ជាតិ
ការប្រកួត​ពានរង្វាន់​អក្សរសិល្ប៍​សន្តិភាព​លើក​ទី​៣ ផ្នែក​កំណាព្យ និង​រឿង​ខ្លី​
21, Jan 2017 , 6:19 pm        
រូបភាព
ពានរង្វាន់​អក្សរសិល្ប៍សន្តិភាព
ពានរង្វាន់​អក្សរសិល្ប៍សន្តិភាព
​ភ្នំពេញ​៖ សមាគម​អ្នកនិពន្ធ​ខ្មែរ​នៅ​បរទេស​ប្រចាំ​ប្រទេស​បារាំង បាន​បង្កើត​កម្មវិធី​ប្រកួតប្រជែង​ស្នាដៃ «​ពានរង្វាន់​អក្សរសិល្ប៍​សន្តិភាព​លើក​ទី​៣ ប្រចាំឆ្នាំ​២០១៧» ផ្នែក​កំណាព្យ និង​រឿង​ខ្លី​។ កម្មវិធី​នេះ នឹង​ចាប់ផ្ដើម​ទទួល​ស្នាដៃ​នៅ​ថ្ងៃទី ១ ខែមករា រហូតដល់​ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ​២០១៧​។ ជាមួយគ្នានេះ បេក្ខជន​ដែល​ទទួលបាន​ជ័យលាភី នឹង​ទទួលបាន​រង្វាន់​ជា​ថវិកា វិញ្ញាបនបត្រ និង​ការបោះពុម្ព​ស្នាដៃ​ជាដើម​។​



​កម្មវិធី​ប្រកួតប្រជែង «​ពានរង្វាន់​អក្សរសិល្ប៍​សន្តិភាព​លើក​ទី​៣ ប្រចាំឆ្នាំ​២០១៧» ផ្នែក​កំណាព្យ និង​រឿង​ខ្លី គឺជា​រៀបចំ​ដោយ​សមាគម​អ្នកនិពន្ធ​ខ្មែរ​នៅ​បរទេស​ប្រទេស​បារាំង​។ ម្យ៉ាងទៀត សម្រាប់​ឆ្នាំ​២០១៧​នេះ ជា​ឆ្នាំ​ទី​៣ ដែល​សមាគម​អ្នកនិពន្ធ​ខ្មែរ រៀបចំ​ការប្រកួត​ពាន​រង្វាន់​អក្សរសិល្ប៍​សន្តិភាព​នេះ​។​

​ជាមួយគ្នានេះ លក្ខខណ្ឌ​នៃ​ការប្រកួតប្រជែង បេក្ខជន​ទាំងអស់ អាច​ជ្រើសរើស​ប្រធានបទ​ដោយ​សេរី​ប្រកបដោយ​ទស្សនវិជ្ជា​ជីវិត មាន​សោភ័ណ ឆ្លុះបញ្ចាំង​ពី​សន្តិភាព និង​ជា​ស្នាដៃ​ថ្មី​។ ម្យ៉ាងទៀត បេក្ខជន​ម្នាក់​អាចដាក់​ស្នាដៃ​ប្រកួតប្រជែង​បាន ២​ស្នាដៃ ហើយ​ស្នាដៃ​ត្រូវ​សរសេរ​ដោយ​កុំព្យូទ័រ មិន​លើសពី ១៥​ទំព័រ​។ បេក្ខជន ដែល​ដាក់ពាក្យ​ប្រកួតប្រជែង​ត្រូវ​បញ្ជាក់​ឈ្មោះ អាសយដ្ឋាន សារ​អេឡិចត្រូនិក និង​លេខ​ទូរ​សព្ទ​ឲ្យ​បានច្បាស់លាស់​។

​ជាការ​កត់សម្គាល់ គណៈកម្មការ​ចូលរួម​វាយតម្លៃ គឺជា​អ្នកស្រាវជ្រាវ កវី និង​អ្នកនិពន្ធ​ខ្មែរ នៅ​ប្រទេស​កម្ពុជា បារាំង អាល្លឺម៉ង់ កាណាដា ជប៉ុន និង​អាមេរិក​។ ដោយឡែក បេក្ខជន​ដែល​ទទួលបាន​ជ័យលាភី នឹង​ទទួលបាន​រង្វាន់​ជា​ថវិកា វិញ្ញាបនបត្រ និង​ការបោះពុម្ព​ស្នាដៃ ហើយ​រង្វាន់​នឹង​ប្រកាស​នៅ​ខែវិច្ឆិកា ឆ្នាំ​២០១៧ នា​រាជធានី​ភ្នំពេញ​។​

​គួរ​បញ្ជាក់ថា ការប្រកួតប្រជែង​នេះ នឹង​ចាប់ផ្ដើម​ទទួល​ស្នាដៃ​នៅ​ថ្ងៃទី ០១ ខែមករា រហូតដល់​ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ​២០១៧ ជា​កំហឹង​។ បេក្ខជន​ទាំងអស់ អាច​ផ្ញើ​ស្នាដៃ តាមរយៈ​សារ​អេឡិចត្រូនិក [email protected] និង​លេខ​ទូរ​សព្ទ ០១២ ៥៧៤ ៦៣៤៕


Tag:
 កំណាព្យ
  រឿង​ខ្លី
© រក្សាសិទ្ធិដោយ thmeythmey.com