អន្តរជាតិ
សមាជិក​បក្ស​សាធារណរដ្ឋ ដាក់​ស្នើច្បាប់​ដក​អាមេរិក​ចេញពី​អង្គការសហប្រជាជាតិ​
24, Jan 2017 , 8:39 pm        
រូបភាព
​សេចក្តីស្នើច្បាប់​មួយ​ស្នើឡើង​ដោយ​ក្រុម​សមាជិកសភា​បក្ស​សាធារណរដ្ឋ​ស្តីពី​ការដក​សហរដ្ឋអាមេរិក​ចេញពី​អង្គការសហប្រជាជាតិ​ត្រូវបាន​ដាក់​ឆ្លង​សភា​ហើយ​។ សេចក្តីព្រាងច្បាប់​នេះ បើសិនជា​វា​ត្រូវអនុម័ត​នឹង​បញ្ចប់​សមាជិកភាព​រប​ស់​អាមេរិក​ក្នុង​អង្គការសហប្រជាជាតិ និង​ផ្តាច់​រាល់​ទំនាក់ទំនង​ទាំងអស់​ដែលមាន​ដែលមាន​ទាំង​អម្បាលម៉ាន​ជាមួយ​អង្គការ​អន្តររដ្ឋាភិបាល​នេះ​។​



​សមាជិកសភា​បក្ស​សាធារណរដ្ឋ​នៅ​រដ្ឋ Alabama លោក Mike Rogers បានដាក់​សេចក្តីស្នើច្បាប់​មួយ​ទៅ​សភា​សំដៅ​ដល់​ការដក​អាមេរិក​ចេញពី​អង្គការសហប្រជាជាតិ​។ សេចក្តីស្នើច្បាប់​នេះ​មានឈ្មោះ​ជា​ផ្លូវការ​ថា «​ច្បាប់​ស្តីពី​ការស្តារ​អធិបតេយ្យ​អាមេរិក​ឡើងវិញ​ឆ្នាំ​២០១៧» ​។​

​បើតាម​សារព័ត៌មាន Business Insider សេចក្តីស្នើច្បាប់​នេះ​ទទួលបាន​ការជួយ​រៀបចំឡើង​ដោយ​បណ្តា​សមាជិកសភា​បក្ស​សាធារណរដ្ឋ​មួយក្រុម​មានដូចជា Walter Jones,  Andy Biggs, Jason Smith, Thomas Massie , John Duncan Jr និង Matt Gaetz​។​

​សមាជិក​ព្រឹស​ភា​អាមេរិក Andy Biggs បាន​លើកឡើងថា លោក​បាន​ចូលរួម​រៀបចំសេចក្តី​ស្នើច្បាប់​នេះ​ដោយសារតែ​លោក​ជឿជាក់ថា អធិបតេយ្យ​របស់​អាមេរិក​កំពុង​រង​ការគំរាមកំហែង​ខ្លាំង​ដោយសារ​បន្ត​នៅ​ជា​សមាជិក​នៃ​អង្គការ​នេះ​។​

«​យើង​ត្រូវ​ត្រឡប់​ទៅ​មើល​សមាជិកភាព​របស់​ប្រទេស​យើង​ក្នុង​អង្គការ​សហ​ប្រជា​ជា​ដើម្បី​ធានាថា ប្រយោជន៍​អាមេរិក​ត្រូវបាន​ការពារ និង​គិតគូរ​។ ខ្ញុំ​អរគុណ​ដល់​លោក Mike Rogers ដែល​បានស្នើ​ច្បាប់​នេះ​ឡើង​នៅពេលនេះ​»​។ នេះ​ជាការ​បកស្រាយ​របស់លោក Andy Biggs​។

