ពីនេះ ពីនោះ
ព័ត៍មានសុខភាព
រកឃើញ​ហើយ តាមពិត​សក់លែង​បន្ត​ដុះ​ទៀត ដោយសារតែ​អញ្ចឹង​សោះ​
03, Feb 2017 , 7:00 pm        
រូបភាព
ដោយ: ថ្មីៗ
​ការ​ដែលមាន​សក់វែង និង​រឹងមាំ​គឺជា​អ្វីដែល​ស្ត្រី​ភាគច្រើន​ប្រាថ្នា​ចង់បាន​។ ប៉ុន្តែ​ពួកគេ​បែរជា​មិនអាច​ទទួលបាន​នៅពេល​ឈានដល់​ពេលវេលា​ណាមួយ​ទៅវិញ​។ មនុស្ស​ភាគច្រើន​តែង​បន្ទោស​ទៅលើ​ផលិតផល​ថែរក្សា​សក់ ឬ​ការ​មិនបាន​កាត់សក់​ជា​ញឹកញាប់​។ ទោះបីជា​យ៉ាងណាក៏ដោយ តាមពិត​មូលហេតុ​ដែល​ធ្វើ​ឲ្យ​សក់​លែង​បន្ត​លូតលាស់​ច្រើន និង​ជ្រុះ​មិន​ឈប់​នោះ​គឺ​ដោយសារតែ​៖



​ហ្សែ​ន​
​ភាពខ្លាំង​នៃ​ការលូតលាស់​របស់​សក់ម​នុស្ស​យើង​គឺ​អាស្រ័យ​ទៅតាម​ហ្សែ​ន​យើង​ដែរ​។ អ្នកខ្លះ​អាចមាន​សក់​ដុះ​វែង​រហូតដល់​ជង្គង់ តែ​អ្នកខ្លះ​បែរជា​មិនអាច​ទុក​សក់​ឲ្យ​ដុះ​ដល់​ស្មា​ផង​។ និយាយ​ឲ្យ​ខ្លី​ទៅ​គឺថា មនុស្ស​ម្នាក់ៗ​សុទ្ធ​តែមាន​វដ្ត​នៃ​ការលូតលាស់​សក់​រៀងៗ​ខ្លួន ហើយក៏​មាន​ដែន​កំណត់​របស់​វា​ផងដែរ​។​

​អាយុ​
​ការ​ចាស់​ទៅតាម​អាយុ​ក៏​អាច​បន្ថយ​ការលូតលាស់​របស់​សក់​បានដែរ​។ កាលណា​អាយុ​កាន់តែច្រើន ឱកាស​នៃ​ការទទួលបាន​សក់​ដុះ​វែង​នោះ​គឺ​មិនសូវមាន​ហើយ​។ រឿងនេះ​ដោយសារតែ​ការផលិត​ជាតិ​ប្រេង​នៅ​ស្បែកក្បាល​ចាប់ផ្តើម​ថយចុះ​ក្រោយពី​ឈានដល់​អាយុ ៤៥​ឆ្នាំ​។​

​បែក​ចុង​

​តើ​អ្នក​សង្ឃឹមថា​សក់​នឹង​ដុះ​វែង​បាន​ប៉ុណ្ណា​ទៅ​បើសិនជា​វា​ចេះតែ​បែក​ខូច​ពាក់​កណ្តាលផ្លូវ​រហូត​អញ្ចឹង​? ភាពផុយស្រួយ និង​ខ្សោយ​របស់​សក់​អាចជា​ហេតុ​នាំ​ឲ្យ​សក់​ងាយ​នឹង​ឈប់​លូតលាស់​ទៅតាម​អ្វីដែល​វា​ត្រូវធ្វើ​ណាស់​។​

​បញ្ហា​សុខភាព​
​សមាសធាតុ​ទាំងអស់​ក្នុង​រាងកាយ​ត្រូវការ​ធ្វើការ​ជាមួយគ្នា​។ នៅពេល​ដែលមាន​អ្វីមួយ​ខុស​ប្រក្រតី​ចំពោះ​សុខភាព សក់​ក៏​រង​ផលប៉ះពាល់​ដែរ​។ ជំងឺ​ដែល​ទាក់ទង​នឹង​ក្រ​ពេញទី​រ៉ូ​អ៊ី​ត ឈាម ប្រព័ន្ធ​ភាពស៊ាំ និង​ការ​កង្វះ​ជីវជាតិ​សុទ្ធតែ​អាច​បណ្តាល​ឲ្យ​ការលូតលាស់​របស់​សក់​ថយចុះ​ទាំងអស់​។​

​របប​អាហារ​
​របប​អាហារ និង​ការ​កង្វះ​វីតាមីន​ក្នុង​ខ្លួន​គឺជា​ហេតុផល​ដ៏​សំខាន់​មួយ​ដែល​នាំ​ឲ្យ​សក់​លែង​លូតលាស់​។ ជាមួយគ្នា​នឹង​រាងកាយ និង​សរីរាង្គ​ក្នុង​ខ្លួន សក់​អ្នក​ពិតជា​ត្រូវការ​ជីវជាតិ​សំខាន់ៗ​ដើម្បី​លូតលាស់​ប្រកបដោយ​សុខភាព​ណាស់​។ ការ​កង្វះ​ជីវជាតិ​ក្នុង​ខ្លួន​អាច​នាំ​ឲ្យ​សក់​ទៅជា​បែក និង​ពុកផុយ​បាន​។​

​ជំងឺ​ស្បែកក្បាល​
​ស្បែកក្បាល​ដែល​មិនមាន​សុខភាព​អាចធ្វើ​ឲ្យ​មាន​បញ្ហា​ច្រើន​ដូចជា ការ​រលាក ដែល​វា​ពិតជា​ពិបាកធ្វើ​ឲ្យ​សក់​លូតលាស់​ខ្លាំងណាស់​។ ជំងឺ​ស្បែក​ដូចជា អង្គែរ​ស្បែកក្បាល និង​ការបង្ក​រោគ​ដោយ​ពពួក​មេរោគ​ផ្សិត​ក៏​ជា​ហេតុផល​នាំ​ឲ្យ​សក់​លែង​ដុះ​បានដែរ​។​

​ទម្លាប់​របស់​សក់​
​សក់​របស់​អ្នក​អាច​នឹងមាន​ភាពស៊ាំ​នឹង​ផលិតផល​ដែល​អ្នកធ្វើ​លើ​វា​។ ដូច្នេះ​ចូរ​ព្យាយាម​កាត់បន្ថយ​ការប្រើ​សារធាតុ​គីមី លាបថ្នាំ​សក់ ឬ​កាច់​ស្តាយ​សក់​ទៅ​បើសិនជា​ចង់​ឲ្យ​សក់​បន្ត​លូតលាស់​កាន់តែ​វែង​ថែមទៀត​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com