អន្តរជាតិ
ចូលកាន់​តំណែង​បាន​៥​ថ្ងៃ លោក ដូ​ណា​ល់ ត្រាំ ទើប​មាន​រដ្ឋមន្ត្រី​ពីរ​នាក់​ប៉ុណ្ណោះ
24, Jan 2017 , 9:19 pm        
រូបភាព
​គិត​ត្រឹម​ថ្ងៃទី​២៤ ខែមករា លោក ដូ​ណា​ល់ ត្រាំ ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​បាន​៥​ថ្ងៃ​ហើយ​។ ប៉ុន្តែ​សមាជិក​គណៈរដ្ឋមន្ត្រីរ​ប​ស់លោក នៅ​មិនទាន់​ទទួលបាន​ការយល់ព្រម​ពី​ព្រឹទ្ធសភា​ទាំងស្រុង​នៅឡើយ​ទេ គឺ​មានតែ​តំណែង​រដ្ឋមន្ត្រី​ការពារជាតិ និង​រដ្ឋមន្ត្រី​សន្តិសុខ​ផ្ទៃក្នុង ដែល​បាន​ព្រឹទ្ធសភា​បោះឆ្នោត​គាំទ្រ​រួចរាល់​។ គេ​មិន​គិតពី​មន្ត្រីជាន់ខ្ពស់​ផ្សេងទៀត​នៃ​រដ្ឋបាល​របស់​លោក ត្រាំ ដែល​ស្បថ​ចូលកាន់​តំណែង​រួចរាល់​ឡើយ​។



​មកទល់ពេលនេះ រដ្ឋមន្ត្រី​ពីររូប​របស់​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ ត្រូវបាន​ព្រឹទ្ធសភា​បោះឆ្នោត​ទទួលយក​រួចហើយ​។ រដ្ឋមន្ត្រី​ការពារជាតិ James Mattis ត្រូវបាន​ព្រឹទ្ធសភា​អាមេរិក​បោះឆ្នោត​គាំទ្រ​នៅតែ​ប៉ុន្មាន​ម៉ោង ក្រោយ​លោក ដូ​ណា​ល់ ត្រាំ ស្បថ​ចូលកាន់​តំណែង​ថ្ងៃទី​២០ ខែមករា​កន្លងទៅ​។ សមាជិក​ព្រឹទ្ធសភា​៩៨​រូប បោះឆ្នោត​យល់ព្រម​លើ​បេក្ខភាព​លោក Mattis និង​មាន​សំឡេង​ប្រឆាំង​តែមួយ​ប៉ុណ្ណោះ​។

​នៅ​ថ្ងៃទី​២០ ខែមករា​ដដែល ព្រឹទ្ធសភា​អាមេរិក ក៏បាន​បោះឆ្នោត​អនុម័ត​លើ​បេក្ខភាព​លោក John Kelly ជា​រដ្ឋមន្ត្រី​សន្តិសុខ​ផ្ទៃក្នុង​ដែរ​។ លោក John Kelly ទទួលបាន​ការ​គាំ​ាំ​ទ្រ​ដោយ​សំឡេង​៨៨ ទល់នឹង​១១​សំឡេង​ប្រឆាំង​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។ ក្រៅពីនេះ បេក្ខភាព​រដ្ឋមន្ត្រី​ផ្សេងទៀត ទើបបាន​ឆ្លង​ផុត​ការយល់ព្រម​ពី​សំណាក់​គណៈកម្មាធិការ​ជំនាញ​ព្រឹទ្ធសភា ឬក៏​កំពុងស្ថិត​ក្នុងដំណាក់កាល​វាយតម្លៃ​ប៉ុណ្ណោះ​។​

​ដោយឡែក តំណែង​សំខាន់​មួយចំនួនទៀត​នៃ​រដ្ឋបាល​ថ្មី ដូ​ណា​ល់ ត្រាំ ក៏​ត្រូវបាន​ព្រឹទ្ធសភា​យល់ព្រម​ជា​បណ្ដើរៗ​ហើយ​ដែរ​។ នៅ​ថ្ងៃទី​២៣ ខែមករា ព្រឹទ្ធសភា​អាមេរិក បាន​យល់ស្រប​លើ​បេក្ខភាព​លោក Mike Pompeo ជា​ប្រមុខ​ថ្មី​នៃ​ទីភ្នាក់ងារ​ចារកម្ម​កណ្ដាល (CIA) ដែរ​។ សមាជិក​ចំនួន​៦៦​នាក់ បាន​បោះឆ្នោត​គាំទ្រ និង​៣២​រូប​បោះឆ្នោត​ប្រឆាំង​។

​ចំណែកឯ លោក Jared Kushner ជា​កូនប្រសា​រលោក ត្រាំ ក៏បាន​ស្បថ​ចូលកាន់​តំណែង​ទីប្រឹក្សា​ជាន់ខ្ពស់​ឪពុកក្មេក​រួច​ដែរ ដោយ​មិនចាំបាច់​ឆ្លង​ការយល់ព្រម​ពី​សំណាក់​ព្រឹទ្ធសភា​ឡើយ​។ ស្របគ្នា​នឹង​លោក Jared Kushner មន្ត្រីជាន់ខ្ពស់​ផ្សេងទៀត​ដែល​ចូលកាន់​តំណែង​រួចហើយ​មាន ទីប្រឹក្សា​សន្តិសុខ​ជាតិ Michael Flynn, អ្នកនាំពាក្យ​ប្រធានាធិបតី Sean Spicer, ប្រធាន​បុគ្គលិក​សេត​វិមាន Reince Priebus និង​មនុស្ស​មួយចំនួនទៀត​។​

​ការដែល​ព្រឹទ្ធសភា​អាមេរិក ប្រើពេល​យូរ​ដើម្បី​បោះឆ្នោត​លើ​បេក្ខភាព​សមាជិក​សំខាន់ៗ​នៃ​រដ្ឋាភិបាល​លោក ត្រាំ ក៏​ព្រោះតែ​ស្ថាប័ន​នេះ ចង់​ត្រួតពិនិត្យ​ឲ្យ​បាន​ដិតដល់​ពី​លក្ខណៈសម្បត្តិ​នៃ​បេក្ខជន​នីមួយៗ​ឲ្យ​បាន​ច្បាស់​។ ម្យ៉ាងទៀត បេក្ខជន​ដែល​លោក ត្រាំ ផ្គូរ​ផ្គង​សម្រាប់​តំណែង​នានា ហាក់ដូចជា​មិនសូវមាន​បទពិសោធន៍​ច្រើន ឬក៏​ធ្លាប់​បំពេញការងារ​ក្នុង​ស្ថាប័នរដ្ឋ​អ្វី​ដែរ​៕


Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  James Mattis
  John Kelly
© រក្សាសិទ្ធិដោយ thmeythmey.com