អន្តរជាតិ
រុស្ស៊ី​៖« ប្រមុខ​ការពារជាតិ​អាមេរិក​និយាយ​កុហក​រឿង​រុស្ស៊ី​ប្រឆាំង​ភេរវកម្ម​»
10, Jan 2017 , 10:19 pm        
រូបភាព
​រុស្ស៊ី​ទំនងជា​ក្តៅក្រហាយ​ខ្លាំង​នៅពេលដែល​ប្រមុខ​ការពារជាតិ​អាមេរិក​លោក Ashton Carter ចោទថា​ខ្លួន​មិនបាន​ធ្វើ​អ្វី​សោះ​ដើម្បី​កម្ចាត់​ក្រុម​ភេរវជន​នៅក្នុង​ទឹកដី​ស៊ី​រី ទោះ​បាន​ចូល​អន្តរាគមន៍​នៅ​ទីនោះ​ជាង​មួយឆ្នាំ​ក៏ដោយ​។  ឆ្លើយតប​ការចោទប្រកាន់​នេះ សមាជិកសភា Duma រុស្ស៊ី​ទិតៀន​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​វិញ ដោយ​អះអាងថា រដ្ឋមន្ត្រី​ម្នាក់នេះ​កំពុងនិយាយ​កុហក និង​បំភ្លៃ​ការពិត ហើយ​ទង្វើ​នេះ​កំពុង​ធ្វើ​ឲ្យ​បាត់បង់​កិត្តិយស​ស្ថាប័ន​ការពារជាតិ​អាមេរិក ។



​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖




​ទំនាក់ទំនង​រវាង​អាមេរិក​និង​រុស្ស៊ី​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត​មិន​ធ្លាប់មាន​ក្នុង​អាណត្តិ​ទី​ពីរ​នៃ​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា​។ ថ្វីបើ​លោក អូ​បា​ម៉ា នៅសល់​ពេល​ប្រហែល​ជាង​មួយ​សប្តាហ៍​ក្នុង​តំណែង​ក៏ដោយ រដ្ឋបាល​នេះ​ឆ្លៀតឱកាស​វាយប្រហារ​រុស្ស៊ី​និង​បង្ក​ឲ្យ​ការប្រឈមមុខគ្នា​កើនឡើង​មួយកម្រិត​ទៀត​។​

​ការបន្ត​ចោទថា រដ្ឋាភិបាល​រុស្ស៊ី​បាន​ចូល​លូកលាន់​ក្នុងការ​បោះឆ្នោត​ជា​ប្រធានបទ​ក្តៅ និង​ចម្រូងចម្រាស​ជាងគេ​ក្នុង​បរិបទ​អាមេរិក ព្រោះ​អ្នកនយោបាយ​អាមេរិក​ហាក់​មិនទាន់ ឯកភាពគ្នា​នៅឡើយ​ទេ​លើ​របាយការណ៍​ចារកម្ម​កន្លងមក​។ ហើយ​ក្រៅពី​ចោទ​រុស្ស៊ី​រឿង​លូកលាន់​ការបោះឆ្នោត​ដែល​ជួយ​ឲ្យ ដូ​ណា​ល់ ត្រាំ ឈ្នះ​តំណែង​ប្រធានាធិបតី អាមេរិក​ចាប់ផ្តើម​រករឿង​រុស្ស៊ី​ក្នុង​បញ្ហា​ស៊ី​រី​ម្តង​។

​ក្នុង​បទសម្ភាសន៍ ជាមួយ​ទូរទស្សន៍ NBC ប្រមុខ​ការពារជាតិ​អាមេរិក​លោក Ashton Carter បាន​អួតថា អាមេរិក​និង​សម្ព័ន្ធមិត្ត​ប៉ុណ្ណោះ​ដែល​កម្ចាត់​ភេរវជន​នៅ​ស៊ី​រី ហើយ​លោក​ឆ្លៀត​វាយប្រហារ​រុស្ស៊ី​ចំៗ​ថា រុស្ស៊ី​ស្ទើរតែ​មិន​ធ្វើ​អ្វី​សោះ​ដើម្បី​ប្រយុទ្ធប្រឆាំង​ក្រុម​ភេរវជន​នៅ​ស៊ី​រី​។​

