អន្តរជាតិ
ការតែងតាំងអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំUN ជម្រះកង្វល់រឿងអាមេរិកចង់ចេញពី UN
× ព្រឹទ្ធសភាអាមេរិកទទួលយកលោកស្រី Nikki Haley អភិបាលរដ្ឋ South Carolina ជាអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំនៅអង្គការសហប្រជាជាតិ។ ការសម្រេចតែងតាំងបេសកជនពិសេសប្រចាំអង្គការសហប្រជាជាតិថ្មីនេះជួយបញ្ចប់ក្តីបារម្ភទាំងអម្បាលម៉ានពាក់ព័ន្ធការប្រែប្រួលទំនាក់ទំនងរវាងអាមេរិកនិងអង្គការអន្តររដ្ឋាភិបាលនេះ។
អភិបាលរដ្ឋ South Carolina លោកស្រី Nikki Haley ត្រូវបានព្រឹទ្ធសភាអាមេរិកតែងតាំងជាឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំអង្គការសហប្រជាជាតិនៅថ្ងៃអង្គារទី ២៤ មករាកន្លងទៅ។ ការតែងតាំងលោកស្រី Nikki Haley ជាផ្នែកមួយនៃការពង្រឹងនយោបាយការទូតថ្មីរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ក្នុងពេលខាងមុខ។
បើតាមទីភ្នាក់ងារព័ត៌មាន AFP បេក្ខភាពរបស់លោកស្រី Nikki Haley ត្រូវបានសមាជិកព្រឹទ្ធសភា ៩៦ បោះឆ្នោតគាំទ្រ ខណៈសមាជិក បួននាក់ផ្សេងទៀតបោះឆ្នោតជំទាស់។
បេសកជនពិសេសថ្មីរបស់អាមេរិកប្រចាំអង្គការសហប្រជាជាតិនេះ មានវ័យ ៤៥ ឆ្នាំ ហើយលោកស្រីត្រូវបានគេស្គាល់ថាជាកូនស្ត្រីរបស់ក្រុមគ្រួសារជនអន្តោប្រវេសន៍ឥណ្ឌា។ គេមើលឃើញថា លោកស្រី Nikki Haley ទទួលបានការគាំទ្រមិនត្រឹមតែពីក្រុមអ្នកសាធាធារណរដ្ឋទេ តែពីបណ្តាក្រុមអ្នកប្រជាជាធិបតេយ្យដូចគ្នា។
សមាជិកព្រឹទ្ធសភាបក្សប្រជាធិបតេយ្យលោក Ben Cardin ដែលលើដៃបោះឆ្នោតឲ្យបេក្ខជនឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំអង្គការសហប្រជាជាតិនេះ បានបញ្ជាក់ថា លោកគាំទ្រ Nikki Haley ដោយសារតែលោកស្រីមានសមត្ថភាពនិងមានជំហរការទូតរឹងមាំដែលបម្រើប្រយោជន៍ពិភពលោកនិងរក្សាតម្លៃអាមេរិក។
លោកបានរម្លឹកផងដែរថាក្នុងពិធីផ្តល់សក្ខីកម្មចំពោះមុខសភាលោកស្រី Nikki Haley បានប្តេជ្ញាចិត្តការពារអធិបតេយភាពរបស់អ៊ុយក្រែននិងបញ្ជាក់ច្បាស់ថា « Crimeaមិនមែនជារបស់រុស្ស៊ី»ឡើយ។
តាមពិតទៅ ការតែងតាំងឯកអគ្គរដ្ឋទូតអាមេរិកថ្មីនេះ បានជួយជម្រះអស់មន្ទិលសង្ស័យដែលមានកន្លងមកពាក់ព័ន្ធអនាគតនៃទំនាក់ទំនងរវាងអាមេរិកក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ ជាមួយអង្គការសហប្រជាជាតិ។ វាបានន័យថា រដ្ឋបាលថ្មីនេះនៅរក្សាទំនាក់ទំនងជាមួយស្ថាប័នពហុភាគីនេះដដែល ថ្វីបើប្រធានាធិបតីអាមេរិកធ្លាប់រិះគន់អង្គការនេះខ្លាំងក៏ដោយ។
កាលពីថ្មីៗនេះ គេព្រួយបារម្ភថា អាមេរិកអាចនឹងចាកចេញពីអង្គកាសហប្រជាជាតិ។ នេះក៏ដោយសារ សមាជិកសភាបក្សសាធារណរដ្ឋនៅរដ្ឋ Alabama លោក Mike Rogers បានដាក់សេចក្តីស្នើច្បាប់មួយទៅសភាសំដៅដល់ការដកអាមេរិកចេញពីអង្គការសហប្រជាជាតិ។ សេចក្តីស្នើច្បាប់នេះមានឈ្មោះជាផ្លូវការថា «ច្បាប់ស្តីពីការស្តារអធិបតេយ្យអាមេរិកឡើងវិញឆ្នាំ២០១៧» ។
យ៉ាងណាក៏ដោយចុះ ប្រធានាធិបតី ដូណាល់ ត្រាំ ធ្លាប់គំរាមកាត់បន្ថយជំនួយផ្តល់ឲ្យអង្គការសហប្រជាជាតិពាក់ព័ន្ធកម្មវិធីនានាដែលដោះស្រាយបញ្ហប្រែប្រួលអាកាសធាតុ និងប្រឆាំងដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងសំណុំរឿងសាងសង់លំនៅដ្ឋានលើទឹកដីប៉ាឡេស្ទីន។ លោក ត្រាំ ហ៊ានសន្យាកែទម្រង់អង្គការអន្តរជាតិនេះថែមទៀតផង៕
Tag:
Nikki Haley
ដូណាល់ ត្រាំ
UN
© រក្សាសិទ្ធិដោយ thmeythmey.com