អន្តរជាតិ
ថៃ​ទិញ​នាវាមុជទឹក​ពី​ចិន​ដើម្បី​ប្រជែង​ជាមួយ​ប្រទេសជិតខាង​
25, Jan 2017 , 10:23 am        
រូបភាព
​កងទ័ពជើងទឹក​ថៃ បានចាប់ផ្ដើម​ពង្រឹងសមត្ថភាព​របស់​ខ្លួន​ដោយបាន​ទទួល​លុយ​១៣,៥​ពាន់​លាន​បាត ដែល​ស្មើនឹង​ជាង​៣៨២​លាន​ដុល្លារ ដើម្បី​ទិញ​នាវាមុជទឹក​មួយគ្រឿង​ដែល​ផលិត​នៅ​ចិន​។ បើ​គម្រោងការ​នេះ​ដំណើរការ​ទៅមុខ​រលូន ទ័ពជើងទឹក​ថៃ នឹងមាន​នាវាមុជទឹក​ថ្មី​លើកដំបូង​ចាប់តាំងពី​ឆ្នាំ​១៩៥១ ។ នាវាមុជទឹក​ដែល​គ្រោង​ទិញ​នេះ អាច​នឹង​ចូល​បម្រើការ​ក្នុង​ជួរ​កងទ័ពជើងទឹក​ថៃ​នៅ​រយៈពេល​៦​ឆ្នាំ​ខាងមុខនេះ​។



​អ្នកនាំពាក្យ​កងទ័ពជើងទឹក​ភូមិន្ទ​ថៃ Jumpol Loompikanon បាន​និយាយថា កងទ័ព​ជើង​ទឹកបានទទួល​លុយ​គ្រប់គ្រាន់​ហើយ​ក្នុង​ការទិញ​នាវាមុជទឹក​ប្រភេទ Yuan Class S26T មួយគ្រឿង​ដែល​ផលិត​ដោយ​ចិន​។ ទឹកប្រាក់​១៣,៥​ពាន់​លាន​បាត​សម្រាប់​ទិញ​នាវាមុជទឹក​នេះ គឺជា​ផ្នែក​មួយ​នៃ​ថវិកា​ចំណាយ​ប្រចាំឆ្នាំ​២០១៧ ដែល​ត្រូវបាន​សភា​អនុម័ត​រួចរាល់​ហើយ​។

​យោងតាម​កាសែត​បាងកក​ប៉ុស្តិ៍ អ្នកនាំពាក្យ​ខាងលើ​បន្តថា ដំណើរ​ការទិញ​នាវាមុជទឹក Yuan Class S26T នឹងធ្វើ​ឡើង​ក្នុង​ឆ្នាំ​២០១៧ ។ នេះ គឺជា​នាវាមុជទឹក​មួយ​ក្នុងចំណោម​នាវាមុជទឹក​ទាំងបី​ដែល​កងទ័ពជើងទឹក​ថៃ ត្រៀម​ទិញ​ពី​ចិន​ក្នុងតម្លៃ​សរុប ៣៦​ពាន់​លាន​បាត​។ នាវាមុជទឹក S26T អាច​ផ្ទុក​បាន​ទម្ងន់​២៦០០​តោន បំពាក់​ដោយ​ប្រព័ន្ធ​រុញច្រាន​ខ្យល់ ដែល​អនុញ្ញាត​ឲ្យ​នាវាមុជទឹក​នេះ អាច​ស្ថិតក្នុង​ទឹកបាន​ដល់​ទៅ​៣​សប្ដាហ៍​។​