 «​ពួកគេ មិនបាន​ជួយ​អ្វី​ឡើយ​។ រុស្ស៊ី​ចូលមក​ស៊ី​រី និង​និយាយថា ពួកគេ​នឹង​ប្រយុទ្ធ​ក្រុម​រដ្ឋ​ឥស្លាម និង​ជួយ​ដោះស្រាយ​ជម្លោះ​នៅ​ស៊ី​រី​។ ប៉ុន្តែ​ពួកគេ​មិនបាន​ធ្វើ​អ្វី​ទេ ហើយ​ជា​លទ្ធផល យើង​ត្រូវ​ប្រយុទ្ធ​នឹង​ក្រុម​រដ្ឋ​ឥស្លាម​តែម្នាក់ឯង​»​។ នេះ​ជាការ​លើកឡើង​របស់រ​ដ្ឋ​មន្ត្រី​ការពារជាតិ​អាមេរិក Ashton Carter​។ 

១.​ប្រមុខ​ការពារជាតិ​អាមេរិក​បំផ្លាញ​កិត្តិយស​ស្ថាប័ន​ខ្លួន​ដោយនិយាយ​បំភ្លៃ​
​តាំងពីដើម​មក សហរដ្ឋអាមេរិក​បាន​ចំណាយពេល​ទិតៀន​រុស្ស៊ី និង​ចោទថា​រុស្ស៊ី​នេះ​យក​លេស​ចូល​អន្តរាគមន៍​នៅ​ស៊ី​រី​នៅ​ចុងឆ្នាំ ២០១៥ ដើម្បី​ជួយ​គាំទ្រ​របប បា​សា អាល់​អាសាដ និង​សំពង​ក្រុម​ឧទ្ទាម​ស៊ី​រី​ដែល​ខ្លួន​គាំទ្រ​នោះដែរ​។​

​យ៉ាងណាក៏ដោយ ភ្លាមៗ​ក្រោយ​មន្ត្រី​ការពារជាតិ​អាមេរិក​ចោទប្រកាន់​ខ្លួន​ស្រស់ៗ​បែបនេះ រុស្ស៊ី​បាន​ឆ្លើយតប​វិញ​ដែរ​។ សមាជិកសភា​Duma របស់​រុស្ស៊ី Sergey Zheleznyak បាន​វាយបក​វិញ​ថា សម្តី​របស់លោក Ashton Carter គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ​ឡើយ ហើយ​គ្រប់យ៉ាង​ដែល​មន្ត្រី​អាមេរិក​និយាយ​នោះ​សុទ្ធតែជា​រឿង​កុហក​។ សមាជិកសភា​រូបនេះ​ចម្អក​ឲ្យ​ថា ការនិយាយ​កុហក​បែបនេះ​មិន​ត្រឹមតែ​បន្ទាបបន្ថោក​ខ្លួនឯង​ទេ តែ​វា​ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្ថាប័ន​ជាតិ​អាមេរិក​ដែរ​។​

«​ខ្ញុំ​គិតថា វា​មិន​សម​ហេតុផល​អ្វី​សោះ​បើ​យើង​ផ្តោតអារម្មណ៍​លើ​អ្វីដែល​អ្នកនយោបាយ​អាមេរិក​ទាំងនោះ​និយាយ​។ ប៉ុន្តែ​តាមរយៈ​ពាក្យសម្តី​កុហក​ទាំងនេះ លោក Carter មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស​ខ្លួនឯង​ជា​បុគ្គល​ប៉ុណ្ណោះ​ទេ វា​ក៏​ប៉ះពាល់​ដល់​កិ​តិ្ត​យស​ស្ថាប័ន​ខ្លួនឯង​ដែល​ទទួលខុសត្រូវ​ផ្តល់ព័ត៌មាន​ជាក់លាក់​ថា​អ្នកណា​ធ្វើ​អ្វីខ្លះ​នៅ​ស៊ី​រី​ដែរ​»​។

