចម្បាំងរុស្សីចតនៅកំពង់ផែក្នុងរដ្ឋធានីម៉ានីល (រូបភាព Xinhua)
នាវាចម្បាំងរុស្សីចតនៅកំពង់ផែក្នុងរដ្ឋធានីម៉ានីល (រូបភាព Xinhua)
​នាវា​ពីរ​គ្រឿងរ​បស់ទ័ព​ជើង​ទឹក​រុស្ស៊ី បាន​ចូល​ចត​នៅ​ទឹកដី​ហ្វីលីពីន​ជា​លើកដំបូង ចាប់តាំងពី​ប្រធានាធិបតី Rodrigo Duterte ចាប់ផ្ដើម​ដកខ្លួន​ឆ្ងាយ​ពី​សម្ព័ន្ធមិត្ត​អាមេរិក​។ រុស្ស៊ី​ដែលជា​សត្រូវ​ចាស់​របស់​អាមេរិក ចង់​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​ទ័ពជើងទឹក​ហ្វីលីពីន​លើ​ការប្រយុទ្ធប្រឆាំង​ភេរវកម្ម និង​ចោរ​សមុទ្រ និង​ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ទ័ពជើងទឹក​នៃ​មិត្តភក្តិ​ថ្មី​ផងដែរ​។​



​កប៉ាល់ចម្បាំង​ប្រឆាំង​នាវាមុជទឹក Admiral Tributs និង​កប៉ាល់ Boris Butoma នៃ​កងទ័ពជើងទឹក​រុស្ស៊ី បាន​ទៅដល់​ទឹកដី​ហ្វីលីពីន​នៅ​ថ្ងៃទី​៣ ខែធ្នូ ក្នុង​គោលដៅ​ទស្សនកិច្ច​៤​ថ្ងៃ​នៅ​ទីនោះ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua លោក Eduard Mikhailov ដែលជា​អ្នកដឹកនាំ​កប៉ាល់ចម្បាំង​ទាំងពីរ និយាយថា រុស្ស៊ី ចង់​ធ្វើ​សមយុទ្ធ​ជាមួយ​ហ្វីលីពីន ដើម្បី​ជួយ​ពង្រឹងសមត្ថភាព​ក្នុងការ​ប្រយុទ្ធប្រឆាំង​ភេរវកម្ម និង​បង្ក្រាប​ចោរ​សមុទ្រ​។​

​ថ្លែង​ទៅកាន់​អ្នកកាសែត​ពេលទៅដល់​ហ្វីលីពីន នាយ​ទាហានជើងទឹក​រុស្ស៊ី​រូបនេះ​បន្តថា រដ្ឋាភិបាល​ក្រុង​មូ​ស្គូ នឹង​ពិភាក្សា​ជាមួយ​ក្រុង​ម៉ានីល ក្នុងពេល​សមគួរ​ណាមួយ​ដើម្បី​ចាប់ផ្ដើម​សមយុទ្ធ​រួមគ្នា​នេះ​។ លោក​បន្តទៀតថា បញ្ហា​ធំ​សម្រាប់​ពិភពលោក​នៅពេលនេះ គឺ​ភេរវកម្ម និង​ចោរ​សមុទ្រ ហើយ​សមយុទ្ធ​កន្លងមក មាន​គោលដៅ​ប្រយុទ្ធ​ប្រឆាំងនឹង​បញ្ហា​ទាំងនេះ​។ ដូច្នេះ ទ័ព​រុស្ស៊ី នឹង​បង្ហាញ​សមត្ថភាព​របស់ខ្លួន​ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ ហើយក៏​ពិនិត្យមើល​សមត្ថភាពរ​បស់ទ័ព​ហ្វីលីពីន​វិញ​ដែរ​។​

​ដោយឡែក​ខាង​ទ័ពជើងទឹក​ហ្វីលីពីន​អះអាងថា នេះ​ជា​លើកទីមួយ​ដែល​កងទ័ពជើងទឹក​រុស្ស៊ី មាន​ទំនាក់ទំនង​ផ្លូវការ​ជាមួយ​ទ័ពជើងទឹក​ហ្វីលីពីន​។ នេះ​ក៏​ព្រោះតែ​កន្លងមក ហ្វីលីពីន មាន​ទំនាក់ទំនង​ជិតស្និទ្ធ និង​តែង​ធ្វើ​សមយុទ្ធ​តែ​ជាមួយ​អាមេរិក​ប៉ុណ្ណោះ ជាពិសេស​ការប្រយុទ្ធប្រឆាំង​ភេរវកម្ម​តែម្ដង​។ ទាក់ទង​រឿងនេះ លោក Mikhailov បញ្ជាក់ដែរថា រុស្ស៊ី​ពេញចិត្ត​ជួយ​ហ្វីលីពីន​លើ​រឿងនេះ ហើយក៏​ដើម្បី​ពង្រឹង​សន្តិសុខ​នៅក្នុង​តំបន់​ផងដែរ​។​

​អស់​ពេល​ជា​យូរ​មកហើយ ហ្វីលីពីន បាននិងកំពុង​ប្រយុទ្ធប្រឆាំង​ក្រុម​ឧទ្ទាម Abu Sayyaf ដែលជា​ក្រុម​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​រដ្ឋ​ឥស្លាម និង​តែងតែ​ធ្វើ​សកម្មភាព​ចាប់ជំរិត​មនុស្សម្នា​ក្នុង​ដែនសមុទ្រ​របស់ខ្លួន​។ មុន​ការចូល​កាន់តំណែង​រប​ស់លោក Duterte ទ័ព​អាមេរិក បាន​ជួយ​យោធា​ហ្វីលីពីន​ក្នុងការ​បោសសម្អាត​ក្រុម​ជ្រុលនិយម​នេះ តាមរយៈ​បណ្ដុះបណ្ដាល​សមត្ថភាព និង​ការធ្វើ​សមយុទ្ធ​រួមគ្នា​ជាដើម​។​

​យ៉ាងណាមិញ អ្វី​បាន​ប្រែប្រួល​ពេល​លោក Duterte ចូលកាន់​តំណែង​កាលពី​ពាក់កណ្ដាល​ឆ្នាំ​២០១៦ ។ ប្រធានាធិបតី​រូបនេះ បាន​ងាក​ចេញ​ឆ្ងាយ​ពី​អាមេរិក ដែលជា​សម្ព័ន្ធមិត្ត​ចាស់វស្សា និង​ជា​អតីត​ម្ចាស់​អាណានិគម​របស់ខ្លួន ហើយ​ងាក​ខិតជិត​គូប្រជែង​របស់​អាមេរិក គឺ​រុស្ស៊ី និង​ចិន​។ លោក​ថែមទាំង​បញ្ជា​ឲ្យ​ព្យួរ​សមយុទ្ធ​រួមគ្នា​រវាង​ហ្វីលីពីន និង​អាមេរិក ព្រមទាំង​ចង់​បណ្ដេញចេញ​ទ័ព​អាមេរិក​ទៀតផង​។ ដោយសារ​ហេតុនេះ ទើបបានជា​លោក​ផ្ដល់​ភ្លើង​ខៀវ​ឲ្យ​នាវា​រុស្ស៊ី​ចូល​ទឹកដី​ហ្វីលីពីន ហើយ​លោក​ទំនងជា​ចង់យក​រុស្ស៊ី​ជំនួស​អាមេរិក​ទៀតផង​៕ 


Tag:
 រុស្ស៊ី​
  ហ្វីលីពីន​
  សមយុទ្ធ​
  ភេ​វក​ម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com