អន្តរជាតិ
ប៉ូលិស​និយាយថា​បុរស​ម្នាក់​នៅ​បន្ត​ជាប់ឃុំ​បន្ទាប់ពី​ការបាញ់ប្រហារ​នៅ​វិហារ​ឥស្លាម​ក្នុង​ទីក្រុង Quebec
31, Jan 2017 , 7:19 pm        
រូបភាព
ដោយ: VOA
​ប៉ូលិស​នៅក្នុង​ទីក្រុង Quebec នៃ​ប្រទេស​កាណាដា បាន​ឲ្យ​ដឹងថា បុរស​ម្នាក់​នៅ​កំពុង​ជាប់ឃុំ​ខ្លួន ក្រោយពី​មាន​ហេតុការណ៍​បាញ់ប្រហារ​ដ៏​ប្រល័យ​នៅឯ​វិហារ​ឥស្លាម​មួយ ហើយ​បុរស​ម្នាក់ទៀត​ដែល​ត្រូវបាន​ឃុំខ្លួន​ជា​ជនសង្ស័យ ឥឡូវនេះ​កំពុងតែ​ត្រូវបាន​គេ​ពិចារណា​ឲ្យ​ធ្វើជា​សាក្សី​។



​កាលពី​មុននេះ ក្រឡាបញ្ជី​តុលាការ​ម្នាក់​បានកំណត់​អត្តសញ្ញាណ​បុរស​ទាំង​២​នាក់​ថា​ម្នាក់​ឈ្មោះ Alexandre Bissonnette ហើយ​ម្នាក់ទៀត​ឈ្មោះ Mohamed el Khadir​។ ប៉ុន្តែ​នៅ​មិនទាន់មាន​ព័ត៌មាន​ច្បាស់ការ​នៅឡើយ​ទេ ថា​នរណាម្នាក់​ក្នុងចំណោម​ពួកគេ​ទាំង​២​នាក់​ជា​ជនសង្ស័យ​ពិតប្រាកដ​។​

​មនុស្ស​ចំនួន​៦​នាក់​ត្រូវបាន​សម្លាប់​ហើយ​មនុស្ស​៨​នាក់​បាន​រងរបួស​នៅក្នុង​ហេតុការណ៍​បាញ់ប្រហារ​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​។ លោកនាយក​រដ្ឋមន្ត្រី​កា​ដា​ណា Justin Trudeau បាន​ថ្កោលទោស​ហេតុការណ៍​នោះ​ថា​ជាការ​វាយប្រហារ​ភេរវកម្ម​ទៅលើ​អ្នក​កាន់សាសនា​ឥស្លាម​។ លោក Trudeau ដែល​បានធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង Quebec កាលពី​ថ្ងៃ​ចន្ទ បាន​ថ្លែង​នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា ប្រទេស​របស់លោក​ឲ្យ​តម្លៃ​ទៅលើ​ភាព​ចម្រុះ​ជាតិ​សាសន៍ និង​ការយោគយល់​ខាង​សាសនា​។​

​លោក​បាន​និយាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់​លោក​ថា​៖ «​ប្រជាពលរដ្ឋ​កាណាដា​កាន់សាសនា​ឥស្លាម​គឺជា​ផ្នែក​សំខាន់​មួយ​នៃ​ប្រទេសជាតិ​របស់​ហើយ ហើយ​សកម្មភាព​គ្មាន​ហេតុផល​ទាំងនេះ​មិនអាច​កើតឡើង​នៅក្នុង​សហគមន៍ ទីក្រុង និង​ប្រទេស​របស់​យើង​បានទេ​»​។

​ប្រធាន​មជ្ឈមណ្ឌល​វប្បធម៌​ឥស្លាម​ក្នុង​ទីក្រុង Quebec បាន​និយាយថា មនុស្សម្នា​បាន​ប្រមូលផ្តុំ​គ្នា​ដើម្បី​បន់ស្រន់​ពេល​ល្ងាច នៅពេលដែល​ហេតុការណ៍​បាញ់ប្រហារ​នោះបាន​កើតឡើង​។

​លោកស្រី Christine Coulombe អ្នកនាំពាក្យ​របស់​ប៉ូលិស​បាន​និយាយថា ជនរងគ្រោះ​ដែល​ស្លាប់មាន​អាយុ​ចាប់ពី​៣៥​ទៅ​៧០​ឆ្នាំ​៕​

សូមចុចទៅប្រភពដើម VOA ត្រង់នេះ


© រក្សាសិទ្ធិដោយ thmeythmey.com