ជាតិ
លោក ទី នរិន្ទ​លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ​ប្តឹង បើ​សង្ស័យ​លើ​អគ្គិសនី​ខុស​ប្រក្រតី​
30, Jan 2017 , 4:36 pm        
រូបភាព
លោក ទី នរិន្ទ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា។ រូបថតអាជ្ញាធរអគ្គិសនីកម្ពុជា
លោក ទី នរិន្ទ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា។ រូបថតអាជ្ញាធរអគ្គិសនីកម្ពុជា
ដោយ:
​ភ្នំពេញ​៖ លោក ទី នរិន្ទ ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា បានបញ្ជាក់​ជាថ្មី​ដល់​ពលរដ្ឋ​ដែល​មន្ទិលសង្ស័យ​លើ នាឡិកា​វាស់​អគ្គិសនី ឬ​កុង​ទ័​រ​ភ្លើង​ដើរ​លឿន ឬ​យឺត​ខុស​ប្រក្រតី​នោះ អាច​ប្តឹង​មក​អាជ្ញាធរ​អគ្គិសនី ដើម្បី​ត្រួតពិនិត្យ និង​ដោះស្រាយ​ដោយ​ឥតគិតថ្លៃ​។



​ថ្លែង​ក្នុង​ស​និ្ន​បាត​បូកសរុប​ការងារ​ឆ្នាំ ២០១៦ របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា លោក ទី នរិន្ទ បានលើកឡើង​ពី​ការដោះស្រាយ​បញ្ហា​នាឡិកា​ស្ទង់​អគ្គិសនី​ថា អាជ្ញាធរ​អគ្គិសនី​នឹង​ចុះ​ត្រួតពិនិត្យ​ប្រកបដោយ​តម្លាភាព និង​ឥតគិតថ្លៃ​សេវា នៅ​ទូទាំងប្រទេស ដើម្បី​បង្ហាញ​ពី​សុក្រឹតភាព​ក្នុងនាម​ជា​ស្ថាប័ន​អាជ្ញារ​កណ្តាល ។​

​ដំណោះស្រាយ​បញ្ហា ៣​ចំណុច រួមមាន ទីមួយ​គឺ អាជ្ញាធរ​នឹង​ពិនិត្យ​ឲ្យ​ប្រាកដថា តើ​អគ្គិសនី​បាន​រត់​ឆ្លងកាត់​នាឡិកា​ស្ទង់​ដែរឬទេ​? ទី​ពីរ​, តើ​ការ​វាស់ និង​ការកត់ត្រា​ចំនួន​អគ្គិសនី​ត្រឹមត្រូវ​ទេ​? និង ទី​បី​, តើ​ការគិត​ថវិកា​តាម​ចំនួន​ប្រើប្រាស់​អគ្គិសនី​ត្រឹមត្រូវ​ទេ​?



​លើសពីនេះ អាជ្ញាធរ​នឹង​ពិនិត្យ​ខ្សែ​គម្រប​នាឡិ​កថា តើ​មាន​អ្នក​ប៉ះពាល់​នាំ​ឲ្យ​របើក​ដាច់​នាឡិកា​ស្ទង់​អគ្គិសនី​ដែរ​ឬ​អត់​? លោក ទី នរិន្ទ បញ្ជាក់​បន្ថែមថា​៖ «​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បានអនុញ្ញាត​ឲ្យ​ពួកគេ​ទិញ​នាឡិកា​ស្ទង់​ដែល​គាត់​ទុកចិត្ត​ថា​ត្រឹមត្រូវ​នោះ​រួច​វាស់​ទន្ទឹមគ្នា​ជាមួយ​នាឡិកា​អ្នកផ្គត់ផ្គង់​ដែលមាន​ការទទួល​ត្រឹមត្រូវ​»​។

​បន្ថែម​លើសពីនេះ លោក​បានស្នើ​ពលរដ្ឋ​ដែលមាន​មន្ទិលសង្ស័យ​ឲ្យ​ប្តឹង​អាជ្ញាធរ​អគ្គិសនី តាមរយៈ​អាជ្ញាធរ​ឃុំ សង្កាត់ ឬ Facebook អាជ្ញាធរ​អគ្គិសនី​កម្ពុជា និង​សារ​អេឡិចត្រូនិក [email protected] ដោយ​បញ្ជាក់​អំពី​អត្តសញ្ញាណ និង​ទីតាំង​ប្រើ​អគ្គិសនី​ឲ្យ​ច្បាស់លាស់​។​

​បើតាម​លោក ទី នរិន្ទ ពលរដ្ឋ​រស់នៅ​តាម​គេហដ្ឋាន​ចំនួន ១,៩១០,០០០​ខ្នង​ផ្ទះ ស្មើនឹង​ប្រមាណ ៥៨​ភាគរយ ក្នុងចំណោម​ពលរដ្ឋ​ទូទាំងប្រទេស​កម្ពុជា បាន​ភ្ជាប់​អគ្គិសនី​ប្រើប្រាស់​រួចរាល់ គិត​ត្រឹម ឆ្នាំ ២០១៦​កន្លងទៅ​។ ហើយ​រដ្ឋាភិបាល​គ្រោង​ភ្ជាប់​អគ្គិសនី​ដល់​ពលរដ្ឋ​រស់នៅ​ទូទាំងប្រទេស​ឲ្យ​បាន​១០០​ភាគរយ​ក្នុង​ឆ្នាំ ២០២០ ៕


Tag:
 ទី នរិន្ទ​
  អាជ្ញាធរ​អគ្គិសនី​កម្ពុជា​
  អគ្គិសនី
© រក្សាសិទ្ធិដោយ thmeythmey.com