​ក្រៅពី​តបត​ការចោទប្រកាន់​គ្មាន​មូលដ្ឋាន សមាជិក​ភា​ខាងលើ​បាន ប្រាប់​អ្នក​សារព័ត៌​ថា លោក​សង្ឃឹមថា​មេដឹកនាំ​អាមេរិក​ថ្មី​នឹងមាន​ជំនាញ​និង​មាន​វិជ្ជាជីវៈ​ក្នុង​ការងារ​ដែល​វា​ជួយ​សម្រួល​ដល់​ការ​សហប្រតិបត្តិ​ការដោះស្រាយ​បញ្ហា​អន្តរជាតិ​ធំៗ​។ បើសិនជា​មន្ត្រី​អាមេរិក​នៅ​បន្តសកម្មភាព​បែបនេះ  បញ្ហា​ប្រឈម​ទំនាក់ទំនង​អាមេរិក​និង​រុស្ស៊ី​នៅតែមាន ហើយ​ការដោះស្រាយ​បញ្ហា​ពិភពលោក​ក៏​មិនអាច​ធ្វើទៅ​រួច​ដែរ​។​

២.​អាមេរិក​ទំនង​ខឹង​ដែល​គេ​មិន​ហៅរក​ក្នុងការ​ដោះស្រាយ​ជម្លោះ​ស៊ី​រី​
​តាមពិតទៅ​ការ​លើកយក​រឿង​ប្រឆាំង​ភេរវកម្ម​នៅ​ស៊ី​រី​មក​ទម្លាក់កំហុស​លើ​រុស្ស៊ី​នៅពេលនេះ​មិនមែន​កើតឡើង​ដោយ​គ្មាន​ហេតុផល​ឡើយ​។ រដ្ឋបាល​អាមេរិក​បច្ចុប្បន្ន​ទំនង​ជា​អន់ចិត្ត​ខ្លាំង​ដែល​ខ្លួន​មិន​ត្រូវបាន​គេ​ហៅរក​ឡើយ​ក្នុងការ​ឈានទៅ​ដោះស្រាយ​បញ្ហា​ស៊ី​រី​។

​ការបង្កើត​បទ​ឈប់​បាញ់ និង​ការបង្កើត​កិច្ចព្រមព្រៀង​ជម្លៀស​ប្រជាជន​ចេញពី​ក្រុង Aleppo​កាលពី​ចុង​ឆ្នាំមុន​មិនមាន​អាមេរិក​ចូលរួម​ឡើយ​។ រុស្ស៊ី អ៊ីរ៉ង់ និង​តួ​ក​គី​ឯណោះ​ទេ​ដែលជា​តួអង្គ​សំខាន់ និង​ជា​អ្នក​ផ្តួចផ្តើម​ការចរចា​នយោបាយ​នៅពេល​ខាងមុខ​នៅ​ក្រុង Astana ផង​។​

​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​ជិត​ផុត​អាណត្តិ​មិន​ត្រឹមតែ​មិនអាច​បណ្តេញ​លោក បា​សា អាល់ អាសាដ ពី​តំណែង​ឡើយ តែ​លោក​ក៏​បាត់បង់​តួនាទី​ជា​អ្នក​ជួយ​ដោះស្រាយ​ជម្លោះ​ប្រដាប់អាវុធ​ស៊ី​រី​ដែរ​។ អាមេរិក​លែងមាន​ទឹក​មាត់ប្រៃ​ទៀតហើយ ក្នុងការ​ចូលរួម​ចរចា​បញ្ចប់សង្គ្រាម​ដែល​អូសបន្លាយ​រាប់​ឆ្នាំនេះ​។

​យ៉ាងណាមិញ ការ​លូកលាន់​ក្នុង​បញ្ហា​ស៊ី​រី​ប្រហែល​មិនមែនជា​រឿង​គួរ​ឲ្យ​ចាប់អារម្មណ៍​សម្រាប់ រដ្ឋបាល​ថ្មី​របស់លោក ដូ​ណា​ល់ ត្រាំ ឡើយ ប៉ុន្តែ​ការប្រឆាំង​ភេរវកម្ម​នៅ​ស៊ី​រី​ទំនងជា​នៅតែ​ជា​រឿង​អាទិភាព​សម្រាប់​ក្រុង​វ៉ាស៊ីនតោន​៕


© រក្សាសិទ្ធិដោយ thmeythmey.com