កីឡាជាតិ
ជាតិ
ទ័ព និង​ព្រះខ័ន​រាជ​ស្វាយរៀង​ប្រជែង​ជាមួយ​សិង្ហ​បុរី និង​ម៉ាឡេស៊ី​ក្នុង ACC រសៀល​នេះ​
01, Feb 2017 , 1:56 pm        
រូបភាព
ដោយ:
​ក្រុម​ដែល​ប្រកប​អាជីព​ក្នុង​ក្របខណ្ឌ​លី​ក​កំពូល​កម្ពុជា​រួមមាន​ក្រសួងការពារជាតិ​(​ទ័ព​) និង​ព្រះខ័ន​រាជ​ស្វាយរៀង ត្រូវ​ប្រជែង​ជាមួយ​ក្រុម Warriors FC របស់​សិង្ហ​បុរី និង​ក្រុម Petaling Jayarangers FC របស់​ម៉ាឡេស៊ី​ក្នុង​ពានរង្វាន់ Asia Club Pre-Season Championship (ACC) នា​រសៀល​ថ្ងៃទី​១ ខែកុម្ភៈ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។



​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់ Asia Club Pre-Season Championship (ACC) ដែលជា​ពានរង្វាន់​ទើបតែ​បង្កើត​ថ្មី​រវាង​ក្រុម​ក្រសួងការពារជាតិ និង​ក្រុម Warriors FC របស់​សិង្ហ​បុរី នឹង​បើក​រដូវ​កាល​របស់ខ្លួន​នា​រសៀល​ថ្ងៃទី​១ ខែកុម្ភៈ នេះ​។ ក្រោយ​ក្រុម​ទាំង​ពីរបាន​អនុស្សារណ​យោគយល់​គ្នា​(MOU)​កាលពី​ថ្ងៃទី​៣០ ខែមករា ដោយ​ពានរង្វាន់​នេះ​មាន​សុពលភាព​រហូតដល់​ឆ្នាំ​២០២០​។

​សម្រាប់​ការប្រកួត​បើកឆាក​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ថ្ងៃនេះ​មាន​ចំនួន​២​គូ​ក្នុងនោះ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​លេខ​៣​នៃ​ក្របខ័ណ្ឌ Malaysian FAM League 2016 របស់​ម៉ាឡេស៊ី Petaling Jayarangers FC នា​វេលា​ម៉ោង​៣​រសៀល​។ ចំណែក​ក្រុម​ក្រសួងការពារជាតិ​(​ទ័ព​) ត្រូវ​តទល់​ជាមួយ​ក្រុម​លេខ​៧​នៃ​ក្របខ័ណ្ឌ​លី​ក​របស់​សិង្ហ​បុរី Warriors FC នា​វេលា​ម៉ោង​៧​យប់​។​

​ក្រុម​ទាំង​៤​ត្រូវធ្វើ​ការប្រកួតប្រជែង​គ្នា​រយៈពេល​៥​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៥ ខែកុម្ភៈ​។ ការប្រកួត​នេះ​ធ្វើឡើង​តាម​រូបមន្ត​ប្រកួត​វិលជុំ​ដោយ​ក្រុម​ទាំង​៤​ត្រូវ​ជួបគ្នា​ម្នាក់​មួយ​ប្រកួតៗ ដើម្បី​ចម្រាញ់​ជ្រើសរើស​ក្រុម​ដែលមាន​ពិន្ទុ​ខ្ពស់​ជាងគេ​ចំនួន​ពីរ​ក្រុម​ឡើងទៅ​ប្រកួត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នា​ថ្ងៃទី​៥ ខែកុម្ភៈ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ 



​ពានរង្វាន់ Asia Club Pre-Season Championship ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង ដើម្បី​ផ្តល់ឱកាស​ឲ្យ​ក្រុមបាល់ទាត់​ក្នុង​តំបន់​អាស៊ាន​ធ្វើការ​ប្រកួតប្រជែង​គ្នា ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍ និង​បច្ចេកទេស ក្នុងការ​អភិវឌ្ឍន៍​កីឡាបាល់ទាត់​ក្នុងប្រទេស​នីមួយៗ​ឲ្យ​កាន់តែ​រីកចម្រើន​។ ម្យ៉ាងទៀត ដើម្បី​រឹតចំណង​មិត្តភាពរ​វា​ង​ក្រុមបាល់ទាត់​របស់​កម្ពុជា​ឲ្យ​កាន់​តែមាន​ភាពជិតស្និទ្ធ​ជាមួយ​ក្រុមបាល់ទាត់​រប​ស់ប​ណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​។

​ជាមួយគ្នានេះ ទាំង​លោក ទេព ឡុង​រចនា គ្រូ​បង្គោល​ក្រុម​ទ័ព និង​លោក ខេន សុខុម គ្រូ​ជំនួយ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​សុទ្ធតែ​បាន​សម្តែង​ការអបអរ​ចំពោះ​ការបង្កើត​ឲ្យ​មាន​ពានរង្វាន់​នេះ និង​បាន​ចាត់ទុកជា​ពានរង្វាន់​មួយ​ដ៏​សំខាន់​ក្នុងការ​អភិវឌ្ឍន៍​វិស័យ​បាល់ទាត់​កម្ពុជា ក៏ដូចជា​ក្នុង​តំបន់​អាស៊ាន​ឲ្យ​កាន់​តែមាន​ភាពប្រសើរឡើង​។​

«​ព្រឹត្តិការណ៍​នេះ​សំខាន់​ខ្លាំងណាស់ ព្រោះ​យើង​អាច​រឹតចំណង​សាមគ្គីភាព​ជាមួយ​ក្លិប​នៅ​តំបន់​អាស៊ាន និង​អាច​ផ្សារភ្ជាប់​វប្បធម៌​របស់​យើង​ជាមួយ​វប្បធម៌​ប្រទេសជិតខាង​។ ជាពិសេស យើង​អាច​ផ្លាស់ប្តូរ​បទពិសោធន៍ និង​បច្ចេកទេស ដើម្បី​ពង្រឹងគុណភាព​លេង​ក្នុង​ក្រុម​នីមួយៗ និង​វិស័យ​បាល់ទាត់​ក្នុង​តំបន់​អាស៊ាន​»​។ នេះ​ជាការ​បញ្ជាក់​របស់ លោក ទេព ឡុង​រចនា​។

​ទន្ទឹមនឹងនេះ​លោក ខេន សុខុម គ្រូ​ជំនួយ​របស់​ព្រះខ័ន​រាជ​ស្វាយរៀង​បាន​និយាយថា​៖«​ខ្ញុំ​សូម​អបអរ​ដែល​ក្រុម​ទ័ព​បាន​សហការ​ជាមួយ​ក្រុម​សិង្ហ​បុរី​រៀបចំ​ឲ្យ​មានការ​ប្រកួត​នេះ​ឡើង ព្រោះនេះ​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់ ហើយ​ខ្ញុំ​សប្បាយចិត្ត​ក្នុងការ​ចូលរួម ព្រោះ​វា​ជាការ​ប្រកួតប្រជែង​ដកស្រង់​បទពិសោធន៍ ដើម្បី​អភិវឌ្ឍន៍​ការលេង​របស់​ក្រុម​យើង​ឲ្យ​កាន់​តែមាន​ភាពប្រសើរឡើង​»៕


Tag:
 បាល់ទាត់​
  ទ័ព​
  ព្រះខ័ន​រាជ​ស្វាយរៀង​
  ACC
© រក្សាសិទ្ធិដោយ thmeythmey.com