កីឡាជាតិ
ជាតិ
ក្បាលម៉ាស៊ីន​ដឹកនាំ​ចំបាប់​អាណត្តិ​ថ្មី​គ្មាន​ការកែប្រែ​ក្រោយ​គ្មាន​ការ​ប្រជែង​
27, Jan 2017 , 4:43 pm        
រូបភាព
ដោយ:
​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​កាលពី​ថ្ងៃទី​២៧ ខែមករា នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា បានរៀបចំ​មហាសន្និបាត​បញ្ចប់​អាណត្តិ​ទី​៤ ដើម្បី​ជ្រើសរើស​ថ្នាក់ដឹកនាំ​បន្ត​ដឹកនាំ​អាណត្តិ​ទី​៥(២០១៧-២០២០)​។ ប៉ុន្តែ​ដោយសារ​គ្មាន​ការ​ប្រជែង​ក្នុង​តំណែង​ណាមួយ​នោះ អង្គ​មហាសន្និបាត​បានសម្រេច​មិន​បោះឆ្នោត​អ្វី​នោះទេ ពោលគឺ​រក្សា​ក្បាលម៉ាស៊ីន​ដឹកនាំ​អាណត្តិ​ចាស់​ឲ្យ​បន្ត​ដឹកនាំ​អាណត្តិ​ថ្មី​ដដែល​។​



​ក្រោយ​គ្មាន​បេក្ខភាព​ថ្មី​ប្រជែង​ចំពោះ​មុខតំណែង​ណាមួយ​ក្នុង​ការដឹកនាំ​កីឡា​ចំបាប់​កម្ពុជា បានធ្វើ​ឲ្យ​អង្គ​មហាសន្និបាត​បញ្ចប់​អាណត្តិ​ទី​៤​បន្ត​អាណត្តិ​ទី​៥​របស់​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​សម្រេច​មិន​រៀបចំ​បោះឆ្នោត​ជ្រើសតាំង​ថ្នាក់ដឹកនាំ​ថ្មី​។ នៅក្នុង​អង្គ​មហាសន្និបាត​ដែលមាន​ការចូលរួម​ពី​តំណាង​ក្លិប​-​សមាគម​ជា​សមាជិក​របស់​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​បាន​ឯកភាពគ្នា​តាមរយៈ​ការលើកដៃ បាន​បន្ត​រក្សា​ថ្នាក់ដឹកនាំ​ចាស់​ឲ្យ​បន្ត​ដឹកនាំ​អាណត្តិ​ថ្មី​។

​តាមរយៈ​ការរក្សា​ថ្នាក់ដឹកនាំ​ចាស់​ឲ្យ​បន្ត​ដឹកនាំ​អាណ​ត្ត​ថ្មី​នេះ គឺ​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC នៅ​បន្ត​ធ្វើជា​ប្រធាន រីឯ​លោក Casey Barnett បន្ត​ធ្វើជា​អនុប្រធាន​ទី​១ និង​លោក ទី សុ​វណ្ណា ជា​អនុប្រធាន​ទី​២​។ ចំណែក​លោក ធិ​ន វិចិត្រ បន្ត​ធ្វើជា​អគ្គលេខាធិការ រីឯ​កញ្ញា ចូ​វ សុធា​រ៉ា ជា​អគ្គ​ហេរញ្ញិក ខណៈ​លោក ហុក ឈាង​គីម និង​លោក  នឹង សាវុធ ជា​សមាជិក​។​

​ជាមួយគ្នានេះ លោក វ៉ា​ត់ ចំរើន ដែលជា​ប្រធាន​ដឹកនាំ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​បានចាត់ទុក​៤​ឆ្នាំ​នៃ​អាណត្តិ​ថ្មី​ដ៏​សំខាន់​នេះ​ថា ជា​ប្រវត្តិសាស្ត្រ​កែប្រែ​ថ្មី​ក្នុងការ​រៀបចំ​យុទ្ធសាស្ត្រ ដើម្បី​ពង្រឹង និង​ពង្រីក​សក្តានុពល​របស់​ចំបាប់​កម្ពុជា​នៅលើ​ឆាក​ជាតិ និង​អន្តរជាតិ​។ លើសពីនេះ វា​ជា​របត់​ថ្មី​ក្នុង​ពង្រឹងសមត្ថភាព​ដើម្បី​ត្រៀម​ការប្រកួត​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ឲ្យ​ស្របតាម​យុទ្ធសាស្ត្រ​ស្នូល​៤​ឆ្នាំ​របស់ NOCC ដែល​បាន​ដាក់ចេញ​។



