កីឡាជាតិ
ជាតិ
បឹងកេត​អង្គរ​ប្រើ​សមាជិក​តែ​៩​អ្នក​អាច​ទប់​ស្មើ ១-១ ជាមួយ Lao Toyota
01, Feb 2017 , 9:59 am        
រូបភាព
ឃួន ឡាបូរ៉ាវី បាន​ស៊ុត​បាល់បញ្ចូលទី​បើក​ឆាក​ឲ្យ​បឹងកេត មុនពេល​ក្រុម​បាត់សមាជិកពីរនាក់។ រូបថត MYTV
ឃួន ឡាបូរ៉ាវី បាន​ស៊ុត​បាល់បញ្ចូលទី​បើក​ឆាក​ឲ្យ​បឹងកេត មុនពេល​ក្រុម​បាត់សមាជិកពីរនាក់។ រូបថត MYTV
ដោយ:
ទោះបី​បាត់បង់​សមាជិក​២​រូប​ក្នុង​តង់​ទី​១​ក៏ដោយ ប៉ុ​នែ្ត​ក្រុម​បឹងកេត​អង្គរ​នៅតែ​អាច​រក្សា​លទ្ធផល​ស្មើ ១-១ ជាមួយ​ក្រុម Lao Toyota នា​ការប្រកួត​វគ្គ​ជម្រុះ​ជើង​ទី​១​ពានរង្វាន់ AFC Cup 2017 ដែល​ធ្វើឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​យប់​ថ្ងៃទី​៣១ ខែមករា​។ ក្រុម​ទាំងពីរ​នឹង​ជួប​ប្រកួត​គ្នា​ម្តងទៀត​នា​ថ្ងៃទី​៧ ខែកុម្ភៈ នៅលើ​ទឹកដី​ឡាវ​។

 


​ខ្សែប្រយុទ្ធ ឃួន ឡា​បូ​រ៉ាវី បា​នរក​គ្រាប់​បាល់​នាំមុខ ១-០ លើ​ក្រុម Lao Toyota ជូន​ក្រុម​បឹងកេត​អង្គរ​នៅ​នាទី​១៧ ប៉ុន្តែ​កីឡាករ Sayoulasouk Vongdalasane បា​នរក​គ្រាប់​តាម​ស្មើ ១-១ ជូន​ក្រុម Lao Toyota នៅ​នាទី​២៣​។ កីឡាករ ខៀវ វិបុល ត្រូវបាន​ប្តូរ​ចេញ​ភ្លាមៗ​ជំនួស​ដោយ​អ្នកចាំទី គឹម មករា ក្រោយ​អ្នកចាំទី​ដៃ​ទី​១​របស់​បឹងកេត​អង្គរ ស៊ូ យ៉ា​ទី ត្រូវបាន​អាជ្ញាកណ្តាល​ពិន័យ​កាត​ក្រហម​ក្រោយ​ធ្វើ​ឲ្យ​កីឡាករ Kazuo Homma ដួល​នៅ​នាទី​២៩​។

​បន្ទាប់មក​បឹងកេត​អង្គរ​បាន​បាត់បង់​សមាជិក​ជា​លើក​ទី​២​នៅ​នាទី​៤២ ក្រោយ​ខ្សែការពារ ស៊ុន សុវណ្ណ​រិទ្ធី ទទួលបាន​កាត​លឿង​ពីរដង​បន្ទាប់ពី​ធ្វើ​ឲ្យ Kazuo Homma ដួល​ពីរដង​នៅ​នាទី​៣៥ និង​៤២​។ ក្នុងន័យនេះ​មានន័យថា កីឡាករ Kazuo Homma រូបនេះ​បានធ្វើ​ឲ្យ​អាជ្ញាកណ្តាល​ចាយ​កាត​ក្រហម​អស់ពី​រលើ​កីឡាករ​បឹងកេត​។

​ចូលដល់​វគ្គ​ទី​២​ក្រុម Lao Toyota ដែលមាន​សមាជិករ​ហូ​តដល់​១១​នាក់​បាន​បង្កើន​ការ​វាយ​សម្រុក​យ៉ាងខ្លាំង​មកលើ​ក្រុម​បឹងកេត​អង្គរ​ដែលមាន​សមាជិក​តែ​៩​នាក់​។ ហើយ​ក្រុម​នេះ​បាន​បង្កើត​ឱកាស​យ៉ាងច្រើន​ក្នុង​តំបន់​គ្រោះថ្នាក់​របស់​បឹងកេត​អង្គរ តែ​ត្រូវបាន​ជួយសង្គ្រោះ​ដោយ​ខ្សែការពារ និង​អ្នកចាំទី​របស់​បឹងកេត​។

​កីឡាករ ចាន់ វឌ្ឍនាកា ត្រូវបាន​ដូរ​ចូល​ជំនួស​កីឡាករ Maycon Silva នៅ​នាទី​៦៥​។ ប៉ុន្តែ​សម្រាប់​ការបង្ហាញ​ខ្លួន​ជា​លើកចុងក្រោយ​ក្នុង​ក្រុម​បឹងកេត​អង្គរ វឌ្ឍនាកា ហាក់ដូចជា​គ្មាន​ឱកាស​ក្នុងការ​ទម្លុះ​សំណាញ់​ទី​ក្រុម Lao Toyota នោះឡើយ​។ ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម​របស់​បឹងកេត​អង្គរ​រូបនេះ នឹងចូលរួម​ជាមួយ​ក្លិប Fujieda MYFC នៃ​ក្របខណ្ឌ J3 League ជប៉ុន ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង​១​រដូវ​កាល​។

​ទោះបី​បឹងកេត​អង្គរ​បាន​បាត់បង់​សមាជិក​ពីរ​នាក់​តាំងពី​វគ្គ​ទី​១​ក៏ដោយ ប៉ុន្តែ​ក្រុម​នេះ​បានបង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ជាមួយ​សមាជិក​៩​នាក់​ក្នុងការ​ទប់​ស្មើ ១-១ ជាមួយ​ក្រុម Lao Toyota រហូត​ចប់​វគ្គ​ទី​២​។ ការប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​១​នៃ​ពានរង្វាន់ AFC Cup 2017 ធ្វើឡើង​កាលពី​ថ្ងៃទី​៣១ ខែមករា នៅ​ពហុ​កីឡដ្ឋាន​ជាតិ ហើយ​ក្រុម​ទាំងពីរ​នឹង​ជួបគ្នា​ម្តងទៀត​នា​ថ្ងៃទី​៧ ខែកុម្ភៈ នៅ​ទឹកដី​ក្រុម Lao Toyota នា​ប្រទេស​ឡាវ​៕


Tag:
 Lao Toyota
  បឹងកេត​អង្គរ​
  AFC Cup 2017
© រក្សាសិទ្ធិដោយ thmeythmey.com