ពីនេះ ពីនោះ
ព័ត៍មានសុខភាព
បរិយាកាស​ពោរពេញ​ទៅដោយ​ផ្សែង​ពុល អាច​ប៉ះពាល់​ដល់​ភ្នែក​យ៉ាងណាខ្លះ​? ចង់ដឹង​គួរ​មើល​សិន​!!
02, Feb 2017 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ពិភពលោក​បាន​បង្កើត​ម៉ាស​សម្រាប់​ពាក់​ដើម្បី​ការពារ​ការ​បឺត​ស្រូប​ខ្យល់អាកាស​ដែលមាន​ផ្សែង​បំពុល ប៉ុន្តែ​ការប្រើ​តែ​ម៉ាស​មួយ​មុខ មិនអាច​គ្រប់គ្រាន់​ក្នុងការ​ការពារ​ដល់​ភ្នែក​បាន​នោះទេ​។ ដូច្នេះ​វា​នឹង​អាច​ប្រឈម​នឹង​បញ្ហា​លើ​សុខភាព​ភ្នែក​កាន់តែច្រើន​បើសិនជា​ការរស់នៅ​រប​ស់​អ្នក​ប្រឈម​ខ្លាំង​នឹង​បរិយាកាស​ពោរពេញ​ទៅដោយ​ផ្សេង​ពុល​ច្រើន​។ អញ្ចឹង​តើ​វា​ប៉ះពាល់​ដល់​ភ្នែក​របស់​យើង​ដូចម្តេច​ខ្លះទៅ​?



​ស្ងួត​ភ្នែក​
​រឿងនេះ​មិន​ខុសគ្នា​នឹង​ការ​សម្លឹងមើល​កញ្ចក់​កុំព្យូទ័រ​រាប់​ម៉ោង​ឡើយ ដែល​វា​នឹង​អាចធ្វើ​ឲ្យ​ភ្នែក​ងាយ​ស្ងួត​ខ្លាំងណាស់​។ ក្រៅពីនេះ​ខ្យល់​អាការ​ពោរពេញ​ទៅដោយ​ជាតិពុល​ក៏​អាច​បណ្តាល​ឲ្យ​មាន​ជំងឺ​ស្ងួត​ភ្នែក​រហូត​ប៉ះពាល់​ដល់​កញ្ចក់ភ្នែក​ថែមទៀត​។ ការ​រលាក​កញ្ចក់ភ្នែក​នឹង​បណ្តាល​ឲ្យ​រមាស់ និង​ក្រហាយៗ​ក្នុង​ភ្នែក​បាន​។​

​ក្រហម​ភ្នែក​
​រឿងនេះ​ច្រើនតែ​បណ្តាលមកពី​ការបង្ក​រោគ​ដោយ​ពពួក​វីរុស ឬ​បាក់តេរី តែ​វា​ក៏​អាច​បណ្តាលមកពី​ធូលី​ដី និង​ខ្យល់​បំពុលបរិយាកាស​ចូល​ភ្នែក​ដែរ​។ អាកា​រៈ​ជំងឺ​នេះ​អាច​សម្គាល់​ដឹង​តាមរយៈ​ឃើញ​ក្រហមៗ​នៅ​ភ្នែក​ដែល​ធ្លាប់​តែមាន​ពណ៌​ស និង​ការ​ហើម​ត្របកភ្នែក​ជាដើម​។​

​ប្រតិកម្ម​អា​ឡែ​ហ្ស៊ី​
​បរិយាកាស​ពោរពេញ​ទៅដោយ​ជាតិពុល​ក៏​អាច​បណ្តាល​ឲ្យ​មានប្រតិកម្ម​អា​ឡែ​ហ្ស៊ី​បានដែរ ជាពិសេស​អ្នក​ដែលមាន​បញ្ហា​ងាយ​រលាក​ក្នុង​ភ្នែក​តែម្តង​។ វា​ក៏​អាច​បណ្តាល​ឲ្យ​មាន​អាកា​រៈ​ក្រហម រមាស់ ហូរ​ទឹកភ្នែក និង​ក្រហាយៗ​ក្នុង​ភ្នែក ដែល​ត្រូវ​ការជួប​ពេទ្យ​ជាបន្ទាន់​។​

​ខ្លាច​ពន្លឺ​
​កាលណា​សារធាតុបំពុល​ក្នុង​បរិយាកាស​ប៉ះពាល់​ដល់​ភ្នែក ដោយ​រួមទាំង​កញ្ចក់ភ្នែក​ផង​នោះ វា​នឹង​ងាយ​ធ្វើ​ឲ្យ​ងាយ​ឈឺភ្នែក​ណាស់​នៅពេល​ចាំង​ពន្លឺ​ខ្លាំង​។ ករណីខ្លះ អាច​រហូតដល់​ព្រឹល​ភ្នែក​ក៏មានដែរ​។​

​ការបង្ក​រោគ​នៅ​ភ្នែក​

​សារធាតុ​គីមី​ពុល​ដែលមាន​ក្នុង​ផ្សេង​រថយន្ត មិន​ត្រឹមតែ​បណ្តាល​ឲ្យ​ភ្នែក​រលាក និង​ខូច​ភ្នែក​ទេ តែ​ក៏​អាចធ្វើ​ឲ្យ​ប្រឈម​ខ្លាំង​នឹង​ការបង្ក​រោគ​ដែរ​។ ដូច្នេះ យក​ល្អ​គួរតែ​ពាក់​វ៉ែនតា​ការពារ​ភ្នែក​ផង​នៅពេល​ចេញទៅ​ខាងក្រៅ​ផ្ទះ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com