​លោក​បាន​បញ្ជាក់ថា​៖«​ថ្ងៃនេះ​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​មួយ​របស់​ពួកយើង ដើម្បី​រៀបចំ​យុទ្ធនាការ​ថ្មី របៀប​ធ្វើ​ការងារ​ថ្មី​របស់​សហព័ន្ធ​ចំបាប់​ក្នុង​អាណត្តិ​ថ្មី​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។ អាណត្តិ​ថ្មី​នេះ ជា​ឆ្នាំ​ដ៏​សំខាន់​នៅក្នុង​យុទ្ធសាស្ត្រ​របស់ NOCC គឺ​យើង​ដាក់​យុទ្ធសាស្ត្រ​ស្នូល​សម្រាប់​៤​ឆ្នាំនេះ តែបើ​៤​ឆ្នាំនេះ​បរាជ័យ​មានន័យថា ស៊ី​ហ្គេម​ឆ្នាំ​២០២៣ នឹង​បរាជ័យ​ទាំងស្រុង ប៉ុន្តែ​បើ​៤​ឆ្នាំនេះ យើង​ធ្វើ​បានល្អ គឺ​ស៊ី​ហ្គេម​នៅ​ឆ្នាំ​២០២៣​នឹងមាន​សង្ឃឹម​ខ្ពស់​»​។​

​ចំណែក​លោក Casey Barnett នាយក​វិទ្យាស្ថាន​ខេ​ម​អេ​ដ និង​ជា​អនុប្រធាន​សហព័ន្ធ​បាន​កោតសរសើរ​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ ដែល​ធ្វើ​ឲ្យ​លោក​បាន​ចូលរួម​ជួយ​កីឡា​ចំបាប់​កម្ពុជា ជាពិសេស​លោក ធិ​ន វិចិត្រ ដែល​បាន​នាំ​ឲ្យ​លោក​បាន​ស្គាល់​ចំបាប់​។ ហើយ​លោក​បាន​ជំរុញ​ឲ្យ​អត្ត​ព​លិ​ក គ្រូបង្វឹក និង​មន្ត្រី​ដឹកនាំ​នៅតាម​ខេត្ត​ត្រូវខិតខំ​ប្រឹងប្រែង ដើម្បី​ជួយ​ឲ្យ​ចំបាប់​កម្ពុជា​កាន់តែ​មាន​ការរីកចម្រើន និង​ជោគជ័យ​ក្នុង​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។



​ទន្ទឹមនឹងនេះ ដើម្បី​ឲ្យ​ការងារ​ពង្រឹង​ត្រៀម​ការប្រកួត​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ឲ្យ​មាន​ប្រសិទ្ធភាព​កាន់តែ​ល្អប្រសើរ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ក្រសួង​អប់រំ យុវជន និង​កីឡា បានកំណត់​យក​៤​ឆ្នាំនេះ ជា​ឆ្នាំ​ដែល​តម្រូវ​ឲ្យ​សហព័ន្ធ​ទាំងអស់​ត្រូវមាន​ការកែ​ទម្រង់​ឲ្យ​បាន​ស៊ីជម្រៅ​នៅក្នុង​សហព័ន្ធ​នីមួយៗ​។ ទោះបី​ការកែទម្រង់​នេះ​មានការ​ប៉ះពាល់​ផលប្រយោជន៍​ឯកជន​មួយចំនួន​ក៏ដោយ​។

«​អ៊ីចឹង​សូម​យោគយល់​នឹង​ប្រឹងប្រែង​ធ្វើការ ក្រសួង​អប់រំ​បាន​ដុតដៃដុតជើង​ក្នុងការ​កែទម្រង់ ក្រសួង​អប់រំ ហើយនឹង​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​ម្ពុ​ជា​បាន​ជជែក​គ្នា​ជា​លក្ខណៈ​ផ្ទៃក្នុង ក្នុងការ​កែទម្រង់​។ ការ​ទម្រង់​ក្នុង​វិស័យ​កីឡា​របស់​យើង​គឺ​មិនមែន​ងាយស្រួល​នោះទេ ព្រោះ​ការកែទម្រង់​ខ្លះ​អាច​ប៉ះចំ​ផលប្រយោជន៍​គេ ប៉ះចំ​សាច់ញាតិ​គេ និង​ការកែទម្រង់​ខ្លះ​ប៉ះចំ​គ្រួសារ​គេ​»​។ នេះ​ជាការ​សង្កត់ធ្ងន់​របស់​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC៕



Tag:
 ចំបាប់​
  វ៉ា​ត់ ចំរើន​
  Casey Barnett
© រក្សាសិទ្ធិដោយ thmeythmey.com