អន្តរជាតិ
កិច្ចចរចា​ក្រុង Astana៖ ក្រុម​ឧទ្ទាម​បដិសេធ​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ស៊ី​រី​ដែល​រុស្ស៊ី​រៀបចំ​
26, Jan 2017 , 9:59 am        
រូបភាព
​ក្រោយ​ការជជែក​ពិភាក្សា​ដោយ​ប្រយោល​នៅ​ទីក្រុង Astana ប្រទេស​កា​ហ្សា​ក់​ស្ថាន អស់ពីរ​ថ្ងៃ តំណាង​រដ្ឋាភិបាល​ស៊ី​រី និង​ក្រុម​ឧទ្ទាម​ក៏​នៅ​មិនទាន់​អា​ចរក​ដំណោះស្រាយ​នយោបាយ​បានជា​ដុំកំភួន​ដើម្បី​បញ្ចប់សង្គ្រាម​ស៊ី​រី​ដែរ​។ ប៉ុន្តែ​ភាគី​សន្យា​ជួបគ្នា​ម្តងទៀត​នៅ​ហ្សឺ​ណែវ​នៅ​ខែក្រោយ ដើម្បី​ចរចា​គ្នា​ទៀត ដោយ​វា​ស្ថិតក្រោម​ការដឹកនាំ​រប​ស់​អង្គការសហប្រជាជាតិ​។

 

យ៉ាងណាមិញ រុស្ស៊ី​ដែលជា​សហ​ស្ថាបនិក​នៃ​វេទិកា​ចរចា Astana បានដាក់​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ស៊ី​រី​ថ្មី​លើ​តុ​ដោយ​បង្ខំ​ឲ្យ​ក្រុម​ឧទ្ទាម​ទទួលយក តែ​ក្រុម​នេះ​បដិសេធ​។ រុស្ស៊ី​ហាក់ដូចជា​អន្ទះសារ​ចង់​ឲ្យ​សង្គ្រាម​នេះ​ឆាប់​ចប់​ជាង​ប្រជាជន​ស៊ី​រី​ទៀត​។​

​វេទិកា​ចរចា​សន្តិភាព​ស៊ី​រី​ក្រុង Astana ប្រទេស​កា​ហ្សា​ក់​ស្ថាន បានបញ្ចប់​ទៅវិញ​នៅ​ថ្ងៃ​អង្គារ​ទី ២៤ មករា​ដោយ​មិនមាន​លទ្ធផល​ជា​ដុំកំភួន​ឡើយ​។ ប៉ុន្តែ​ភាគី​ជម្លោះ​នឹង​ជួប​ជជែក​ពិភាក្សាគ្នា​បន្ថែមទៀត​នៅ​ទីក្រុង​ហ្សឺ​ណែវ ក្រោម​ការរៀបចំ​និង​គាំទ្រ​ពី​សំណាក់​អង្គការសហប្រជាជាតិ​វិញ​ម្តង​។ ប៉ុន្តែ​ផ្លូវ​ឆ្ពោះទៅរក​សន្តិភាព ហាក់បីដូចជា​ឆ្ងាយ និង​រលាក់​ខ្លាំង​បន្តិច ព្រោះ​ការបន្ត​លូកដៃ​កាន់តែ​ជ្រៅ​របស់​ប្រទេស​ធំៗ​ក្នុង​តំបន់​។​

​កិច្ចពិភាក្សា​ដោយ​ប្រយោល​ដែល​ផ្តួចផ្តើម​ដោយ​ប្រទេស​បី រុស្ស៊ី​,​តួ​ក​គី និង អ៊ីរ៉ង់​នេះ មិនមាន​លទ្ធភាព​ជំរុញ​ឲ្យ​គូភាគី​សម្រេចបាន​ដំណោះស្រាយ​នយោបាយ​ឡើយ តែ​វា​មាន​គោលដៅ​សំខាន់​ជំរុញ​ឲ្យ​មានការ​អនុវត្ត​បទ​ឈប់​បាញ់​ឲ្យ​បាន​ពេញលេញ​ប៉ុណ្ណោះ​។ ពាក់ព័ន្ធ​ការចរចា​នេះ សារព័ត៌មាន Al Jazeera បាន​ចុះផ្សាយ​ថា ក្រុម​ឧទ្ទាម​ស៊ី​រី​មិន​ពេញចិត្ត​តួនាទី​អ៊ីរ៉ង់​ក្នុងការ​ស្វែងរក​សន្តិភាព​នៅ​ស៊ី​រី​ឡើយ​។

​យោងតាម​សេចក្តីថ្លែងការណ៍​រួម​ដែល​ត្រូវបាន​ដាក់ចេញ​ក្រោយ​កិច្ចពិភាក្សា ការចរចា​បន្ទាប់​នឹងត្រូវ​រៀបចំឡើង​នៅ​ថ្ងៃ ៨​កុម្ភៈ​នៅ​ទីក្រុង​ហ្សឺ​ណែវ ប៉ុន្តែ​របៀបវារៈ​នៃ​កិច្ចប្រជុំ​និង​ប្រធានបទ​នៃ​កិច្ចប្រជុំ​លម្អិត​បែបនេះ​នោះ​មិន​ត្រូវបាន​គេ​ដឹង​ឡើយ​។​

