កីឡាជាតិ
លោក ប្រាក់ សុវណ្ណារ៉ា រំពឹង​ទទួលបាន​ចំណេះដឹង​ថ្មីៗ​ពី​ជប៉ុន​ដើម្បី​អភិវឌ្ឍន៍​បាល់ទាត់​កម្ពុជា​
07, Jan 2017 , 2:05 pm        
រូបភាព
ដោយ:
 
​គ្រូ​បង្គោល​របស់​ក្លិប​បឹងកេត​អង្គរ ប្រាក់ សុវណ្ណារ៉ា កាលពី​ថ្ងៃទី​៦ ខែមករា បានធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ហ៊ី​រ៉ូ​រ​ស៊ី​ម៉ា​(Hiroshima)​ប្រទេស​ជប៉ុន ដើម្បី​ចូលរួម​សន្និសីទ​កំពូល​សម្រាប់​គ្រូបង្វឹក​បាល់ទាត់​រយៈពេល​៥​ថ្ងៃ​នៅ​ទីនោះ​។ ហើយ​លោក​រំពឹងថា នឹង​ទទួលបាន​ចំណេះដឹង និង​បទពិសោធន៍​ថ្មីៗ​ដើម្បី​អភិវឌ្ឍន៍​បាល់ទាត់​នៅ​កម្ពុជា​។

 
 
​លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹក​ក្រុម​បឹងកេត​អង្គរ​រំពឹង​យ៉ាង​មុតមាំ​ថា នឹង​ទទួលបាន​ចំណេះដឹង និង​បទពិសោធន៍​ថ្មីៗ​ពី​ការចូលរួម​សន្និសីទ​កំពូល​សម្រាប់​គ្រូបង្វឹក​បាល់ទាត់​អាស៊ី​នៅ​ជប៉ុន ដើម្បី​ចែករំលែក​ដល់​មហា​គ្រួសារ​បាល់ទាត់​កម្ពុជា​ក្នុងការ​រួមគ្នា​អភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​។ សន្និសីទ​នេះ​ធ្វើឡើង​រយៈ​៥​ថ្ងៃ​នៅ​ទីក្រុង Hiroshima ប្រទេស​ជប៉ុន​។ 
 
​មុន​ចេញដំណើរ​ដើម្បី​ចូលរួម​សន្និសីទ​កំពូល​សម្រាប់​គ្រូបង្វឹក​នៅ​ជប៉ុន លោក ប្រាក់ សុវណ្ណារ៉ា បាន​បង្ហោះ​រូប​មួយ​សន្លឹក​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​សរសេរ​សារ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​យ៉ាង​ដូច្នេះ​ថា​៖«​ត្រៀម​ធ្វើដំណើរ​ទៅ​ទីក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា​(Hiroshima)​ប្រទេស​ជប៉ុន ដើម្បី​ចូលរួម​ស​ន្និសិទ​កំពូល​សម្រាប់​គ្រូ​បាល់ទាត់​រយៈពេល​៥​ថ្ងៃ​នៅ​ទីនោះ​។ សង្ឃឹមថា អ្វីដែល​ខ្ញុំ​បានដឹង​(​ពី​សន្និសីទ​) អាច​យកមក​ចែករំលែក​ដល់​ក្រុមគ្រួសារ​បាល់ទាត់​យើង​ឲ្យ​មានការ​អភិវឌ្ឍន៍​ទៅមុខ​»​។​
 
​ការចូលរួម​របស់​គ្រូ​បង្គោល​ក្រុម​បឹងកេត​អង្គរ​រូបនេះ ធ្វើឡើង​ក្រោយ​ក្រុម​បឹងកេត​អង្គរ​បាន​រង​ការខកចិត្ត​ក្នុង​ពានរង្វាន់ Toyota Mekong Club Championship 2016 ក្រោយ​ចាញ់​ក្រុម Lanexang United មកពី​ឡាវ ៣-០ ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ កាលពី​ថ្ងៃទី​៣១ ខែធ្នូ កន្លងទៅ​។ 
 
​ទោះបីជា​យ៉ាងនេះ​ក្តី ក្រុម​បឹងកេត​អង្គរ​ដែល​ដឹកនាំ​ដោយ​លោក ប្រាក់ សុវណ្ណារ៉ា មានការ​ងារ​ធំៗ​ចំនួន​៣​ទៀត​ក្នុង​ឆ្នាំ​២០១៧​នេះ គឺ​ពានរង្វាន់​ក្របខ័ណ្ឌ​លី​ក​កំពូល​កម្ពុជា​, ពានរង្វាន់​សម្តេច​ហ៊ុនសែន និង​ការប្រកួត​ជម្រុះ​វគ្គ Play-off Round នៃ​ពានរង្វាន់ AFC Cup 2017​។ ក្រុម​នេះ​ត្រូវ​ស្វាគមន៍​ក្រុម Lao Toyota នៅ​ថ្ងៃទី​៣១ ខែមករា និង​ជួប Lao Toyota ម្តងទៀត​នៅលើ​ទឹកដី​ឡាវ នា​ថ្ងៃទី​៧ កុម្ភៈ  ដើម្បី​រក​ក្រុម​ឈ្នះ​ឡើងទៅ​កាន់​វគ្គ Group Stage៕

Tag:
 បាល់ទាត់​
  ប្រាក់ សុវណ្ណារ៉ា​
  ជប៉ុន​
© រក្សាសិទ្ធិដោយ thmeythmey.com