អន្តរជាតិ
លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា ​បោសសម្អាត​ការទិញ​តំណែង​ក្នុង​ជួរ​ប៉ូលិស​
01, Feb 2017 , 8:39 pm        
រូបភាព
​នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា នឹង​ប្រើ​អំណាច​ពិសេស​ដែល​ផ្ដល់​ដោយ​មាត្រា​៤៤ នៃ​រដ្ឋធម្មនុញ្ញ​បណ្ដោះអាសន្ន ដើម្បី​បោសសម្អាត​ការប្រើ​លុយ​ដើម្បី​ទិញ​តំណែង​ក្នុង​ស្ថាប័ន​ប៉ូលិស ពេល​មានការ​រុះរើ​តំណែង​ម្ដងៗ​។ លោក ប្រា​យុទ្ធ សារភាពថា មាន​ករណី​ទិញ​តំណែង​ច្រើន​ក្នុង​ជួរ​មន្ត្រីប៉ូលិស ហើយ​រដ្ឋាភិបាល​លោក នឹង​កម្ចាត់​អំពើពុករលួយ​នេះ តាមរយៈ​ការរៀបចំ​ឡើងវិញ​ដំណើរការ​ដោះដូរ​តំណែង​របស់​អង្គភាព​ប៉ូលិស​។​



​មេដឹកនាំ​របប​សឹក​ថៃ ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​ងាក​មក​ផ្ដោត​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​ក្នុង​ស្ថាប័ន​ប៉ូលិស ដែលមាន​ករណី​ទិញ​លក់​តំណែង​យ៉ាងច្រើន​ក្នុង​ស្ថាប័ន​នេះ​។ លោក ប្រា​យុទ្ធ និយាយថា ការតែងតាំង ឬ​ដោះដូរ​តំណែង​សព្វថ្ងៃនេះ ដែល​ស្ថិតក្រោម​ការសម្រេច​ដោយ​គណៈកម្មការ​ប៉ូលិស​មាន​ឧបនាយករដ្ឋមន្ត្រី Prawit Wongsuwon ជា​ប្រធាន មិន​ដំណើរការ​ឡើយ​។ ដូចនេះ រដ្ឋាភិបាល ត្រូវតែ​កែប្រែ​ដំណើរការ​នេះ​។​

​បើតាម​កាសែត​បាងកក​ប៉ុស្តិ៍ លោក ប្រា​យុទ្ធ បានលើកឡើង​គោលការណ៍​ក្នុងការ​តែងតាំង​មន្ត្រីប៉ូលិស ដោយ​លោក​និយាយថា មន្ត្រី​ផ្ដល់​ប្រឹក្សា​នៅ​គ្រប់​កម្រិត​ទាំងអស់ នឹង​ផ្ដល់​មតិ​លើ​ការតែងតាំង​ណាមួយ មុន​មេ​ប៉ូលិស​ជាតិ​សម្រេចចិត្ត​ចុងក្រោយ​។ ប៉ុន្តែ​លោក​បញ្ជាក់ដែរថា ដំណើរការ​បែបនេះ បាន​ផ្លាស់ប្ដូរ ដោយពេល​នេះ​ឧបនាយករដ្ឋមន្ត្រី Prawit Wongsuwon ដែលជា​ប្រធាន​គណៈកម្មការ​ប៉ូលិស ជា​អ្នកសម្រេចចិត្ត​ចុងក្រោយ​ទៅវិញ​។​

​ថ្លែង​បន្ទាប់ពី​កិច្ចប្រជុំ​រួមគ្នា​រវាង​គណៈរដ្ឋមន្ត្រី និង​ក្រុម​ប្រឹក្សាជាតិ​ដើម្បី​សន្តិភាព និង​សណ្ដាប់ធ្នាប់ នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ និយាយថា លោក Prawit ដែលជា​រដ្ឋមន្ត្រី​ការពារជាតិ​ដែរនោះ ត្រូវ​ពិចារណា​លើ​ការតែងតាំង​ច្រើនជាង​៣០០ ហើយ​នេះ​គឺជា​រឿង​ធុញទ្រាន់​ណាស់​។ លោក​បន្តថា គួរតែមាន​ដំណើរការ ពិនិត្យ​លើ​បេក្ខភាព​នីមួយៗ​នៅ​គ្រប់​ថ្នាក់​ទាំងអស់​សិន មុន​បញ្ជូនមក​ថ្នាក់លើ​សម្រេច​។

​មេដឹកនាំ​រដ្ឋប្រហារ​ឆ្នាំ​២០១៤ រូបនេះ ចង់​ស្ដារ​ទំនុកចិត្ត​លើ​ស្ថាប័ន​ប៉ូលិស​ឡើងវិញ ដោយ​លោក​នឹង​រៀបចំ​ដំណើរការ​តែងតាំង និង​ផ្ទេរតំណែង​មន្ត្រីប៉ូលិស ដែល​កន្លងមក រង​ការចោទប្រកាន់​ពី​សាធារណជន​លើ​ការ​កង្វះ​តម្លាភាព និង​ភាពមិនប្រក្រតី​ទាក់ទង​ការទិញ​តំណែង​ជាដើម​។ ពាក់ព័ន្ធ​បញ្ហា​នេះ អ្នកនាំពាក្យ​រដ្ឋាភិបាល​និយាយថា លោក ប្រា​យុទ្ធ បាន​ណែនាំ​ឧបនាយករដ្ឋមន្ត្រី Wissanu Krea-ngam ឲ្យ​ព្រាង​បទបញ្ជា​មួយ​ក្រោម​មាត្រា​៤៤ ដើម្បី​កែប្រែ​ដំណើរការ​តែងតាំង​នេះ​។​

​នៅក្រោម​បញ្ជា​ថ្មី មន្ត្រី​ផ្ដល់​ប្រឹក្សា​នៅ​គ្រប់​កម្រិត នឹងត្រូវ​បានអនុញ្ញាត​ឲ្យ​តែងតាំង និង​ផ្ទេរតំណែង​មន្ត្រី​នៅក្រោម​ចំណុះ​អង្គភាព​ខ្លួន។ ស្នងការ​ប៉ូលិស​ជាតិ នឹង​សម្រេច​ជា​ចុងក្រោយ ហើយ​ដំណើរការ​នេះ ក៏​នឹងធ្វើ​ដូចគ្នា​នៅ​ស្ថាប័ន​កងទ័ព​ដែរ​។ អ្នកនាំពាក្យ​ដដែល​បញ្ជាក់ដែរថា របៀប​ថ្មី​នេះ នឹង​មិនអាច​ដោះស្រាយ​បញ្ហា​បាន​ទាំងស្រុង​ឡើយ ដ្បិត​ពុករលួយ​កើតចេញពី​មនុស្ស​ផ្ទាល់ តែ​វា​អាច​កាត់បន្ថយ​ការជ្រៀតជ្រែក​របស់​គណៈ​ក​ម្ម​ការ​ប៉ូលិស​៕


Tag:
 ថៃ​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា​
  ប៉ូលិស
© រក្សាសិទ្ធិដោយ thmeythmey.com