កីឡាជាតិ
កាយសម្ព័ន្ធ​កម្ពុជា​នឹង​រៀបចំ​ព្រឹត្តិការណ៍​ជើងឯក​ដាច់ដោយឡែក​ដ៏​ធំ​មួយ​នៅ​ឆ្នាំនេះ​
05, Jan 2017 , 8:39 am        
រូបភាព
ដោយ:
 
​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​គ្រោង​នឹង​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​ជ្រើសរើស​ឯក​ដាច់ដោយឡែក​ដ៏​ធំ​មួយ​នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៧​ខាងមុខនេះ​។ ព្រឹត្តិការណ៍​នេះ​ត្រូវបាន​ថ្នាក់ដឹកនាំ​សហព័ន្ធ​អះអាងថា នឹង​រៀបចំ​ឲ្យ​មាន​លំនាំ​ដូចនឹង​ការប្រកួត​ស៊ី​ហ្គេម ជាមួយ​ក្តី​រំពឹងថា នឹង​អាច​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​ពង្រឹងសមត្ថភាព​កីឡាករ គ្រូបង្វឹក និង​មន្ត្រី​បច្ចេកទេស​កាន់តែ​រីកចម្រើន ដើម្បី​ត្រៀម​ការប្រកួត​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។

 
​ដើម្បី​ចូលរួមចំណែក​អភិវឌ្ឍន៍​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​ឲ្យ​កាន់តែ​មានការ​រីកចម្រើន លោក សុខ ហុង អនុប្រធាន​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​នឹង​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន បង្កើត​ព្រឹត្តិការណ៍​ប្រកួត​ជ្រើសរើស​ជើងឯក​ដ៏​ធំ​មួយ​ដាច់ដោយឡែក​ពី​ក្រសួង​អប់រំ​។ ព្រឹត្តិការណ៍​នេះ​នឹង​គ្រោង​ធ្វើឡើង​ក្នុង​ខែ មិថុនា ឆ្នាំ​២០១៧ ខាងមុខនេះ​។ 
 
​ព្រឹត្តិការណ៍​នេះ​ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​ជួយ​ពង្រឹង និង​អភិវឌ្ឍន៍​សមត្ថភាព​បច្ចេកទេស​របស់​កីឡាករ គ្រូបង្វឹក និង​មន្ត្រី​បច្ចេកទេស​ឲ្យ​កាន់តែ​រីកចម្រើន​។ ជាពិសេស​ដើម្បី​ត្រៀម​ការប្រកួត​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ព្រោះ​ការប្រកួត​នេះ​ថ្នាក់ដឹកនាំ​សហព័ន្ធ​អះអាងថា នឹង​ធើ្វ​លំនាំ​ដូច​ការប្រកួត​ស៊ី​ហ្គេម​។ ដើម្បី​ឲ្យ​ការប្រកួត​កាន់​តែមាន​លក្ខណ​ស្វិតស្វាញ​ថ្នាក់ដឹកនាំ​សហព័ន្ធ​នឹង​បើកចំហ​សម្រាប់​ការចូលរួម​របស់​ក្លិប​នីមួយៗ​។​
 
 
​ជាមួយគ្នានេះ លោក សុខ ហុង អនុប្រធាន​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា និង​ជា​ស្ថាបនិក​បានចាត់ទុក​ថា គ្រូបង្វឹក​ជា​ខ្សែបន្ទាត់​មួយ​ដ៏​សំខាន់​ក្នុងការ​ដឹកនាំ ក៏​ដូច​តម្រង់ទិស​កីឡាករ​ឲ្យ​ស្របទៅតាម​និយាម​បច្ចេកទេស​អន្តរជាតិ ប្រសិនបើ​គ្រូបង្វឹក​មិន​ច្បាស់លាស់​ការ​បង្វឹក​ក៏​មិន​អាចមាន​គុណភាព​ដែរ​។ ដូច្នេះ​ដើម្បី​ឲ្យ​កាន់តែ​រីកចម្រើន​ខាង​ផ្នែក​បច្ចេកទេស​ត្រូវមាន​កា​រ​ជួយ​ពី​វិស័យ​ឯកជន ក្រៅពី​ក្រសួង​អប់រំ យុវជន និង​កីឡា​។ 
 
​លោក​ឧកញ៉ា​រូបនេះ​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ដើម្បី​ឲ្យ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​កាន់តែ​មានការ​រីក​ចម្រើន គឺ​ត្រូវមាន​ការចូលរួមចំណែក​ពី​វិស័យ​ឯកជន ដូច្នេះ​កីឡាករ​ក៏​ដូចគ្នា គឺ​ត្រូវមាន​ការប្រកួត​ជើងឯក​ប្រចាំ​វិស័យ​ឯក​ណាមួយ ដើម្បី​អម​ព្រឹត្តិការណ៍​ដែល​រៀបចំ​ដោយ​ក្រសួង​អប់រំ​ទើប​មានការ​រីកចម្រើន​»​។ 
 
