ជាតិ
ក្រុមហ៊ុន​ចិន គ្រោង​វិនិយោគ​ប្រាក់១០លាន​ដុល្លារ លើ​ផ្នែក​វារីវប្បកម្ម​នៅ​កម្ពុជា
01, Feb 2017 , 9:19 pm        
រូបភាព
ភ្នំពេញ៖ ក្រុមហ៊ុន​វិនិយោគ​ចិន​មួយ គ្រោង​ចំណាយ​ប្រាក់១០លាន​ដុល្លារ ដើម្បី​ទាញយក​ផល​ពី​ផ្នែក​វារីវប្បកម្ម​នៅ​កម្ពុជា។ គម្រោង​វិនិយោគ​នេះ ត្រូវបាន​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជាមួយ​ក្រុមហ៊ុន​ជីន​យូ​តាំង (ចិន)  កាលពី​ថ្ងៃទី៣១ ខែមករា នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ។


 
រដ្ឋមន្ត្រី​ក្រសួងកសិកម្ម លោក វេ​ង សាខុន បាន​និយាយថា គោលដៅ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​នេះ គឺ​ជួយ​ពង្រីក​វិស័យ​វារីវប្បកម្ម​នៅតាម​បណ្តា​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប ទន្លេមេគង្គ និង​នៅ​ខេត្ត​ជាប់​សមុទ្រ គឺ​ខេត្ដ​ព្រះសីហនុ​តែម្តង ។ លោក វេ​ង សាខុន បន្ថែមថា ក្រុមហ៊ុន​ចិន​មាន​គម្រោង​ចិញ្ចឹម​ត្រី​ទឹកសាប, ត្រី​ទឹកប្រៃ និង​បង្កើតជា​កន្លែង​ផលិត​ម្សៅ​ត្រី ដើម្បី​ធ្វើជា​ចំណី​ត្រី​ជាដើម។ ក្រុមហ៊ុន​ចិន​នេះ ក៏មាន​គំនិត​ផលិត​សាច់​ត្រី​ជា​ប្រហិត ឬ​ជា​សាច់​ត្រី​ចៀរ​ជា​បន្ទះ​ក្លាស្សេ នាំ​ចេញទៅ​តៃវ៉ាន់ ហុងកុង ប្រទេស​សិង្ហ​បុរី​ផងដែរ។
 
លោក វេ​ង សាខុន អត្ថាធិប្បាយ​យ៉ាង​ដូច្នេះ​ថា៖«គម្រោង​វិនិយោគ​នេះ ក្រោយពី​ចុះហត្ថលេខា​នេះ​តទៅ ក្រុមហ៊ុន​ចិន​នឹង​ត្រឡប់មក​ម្តងទៀត ដោយ​បញ្ជូន​ក្រុមការងារ​របស់គេ​មក សិក្សា​ជាក់ស្តែង​អំពី​បញ្ហា​នេះ ដោយ​ក្រុមហ៊ុន​បាន​បញ្ជាក់ថា គេ​មានបំណង​ដាក់ទុន​ក្នុង​ឆ្នាំ​ដំបូង​រហូតដល់១០លាន​ដុល្លារ ដើម្បី​ពង្រីក មុខរបរ​ផ្នែក​វារីវប្បកម្ម រួមទាំង​បង្កើត ទីកន្លែង​ផលិត​ចំណី​ត្រី​នៅ​កម្ពុជា»។
 
ក្រៅពីនេះ​ក្រុមហ៊ុន​ចិន នឹង​ជា​អ្នកទិញ​ត្រី​ពី​ប្រជាពលរដ្ឋ ដែល​ប្រក​បរបរ​ចិញ្ចឹម​ត្រី​ផងដែរ ដើម្បី​ជួយ​លើកកម្ពស់​ផលិតផល​កសិកម្ម និង​បង្កើន​ចំណូល​បន្ថែម​ដល់​ប្រជាកសិករ​មួយផ្នែក​ថែមទៀត។


 
កន្លងមក​កម្ពុជា​ក៏បាន​នាំចេញ​ត្រី​ទឹកសាប ប្រមាណ​ជា១៤ពាន់​តោន ទៅ​បណ្តា​ប្រទេស​មួយចំនួន នៅក្នុង​តំបន់​អាស៊ី​ដូចជា ហុងកុង សិង្ហ​បុរី តៃវ៉ាន់​ជាដើម។  រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​លោក វេ​ង សាខុន បាន​និយាយថា ​កម្ពុជា​គ្រោង​បោះទុន​ចាប់ពី១០០ ទៅ ២០០លាន​ដុល្លារ លើ​គម្រោង​វារីវប្បកម្ម​ក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប ទន្លេមេគង្គ និង​ខេត្ត​ព្រះសីហនុ ។
 
ចំពោះ​កិច្ចសន្យា​ដែល​ភាគី​ទាំងពីរ​បាន​ចុះហត្ថលេខា​នោះ រួមមាន ទី១. ការអភិវឌ្ឍ​វារីវប្បកម្ម រួមទាំង​ការបង្កើន​ផល​ស្តុក​ធនធាន​ជលផល​ធម្មជាតិ ដើម្បី​ចូលរួម​អភិវឌ្ឍន៍ និង​គ្រប់គ្រង​វិស័យ​ជលផល​ឲ្យ​មាន​និរន្តរភាព, ទី២. អភិវឌ្ឍន៍ និង​ស្រាវជ្រាវ​បច្ចេកវិទ្យា​វារីវប្បកម្ម, ទី៣. ស្រាវជ្រាវ និង​អភិវឌ្ឍន៍ ខ្សែសង្វាក់​ផលិតកម្ម ជលផល​និង​វារីវប្បកម្ម, ទី៤. អនាម័យ និង​ភូតគាម​អនាម័យ ផល​ផលិតផល ជលផល, ទី៥. ការធ្វើ​ពាណិជ្ជកម្ម និង​ទី៦. ការវិនិយោគ​លើ​ការ​បង្កាត់​ភ្ញាស់ ការចិញ្ចឹម​យក​សាច់ ការផលិត​ចំណី​ត្រី ការកែច្នៃ​ផលិតផល​ជលផល និង​ធុរកិច្ច​ជលផល៕
 
ប្រភពពី AKP
 
 

Tag:
 ចិន
 កម្ពុជា
 វារីវប្បកម្ម
 វេ​ង សាខុន
© រក្សាសិទ្ធិដោយ thmeythmey.com