អន្តរជាតិ
នយោបាយអន្តរជាតិ
មុនមួយថ្ងៃដែលប្រមុខការពារជាតិអាមេរិកទៅកូរ៉េខាងត្បូង កូរ៉េខាងជើងព្រមានធ្វើសង្គ្រាមប្រើអាវុធនុយក្លេអ៊ែរ
× រដ្ឋាភិបាលក្រុងសេអ៊ូល នៅថ្ងៃទី២ កុម្ភៈ បានថ្កោលទោសរដ្ឋាភិបាលក្រុងព្យុងយ៉ាង ដែលបានព្រមានថានឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរដើម្បីវាយប្រហារ និងឆ្លើយតបទៅនឹងការធ្វើសមយុទ្ធយោធារួមរវាងកងទ័ពអាមេរិក និងកូរ៉េខាងត្បូងនៅក្នុងឧបទ្វីបកូរ៉េនាខែក្រោយនេះ។
«ប្រសិនបើកូរ៉េខាងជើង ពិតជាចង់ឃើញការវិវត្តនៃចំណងកូរ៉េទាំងពីរ និងសន្តិភាពនៅក្នុងឧបទ្វីបកូរ៉េមែន ក្រុងព្យុងយ៉ាង គួរបញ្ឈប់វហោសព្ទ័ឈ្លានពាន ហើយជ្រើសរើសមាគ៌ានៃការបញ្ឈប់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងផ្លាស់ប្តូរឥរិយាបថខ្លួន»។ នេះគឺជាសេចក្តីថ្លែងការណ៍របស់ក្រសួងរួបរួមកូរ៉េខាងត្បូង ដែលចុះផ្សាយដោយភ្នាក់ងារព័័ត៌មាន Yonhap ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការកូរ៉េខាងត្បូងនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងសារព្រមានរបស់កូរ៉េខាងជើង។ តាមប្រភពព័ត៌មានដដែល នៅថ្ងៃទី០១ កុម្ភៈ ភ្នាក់ងារកូរ៉េខាងជើងទទួលបន្ទុកកិច្ចការឧបទ្វីបកូរ៉េ បាននិយាយថា សមយុទ្ធយោធាខាងមុខរបស់កូរ៉េខាងត្បូងនិងអាមេរិក នឹងធ្វើមានការបំភ្លិចបំផ្លាញសម្រាប់សម្ព័ន្ធមិត្តទាំងពីរ ដ្បិត កូរ៉េខាងជើង បានត្រៀមខ្លួនរួចជាស្រេចហើយសម្រាប់ការចាត់វិធានការប្រឆាំងដែលហៅថាការត្រៀមខ្លួនសម្រាប់សង្គ្រាមនុយក្លេអ៊ែរនោះ។
ក្រុងព្យុងយ៉ាង ក៏បានហៅចំណាត់ការរបស់ខ្លួនថាជាការការពារខ្លួនប៉ុណ្ណោះ ហើយ ជាងនេះទៅទៀតនោះ ក្រុងព្យុងយ៉ាង ថែមទាំងហៅសមយុទ្ធយោធាប្រចាំឆ្នាំរវាងក្រុងវ៉ាស៊ីនតោន និងក្រុងសេអ៊ូល ថាជាការសមដើម្បីឈា្លនពានទៀតផង។
ជុំវិញសេចក្តីថ្លែងការណ៍ព្រមានរបស់កូរ៉េខាងជើងនេះដែរ ក្រសួងរួបរួមកូរ៉េខាងត្បូង បានកត់សម្គាល់ថា កូរ៉េខាងជើង ហាក់ដូចជាចេញលឿនលើសពីការរំពឹងទុក ពោលគឺ ជាទូទៅ កូរ៉េខាងជើង តែងតែថ្លែងបែបនេះ មុនពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះនៃការធ្វើសមយុទ្ធរវាងអាមេរិក និងកូរ៉េខាងត្បូង តែនេះ កូរ៉េខាងជើង បានធ្វើមុនរហូតដល់ជិតមួយខែឯណោះ។ ការថ្លែងបែបដដែលៗបែបនេះហើយ ដែលកូរ៉េខាងត្បូងចង់ឲ្យកូរ៉េខាងជើងបញ្ឈប់វហោសព្ទ័នោះ។
តែអ្វីគួរកត់សម្គាល់នោះ សេចក្តីថ្លែងការណ៍របស់កូរ៉េខាងជើងក្នុងព្រមានប្រើប្រាស់អាវុធនុយក្លេអ៊ែរ ធ្វើឡើងមុនតែមួយថ្ងៃប៉ុណ្ណោះនៃការបំពេញទស្សនកិច្ចរបស់ប្រមុខការពារជាតិអាមេរិកថ្មីកមកកាន់កូរ៉េខាងត្បូង។ លោករដ្ឋមន្ត្រីការពារជាតិអាមេរិក James Mattis ត្រូវបំពេញទស្សនកិច្ចលើកដំបូងក្រៅប្រទេសមកកាន់កូរ៉េខាងត្បូងនៅថ្ងៃទី០២ កុម្ភៈ និងទិសដៅបន្ទាប់ទៅកាន់ជប៉ុននៅថ្ងៃទី០៣ កុម្ភៈ។
នៅថ្ងៃទី៣១ មករា រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Han Min-koo និងរដ្ឋមន្ត្រីការពារជាតិថ្មីអាមេរិក James Mattis ក៏បានជជែកតាមរយៈទូរសព្ទ ដោយភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងដំឡើងប្រព័ន្ធការពារមីស៊ីល (THAAD) នៅក្នុងទឹកដីកូរ៉េខាងត្បូងនៅក្នុងឆ្នាំ២០១៧ ហើយសម្ព័ន្ធមិត្តទាំងពីរ ក៏បានអះអាងពីការត្រៀមខ្លួនរួចស្រេចដើម្បីវាយបកទៅសកម្មភាពឈា្លនពីកូរ៉េខាងជើង៕
Tag:
អាមេរិក
កូរ៉េខាងត្បូង
កូរ៉េខាងជើង
អាស៊ីបូព៌ា
© រក្សាសិទ្ធិដោយ thmeythmey.com