​ទីប្រឹក្សា​ច្បាប់​សម្រាប់​ក្រុមប្រឆាំង Free Syrian Army លោក Osama Abu Zaid បាន​បញ្ជាក់ថា សេចក្តីថ្លែងការណ៍​រួម​ដែល​ត្រូវបាន​ដាក់ចេញ​គ្មាន​ពាក់ព័ន្ធ​ក្រុមប្រឆាំង​ឡើយ​។ វា​ជាការ​បង្កើតឡើង​ដោយ​រុស្ស៊ី​,​អ៊ីរ៉ង់ និង​តួ​ក​គី​ប៉ុណ្ណោះ​។  ប៉ុន្តែ​អ្នកច្បាប់​រូបនេះ​ព្រលយ​ថា ការ​ឈានទៅ​ចូលរួម​ក្នុង​តុ​ចរចា​នៅ​ហ្សឺ​ណែវ វា​អាស្រ័យ​លើ​ការទាមទារ​របស់ខ្លួន​ត្រូវគេ​ទទួលយក​ឬ​អត់​។ ក្រុមប្រឆាំង​ដ៏​ធំ​មួយ​នេះ ទាមទារ​ឲ្យ​មាន​នីតិវិធី​ជាក់លាក់​មួយ​សម្រាប់​ឃ្លាំមើល​និង​អនុវត្ត​បទ​ឈប់​បាញ់​នៅ​ស៊ី​រី​។ អ្វីដែល​ក្រុម​ឧទ្ទាម​ចង់បាន​បំផុត​គឺ​ហាម​រាល់​ក្រុម​ប្រដាប់អាវុធ​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​ចូលរួម​ក្នុង​ប្រតិបត្តិការ​របស់​រដ្ឋាភិបាល​ស៊ី​រី និង​ការអនុវត្ត​បទ​ឈប់​បាញ់​បាន​ត្រឹមត្រូវ​របស់​ក្រុង​តេ​អ៊ីរ៉ង់​ដែរ​។​

-​រុស្ស៊ី​កំណត់​ជោគវាសនា​ស៊ី​រី​?

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP នៅក្នុង​តុ​ចរចា តំណាង​រដ្ឋាភិបាល​រុស្ស៊ី បាន​យក​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​មួយ​ដាក់​លើ​តុ និង​ស្នើ​ឲ្យ​ក្រុម​ឧទ្ទាម​យកទៅ​ពិភាក្សា​និង​សិក្សា​បន្ថែម​។ វា​ប្រៀបដូចជា រុស្ស៊ី​ហាក់​មាន​សិទ្ធិ​សម្រេច​លើ​ជោគវាសនា​ស៊ី​រី​ច្រើនជាង​ប្រជាជន​ស៊ី​រី​ខ្លួនឯង​។​

​បេសកជន​រុស្ស៊ី​សម្រាប់​ដោះស្រាយ​បញ្ហា​ស៊ី​រី លោក Alexander Lavrentiev បាន​បញ្ជាក់ថា​៖ «​យើង​បានផ្តល់​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ដែល​រៀបចំឡើង​ដោយ​អ្នកជំនាញ​រុស្ស៊ី​ទៅ​ឲ្យ​ក្រុមប្រឆាំង​រួចហើយ​។ យើង​ធ្វើបែបនេះ​ដើម្បី​ព​ន្លឿ​ន​ដំណើរ​ការរក​ដំណោះស្រាយ​ជម្លោះ​ស៊ី​រី​»​។

​ទោះជា​រុស្ស៊ី​រៀបចំសេចក្តី​ព្រាង​រដ្ឋធម្មនុញ្ញ​ស៊ី​រី​ក៏ដោយ ក្រុមប្រឆាំង​មិនបាន​យកចិត្តទុកដាក់  និង​បាន​បដិសេធ​ជជែក​ពិភាក្សា​លើ​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​នេះ​។​ទីភ្នាក់ងារ​ព័ត៌មាន AFP ផ្សាយ​ថា  តំណាង​ក្រុមប្រឆាំង​ដែល​បាន​ចូលរួម​ក្នុង​ការជជែក​ពិភាក្សា​នោះ​បដិសេធ​ជជែក​ពិភាក្សា​លើ​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​នេះ​ជាមួយ​ក្រុង​មូ​ស្គូ​។ ពួកគេ​មើលឃើញថា រដ្ឋធម្មនុញ្ញ​រៀបចំឡើង​ដោយ​មហាអំណាច​ខាងក្រៅ​សម្រាប់​ស៊ី​រី​ជា​រឿង​មិនអាច​ទទួលយក​បានឡើយ​៕


Tag:
 Astana
  ស៊ី​រី​
  ហ្សឺ​ណែវ
© រក្សាសិទ្ធិដោយ thmeythmey.com