​ដើម្បី​ជួយ​អភិវឌ្ឍន៍​វិស័យ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​ថែមទៀត ក្រៅពី​បង្កើត​ព្រឹត្តិការណ៍​ប្រកួត​ជើងឯក​ដ៏​ធំ​មួយ អនុប្រធាន​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​រូបនេះ​បាន​ប្តេជ្ញា​ថា នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​បង្កើត​ព្រឹត្តិការណ៍​ប្រកួត​ឲ្យ​ច្រើនជាង​នេះ ដើម្បី​ធ្វើយ៉ាងណា​ដណ្តើម​មេដាយ​ពី​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ជូន​ជាតិ​កម្ពុជា​ឲ្យ​បាន​។​
 
​វា​ជា​លើកទីមួយ​ហើយ​ដែល​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​គ្រោង​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​ជើងឯក​លក្ខណ​ឯកជន​បែបនេះ​។ ហើយ​ព្រឹត្តិការណ៍​នេះ​នឹង​ក្លាយជា​កត្តា​មួយ​ដ៏​សំខាន់​សម្រាប់​ការផ្លាស់ប្តូរ​បច្ចេកទេស​របស់​កីឡាករ​កីឡាការិនី និង​គ្រូបង្វឹក​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​ព្រមទាំង​មន្ត្រី​បច្ចេកទេស​។ 
 
​លោក ណ​យ ផា​ណា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ជា​ពិតណាស់​សហព័ន្ធ​យើង​មិនដែល​រៀបចំ​ជើងឯក ឬ​ជា Cup ពី​ក្រុមហ៊ុន​ឯកជន​នោះឡើយ នេះ​ជា​លើកទីមួយ​ហើយ​ដែល​លោក​ឧកញ៉ា សុខ ហុង យល់ឃើញ​ពី​ការជំរុញ​ផ្នែក​បច្ចេកទេស ដាច់ខាត​ត្រូវតែ​ជួយ​ធ្វើ​ជើងឯក​នេះឯង​»​។ 
 
​លោក​បាន​បន្តទៀតថា​៖«​ខ្ញុំ​គិតថា ព្រឹត្តិការណ៍​នេះ​មាន​សារៈសំខាន់​មែនទែន​ក្នុង​ការជំរុញ​ផ្នែក​បច្ចេកទេស ជាពិសេស​ឲ្យ​កីឡាករ​មានការ​ផ្លាស់ប្តូ​រ​បច្ចេកទេស​គ្នា​ទៅវិញទៅមក​ក្នុង​១​ឆ្នាំ​យ៉ាងតិច​២​ដង​។ ហើយ​វា​ជួយ​ឲ្យ​មើលឃើញ​ពី​លក្ខណ​ខុសគ្នា​ពី​ក្លិប​មួយ​ទៅ​ក្លិប​មួយ​ថា​តើ​មានការ​រីកចម្រើន​យ៉ាងម៉េច ជាពិសេស​ជួយ​ជំរុញ​ឲ្យ​គ្រូ​នៅតាម​ក្លិប​នីមួយៗ​មានការ​ប្រកួតប្រជែង​គ្នា​កាន់តែខ្លាំង​»​។  
 
​បើ​យោងតាម លោក​អគ្គលេខាធិការ​ស​ហ​ព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា ព្រឹត្តិការណ៍​នេះ​មាន​អត្ត​ព​លិ​ក​ចូលរួម​ប្រមាណ​ជា​ជិត​២០០​នាក់​មកពី​ក្លិប​ចំនួន​៩ ហើយ​អត្ត​ព​លិ​ក​ទាំងនេះ​ត្រូវ​ប្រកួតប្រជែង​លើ​១៣​ប្រភេទ​វិញ្ញាសា​។ លោក ណ​យ ផា​ណា បាន​បញ្ជាក់ថា ព្រឹត្តិការណ៍​នេះ​គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ​ជា​ជិត​២​ម៉ឺន​ដុល្លារ​ដែលជា​ថវិកា​ផ្ទាល់​របស់លោក​ឧកញ៉ា សុខ ហុង​៕ 
 
 



Tag:
 កាយសម្ព័ន្ធ​
  ណ​យ ផា​ណា​
  សុខ ហុង​
© រក្សាសិទ្ធិដោយ thmeythmey.com