ជាតិ
អ្នកជំនាញ​កំពុង​ព្យាបាល​សង្គ្រោះ​«​ដើម​ស្ពង់​»​វ័យ​ចំណាស់​នៅ​ខ្លោងទ្វារ​ទន្លេ​អុំ​នៅ​សៀមរាប​
15, Jan 2017 , 1:00 pm        
រូបភាព
​សៀមរាប​៖ ស្ពង់​ចំណាស់​មួយ​ដើម ដែលមាន​ទីតាំង​នៅជាប់​ខ្លោងទ្វារ​ទន្លេ​អុំ ត្រូវបាន​ចុះជួយ​សង្គ្រោះ​ដោយ​ក្រុមការងារ​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា​។ ដើម​ស្ពង់​ដែល​ចុះជួយ​សង្គ្រោះ និង​ព្យាបាល​នេះ គឺ​គល់ និង​ចុង​របស់​វា​ពុកផុយ​ដោយសារ​អាយុកាល ក៏ដូចជា​ផលប៉ះពាល់​ដោយ​កត្តា​មនុស្ស​។


 
​ក្រៅពី​ប្រាសាទ ដើម​ស្ពង់​គឺជា​ទី​ចាប់អារម្មណ៍​របស់​ភ្ញៀវទេសចរ​ផងដែរ​។ ស្ពង់​ត្រូវបាន​គេ​ដឹងថា មាន​ដុះ​ច្រើន​នៅក្នុង​តំបន់​អង្គរ ជាពិសេស​នៅ​ប្រាសាទតាព្រហ្ម​។​
 


​លោក លឹម សៀង​ហួត បុគ្គលិក​ជំនាញ​តាមដាន​សុខភាព ផ្នែក​ព្យាបាល​ដើមឈើ​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹងថា ស្ពង់​ដែល​ចុះ​ព្យាបាល​នេះ គឺមាន​បញ្ហា​ចំនួន​៣​សំខាន់ៗ​។ ទី​១ ឫស​របស់​ដើម​អំពិល និង​ស្នាយ បាន​ដុះ​ជែង​នឹង​គល់​ស្ពង់​។ ទី​២ ការដើរ​ជាន់​ឫស​ពី​សំណាក់​ភ្ញៀវទេសចរ ព្រោះ​វា​នៅជាប់​នឹង​ផ្លូវ​ដើរ ធ្វើ​ឲ្យ​ស្ពង់​មានលទ្ធភាព​តិចតួច​ក្នុងការ​ស្រួប​យក​ជីវជាតិ​ក្នុង​ដី និង​ទី​៣ អាយុកាល ការ​ពុកផុយ និង​មាន​សត្វ​កណ្តៀរ​ឡើង​។​
 
​តាម​បទពិសោធន៍​របស់លោក សៀង​ហួត ដែល​បាន​ចុះ​ព្យាបាល​ដើម​ស្ពង់​ជាច្រើន​រយ​ដើម​នៅក្នុង​ឧទ្យាន​អង្គរ​បាន​និយាយថា ស្ពង់​ដែល​អាច​លូតលាស់​ឡើងវិញ​ក្រោយ​ព្យាបាល​ហើយ គឺ​លទ្ធភាព​ខ្ពស់​សម្រាប់តែ​ស្ពង់​ដែលមាន​សាច់​ខ្ចី​តែប៉ុណ្ណោះ ដោយឡែក​សម្រាប់​ស្ពង់​ចាស់ វា​ពិបាក​ព្រោះថា កោសិកា​របស់​វា​មួយចំនួនធំ​បាន​ងាប់​ទៅហើយ​។​
 


​លោក សៀង​ហួត បាន​រៀបរាប់​ពី​បច្ចេកទេស​ព្យាបាល​ដើម​ស្ពង់​យ៉ាង​ដូច្នេះ​ថា​៖«​ការព្យាបាល​ដើម​ស្ពង់​តាមរយៈ​ការ​កោស​សំបក​ពុកផុយ​ចេញ លាប​ជ័រទឹក ដើម្បី​ការពារ​ពី​ការ​ជ្រាប​ទឹក​ចូលក្នុង​សាច់ និង​ចុងក្រោយ​មាន​ការបិទ​ដីដំបូក​ដើម្បី​ឲ្យ​សាច់​ឈើ​ដុះ​ឡើងវិញ​។ បន្ទាប់មក ក្រុមការងារ​នឹង​បន្ត​តាមដាន​រយៈពេល​៦​ខែ​ទៅមួយ​ឆ្នាំ ដើម្បី​ដឹង​ពី​ការវិវត្តន៍​ថ្មី​របស់​ដើម​ស្ពង់​»៕

Tag:
 ដើម​ស្ពង់​
  ខ្លោងទ្វារ​ទន្លេ​អុំ
© រក្សាសិទ្ធិដោយ thmeythmey.com