កីឡាជាតិ
ជាតិ
​ក្រសួងការពារជាតិ​មានការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ដល់​ទៅ​៤​ដង​ក្នុង​ខែមករា​នេះ​
05, Jan 2017 , 9:50 am        
រូបភាព
ដោយ:
ដើម្បី​បង្កើន​សមត្ថភាព​និង​បច្ចេកទេស​កីឡាករ​សម្រាប់​ត្រៀម​ប្រកួតប្រជែង​ជើងឯក​ពានរង្វាន់​លី​ក​កំពូល​កម្ពុជា​ឆ្នាំ​២០១៧ ក្រុម​ជើងឯក​រង​ឆ្នាំ​២០១៦ ក្រសួងការពារជាតិ​(​ទ័ព​) ត្រូវ​ជួប​ប្រកួត​មិត្តភាព​អន្តរជាតិ​៤​ដង​ក្នុង ខែមករា នេះ​។ ជាក់ស្តែង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ល្ងាច​ថ្ងៃទី​៥ ខែមករា នេះ ទ័ព​ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម Melaka United ដែលជា​ក្រុម​ជើងឯក​លី​ក​លំដាប់​ទី​២​របស់​ម៉ាឡេស៊ី (2016 Malaysia Premier League)​។ 



​ក្រុម​ជើងឯក​រង​ពានរង្វាន់​លី​ក​កំពូល​កម្ពុជា​ឆ្នាំ​២០១៦ ក្រសួងការពារជាតិ (​ទ័ព​) នឹងធ្វើ​ការប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​ជើង​ខ្លាំង​នៅ​តំបន់​អាស៊ាន​ចំនួន​៤​លើក​នៅក្នុង​ខែមករា​នេះ​។ ការប្រកួត​ដែល​ធ្វើ​ឡើងជា​បន្តបន្ទាប់​នេះ​ក្នុង​គោលបំណង​ដកស្រង់​បទពិសោធន៍ និង​បច្ចេកទេស ដើម្បី​ពង្រឹងសមត្ថភាព​កីឡាករ​ឲ្យ​កាន់តែ​រីកចម្រើន​សម្រាប់​ត្រៀម​ប្រជែង​ដណ្តើម​ជើងឯក​ពានរង្វាន់​លី​ក​កំពូល​កម្ពុជា​ឆ្នាំ​២០១៧ ដែល​ចាប់ផ្តើម​នៅ​ខែកុម្ភៈ​ខាងមុខ​។

​បើ​យោងតាម លោក ខូវ ឆាយ អ្នកចាត់ការ​ទូទៅ​ក្លិប​ក្រសួងការពារជាតិ ទ័ព​ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​លី​ក​លំដាប់​ទី​២ Melaka United របស់​ម៉ាឡេស៊ី​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ល្ងាច​ថ្ងៃទី​៥ ខែមករា មុន​ស្វាគមន៍​ក្រុម​លី​ក​កំពូល​កំពូល​ម៉ាឡេស៊ី​នៅ​ថ្ងៃទី​១១ ខែមករា នៅ​ស្តា​ត​ចាស់​។ បន្ទាប់មក​ក្រុម​នេះ​នឹងធ្វើ​ដំណើរ​ទៅកាន់​ទឺ​កដី​ថៃ​ដើម្បី​ជួប​ជាមួយ​ក្រុម Buriram United នៅ​ថ្ងៃទី​២២ ខែមករា និង​ជាមួយ​ក្រុម Army United នៅ​ថ្ងៃទី​២៦ ខែមករា នៅ​ទីក្រុង​បាងកក​។

«​ទ័ព​មានការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ច្រើន​នៅ​ឆ្នាំនេះ ព្រោះ​យើង​ចង់​ឲ្យ​កីឡាករ​មានបទពិសោធន៍​ជា​លក្ខណ​អន្តរជាតិ ដើម្បី​បង្កើន​សមត្ថភាព​នៃ​ការលេង​នៅលើ​ទីលាន​របស់គាត់​។ យើង​សង្ឃឹមថា នៅ​រដូវ​កាល​ឆ្នាំ​២០១៧ យើង​នឹងធ្វើ​បានល្អ​ជាង​រដូវ​មុន ហើយ​យើង​នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព ហើយ​ស​ង្ឃឺ​ម​ថា នឹង​ទទួលបាន​លទ្ធផល​ល្អ​ជាង​ឆ្នាំមុន​»​។ លោក ខូវ ឆាយ ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌​មាននៅ Park Café កាលពី​ម្សិលមិញ​។​