​ប្រភពព័ត៌មាន​ដដែល​បន្តថា នាវាមុជទឹក Yuan Class S26T នឹងមាន​តម្លៃ​ថ្លៃ​ជាង​នាវាមុជទឹក​ពីរ​ផ្សេងទៀត ដ្បិត​តម្លៃ​នៃ​ការទិញ​នាវាមុជទឹក​នេះ នឹង​រួមបញ្ចូល​ទាំង​ការ​តម្លៃ​នៃ​ការ​បំពាក់អាវុធ​ក្នុង​នាវា​, ការចំណាយ​លើ​ការហ្វឹកហាត់​ទាហាន​បម្រើការ និង​ការចំណាយ​លើ​ការថែទាំ​ផ្សេងទៀត​។ ហើយ​ការទិញ​នាវាមុជទឹក​នេះ ធ្វើឡើង​ក្រោមរូបភាព​កិច្ចព្រមព្រៀង​រវាង​រដ្ឋា​ភិ​បាល​ថៃ និង​ចិន ក្រោយ​គណៈរដ្ឋមន្ត្រី​ថៃ​អនុម័ត​កិច្ចសន្យា​រួចរាល់​។​

​តាមពិតទៅ ទ័ពជើងទឹក​ថៃ ក៏​ធ្លាប់មាន​នាវាមុជទឹក​ខ្នាតតូច​ចំនួន​៤​គ្រឿង​ដែរ​។ នាវាមុជទឹក​ដែល​ផលិត​នៅ​ជប៉ុន​ទាំងនេះ ត្រូវ​ឈប់​ដំណើរការ​ក្នុង​ឆ្នាំ​១៩៥១ ។ ចំណែក​នាវាមុជទឹក​ទាំ​ង​បី ដែល​គ្រោង​ទិញ​ពី​ចិន នឹង​ចូលមក​បម្រើការ​ក្នុង​ជួរ​កងទ័ពជើងទឹក​វិញ​ម្ដង​។ យ៉ាងណាមិញ គម្រោង​ទិញ​នាវាមុជទឹក​ថ្មី​ទាំងបី​គ្រឿង ក៏​រង​ការរិះគន់​មិនតិច​ដែរ​។

​ក្រុម​អ្នក​រិះគន់​ខ្លះ​និយាយថា ការ​ចំណាយលុយ​សន្ធឹក​សន្ធាប់​នេះ គឺជា​រឿង​ខ្ជះខ្ជាយ ហើយ​ខ្លះទៀត​សង្ស័យថា នាវាមុជទឹក​នេះ អាចធ្វើ​ដំណើរ​ក្នុង​ជម្រៅ​ទឹក​នៃ​ឈូង​សមុទ្រ​ថៃ​បាន​ឬ​យ៉ាងណាដែរ​។ ប៉ុន្តែ​ទ័ព​ជើង​ថៃ​ក៏​បញ្ជាក់​វិញ​ថា ការទិញ​នាវាមុជទឹក​នេះ ជា​រឿង​ចាំបាច់​ដើម្បី​ការពារ​ប្រទេស និង​ដើម្បី​ប្រជែង​ជាមួយ​ប្រទេសជិតខាង ដែល​សមត្ថភាព​ទ័ពជើងទឹក​កំពុង​កើនឡើង​ខ្លាំង​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​។

​មកទល់ពេលនេះ សមាជិក​អាស៊ាន​ជាច្រើន បាន​ខិតខំ​ពង្រឹងសមត្ថភាព​ជើង​ទឹក​របស់ខ្លួន​។ ក្នុងនោះ​ម៉ាឡេស៊ី មាន​នាវាមុជទឹក​២​គ្រឿង​, សិង្ហ​បុរី​មាន​៤​គ្រឿង និង​គ្រោង​ទិញ​២​គ្រឿង​បន្ថែមទៀត​។ ក្រៅពីនេះ វៀតណាម​មាន​៦​គ្រឿង ខណៈដែល​ឥណ្ឌូណេស៊ី កំពុង​រក​ទិញ​នាវាមុជទឹក​ផលិត​នៅ​អាល្លឺម៉ង់​២​គ្រឿង និង​ទិញ​ពី​ថ្មី​៣​គ្រឿង​ទៀត​ពី​កូរ៉េខាងត្បូង​៕


Tag:
 ថៃ​
  ចិន​
 ​ នាវាមុជទឹក
© រក្សាសិទ្ធិដោយ thmeythmey.com