​យោងតាម​សេចក្តីព្រាងច្បាប់​នេះ វា​មានចែង​ពី​ការ​ផ្តាច់ជំនួយ​អាមេរិក​សម្រាប់​ផ្គត់ផ្គង់​ប្រតិបត្តិ​ការថែរក្សា​សន្តិភាព​។ លុបចោល​ច្បាប់​សេចក្តី​ពី​ការចូលរួម​របស់​អាមេរិក​ក្នុង​អង្គការសហប្រជាជាតិ​ឆ្នាំ ១៩៤៥​។ អាមេរិក​ក៏​ទារ​ត្រឡប់មកវិញ​រាល់​ទ្រព្យសម្បត្តិ​របស់ខ្លួន និង​បញ្ឈប់​កិច្ចព្រមព្រៀង​ដាក់​ទីស្នាក់ការ​កណ្តាល​អង្គកា​រ​សហប្រជាជាតិ​នៅ​អាមេរិក​ផង​។ ក្រៅពីនេះ សេចក្តីព្រាងច្បាប់​ដដែល​កំណត់ថា អាមេរិក​នឹង​និរាករណ៍​ច្បាប់​ស្តីពី​ការចូលរួម​ក្នុ​កម្មវិធី​បរិស្ថាន​ឆ្នាំ ១៩៧៣, ដក​អភ័យឯកសិទ្ធិ​ការទូត​របស់​មន្ត្រី​អង្គការសហប្រជាជាតិ និង​ដកខ្លួន​ចេញពី​អង្គការ​សុខភាព​ពិភពលោក​។​

​ថ្វីបើ​ការអនុម័ត​ច្បាប់​នេះ​វា​ស្ថិតនៅ​លើផ្លូវ​វែងឆ្ងាយ​ក៏ដោយ ការប៉ុនប៉ង​របស់​ស​មា​ជិ​ក​សភា​អាមេរិក​ក្នុងការ​ទាញ​សហរដ្ឋអាមេរិក​ចេញពី​អង្គការសហប្រជាជាតិ ជា​សញ្ញា​អវិជ្ជមាន​មួយ​សម្រាប់​អនាគត​នៃ​អង្គការ​នេះ ក៏ដូចជា​បង្ហាញ​ពី​និន្នាការ​ប្រឆាំង​ការចូលរួម​ក្នុង​ស្ថាប័ន​ពហុភាគី របស់​អាមេរិក​ក្រោម​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ​។​

​កន្លងមក​លោក ដូ​ណា​ល់ ត្រាំ បានចាត់ទុក​អង្គការសហប្រជាជាតិ​ជា​កន្លែង​ប្រមូលផ្តុំ​គ្នា​រវាង​មេដឹកនាំ​ពិភពលោក ដោយ​ពួកគេ​គ្រាន់តែ​និយាយ​ពិភាក្សាគ្នា​ប៉ុណ្ណោះ​។ លោក​ធ្លាប់​សន្យាថា ក្រោម​អាណត្តិ​លោក ទំនាក់ទំនង​រវាង​អាមេរិក​និង​អង្គការសហប្រជាជាតិ​នឹង​ប្រែប្រួល​ផង​។

​យ៉ាងណាក៏ដោយ វា​អាច​ថា ការ​គំរាម​ចាក​ចេញពី​អង្គការសហប្រជាជាតិ​នេះ​ជាការ​សងសឹក​ឲ្យ​អ៊ីស្រាអែល ក្រោយ​ពេលដែល​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​អនុម័ត​ដំណោះស្រាយ​ប្រឆាំង​សកម្មភាព​សាងសង់​លំនៅដ្ឋាន​ប្រជាជន​អ៊ីស្រាអែល​លើទឹក​ដី​ប៉ា​ឡេ​ស្ទី​ន​ចុង​ឆ្នាំមុន​។ ក្រោយ​ការបោះឆោ្នត​អនុម័ត​ដំណោះស្រាយ សមាជិកសភា​បក្ស​សាធារណរដ្ឋ​ដែល​គាំទ្រ​អ៊ីស្រាអែល​គំរាម​ផ្តាច់ជំនួយ​អង្គការសហប្រជាជាតិ ខណៈ​លោក ត្រាំ បាន​សន្យា​កែទម្រង់​អង្គការសហប្រជាជាតិ​ថែម​ទៀតផង​៕



Tag:
 ដូ​ណា​ល់ ត្រាំ​
  UN
  Mike Rogers
© រក្សាសិទ្ធិដោយ thmeythmey.com