​ជាមួយគ្នានេះ លោក ទេព ឡុង​រចនា គ្រូបង្វឹក​ក្រុម​ក្រសួងការពារជាតិ​រៀបរាប់ថា នេះ​ជា​ឆ្នាំ​ទី​១​ហើយ​ដែល​ក្លិប​ក្រសួងការពារជាតិ​មានការ​ប្រកួត​លក្ខណ​មិត្តភាព​អន្តរជាតិ​ច្រើន​ដូច្នេះ​។ តាមរយៈ​លោក​សង្ឃឹមថា កីឡាករ​នឹង​ទទួលបាន​បទពិសោធន៍ និង​បច្ចេកទេស​ថ្មីៗ​ក្នុងការ​អភិវឌ្ឍ​ន៍ស​ម​ត្ថ​ភាព​របស់ខ្លួន​ឲ្យ​កាន់តែ​រីកចម្រើន​។ លោក​ជឿជាក់ថា ទៅ​ថ្ងៃ​អ​នា​គត់​ក្រុម​ទ័ព​នឹង​ក្លាយជា​ក្រុម​មួយ​ដែលមាន​កម្រិត​ស្មើនឹង​ក្រុម​នៅ​ប៉ែក​អាស៊ី​។

​ដោយឡែក ងាក​មក​មើល​ការប្រកួត​មិត្តភាព​អន្តរជាតិ​ជា​ក្រុម Melaka United របស់​ម៉ាឡេស៊ី​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​នា​វេលា​ម៉ោង​៦:៤៥​នាទី​ល្ងាច​នេះ​វិញ​។ អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម​ទ័ព លោក ខូវ ឆាយ បាន​អះអាងថា ការប្រកួត​នេះ​នឹង​ក្លាយជា​ជំ​នួន​មួយ​ដ៏​ជក់ចិត្ត​បំផុត ព្រោះ​ក្រុម Melaka United គឺជា​ក្រុម​ម្ចាស់​ជើងឯក​ពានរង្វាន់​លី​ក​លំដាប់​ទី​២​របស់​ម៉ាឡេស៊ី ហើយ​ក្រុម​នេះ​ក៏​នឹងត្រូវ​ប្រជែង​ក្នុង​ពានរង្វាន់​លី​ក​កំពូល​ម៉ាឡេស៊ី​នៅ​ឆ្នាំនេះ​ផងដែរ​។ 

​ចំណែក លោក ទេព ឡុង​រចនា គ្រូ​បង្គោល​របស់​ក្រសួងការពារជាតិ​បាន​អះអាង​មុន​ជំនួប​នា​ល្ងាច​នេះ​ថា លោក​នឹងដាក់​កីឡា​ជើង​ខ្លាំង​ឲ្យ​ចូលរួម​លេង​ទាំងអស់​ក្នុងជំនួប​មួយ​នេះ ហើយ​លោក​បាន​បញ្ជាក់ថា កីឡាករ​របស់​ទ័ព​មិនមាន​អ្នកណាម្នាក់​រងរបួស​នោះឡើយ ហើយ​រំពឹងថា ជំនួប​នេះ​នឹង​ក្លាយជា​ការប្រកួត​មួយ​ដ៏​ល្អ និង​ជក់ចិត្ត​។ គួរ​បញ្ជាក់ថា ការប្រកួត​មិត្តភាព​អន្តរជាតិ​នេះ​អាច​ចូលរួម​ទស្សនា​ដោយ​សេរី​មិនមាន​ការលក់​សំបុត្រ​នោះទេ​៕

 




Tag:
 បាល់ទាត់​
  ទ័ព​
  ខូវ ឆាយ​
  ទេព ឡុង​រចនា​
  Melaka
© រក្សាសិទ្ធិដោយ thmeythmey.com