កីឡាជាតិ
កូនលោក ប្រាក់ សុវណ្ណារ៉ា បាក់ឆ្អឹង​ដៃ​ពីរ​កំណាត់​ក្រោយ​ប៉ះទង្គិច​ជាមួយ​កីឡាករ ទូច រ៉ូ​ម៉ា
04, Feb 2017 , 12:30 pm        
រូបភាព
ដោយ:
 
​ខ្សែការពារ​របស់​ព្រះខ័ន​រាជ​ស្វាយរៀង ប្រាក់ សុវណ្ណ​ពិសិដ្ឋ  ដែលជា​កូនប្រុស​បង្កើត​របស់លោក ប្រាក់ សុវណ្ណារ៉ា បាន​រងរបួស​បាក់ឆ្អឹង​ដៃស្តាំ​ជា​ពីរ​កំណាត់​ក្រោយ​ប៉ះ​ទ​ង្កិ​ច​ជាមួយ​កីឡាករ​របស់​ក្រសួងការពារជាតិ​។ ការរង​របួស​នេះ​កើតឡើង​ក្នុងជំនួប​ដណ្តើមពានរ​ង្វាន់​Asia Club Pre-Season Championship 2017 នៅ​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​ល្ងាច​ថ្ងៃទី​៣ ខែកុម្ភៈ​។

 
​ខ្សែការពារ​ព្រះខ័ន​រាជ​ស្វាយរៀង ប្រាក់ សុវណ្ណ​ពិសិដ្ឋ កូនប្រុស​បង្កើត​របស់​លោក ប្រាក់ សុវណ្ណារ៉ា បាន​បាក់​ឆ្នឹង​ដៃស្តាំ​ជា​ពីរ​កំណាត់​ក្រោយ​ប៉ះ​ទ​ង្កិ​ត​ជាមួយ​ខ្សែបម្រើ​របស់​ក្រសួងការពារជាតិ ទូច រ៉ូ​ម៉ា ពេល​ដំណើ​ម​បាល់​គ្នា​។ អតីត​គ្រូបង្វឹក​បឹងកេត​អង្គរ លោក ប្រាក់ សុវណ្ណារ៉ា ដែលជា​ឱ​ពុក​បង្កើត​របស់​កីឡាករ​រងគ្រោះ​បាន​រៀបរាប់ថា មូលហេតុ​នៃ​ការបាក់​ដៃ​នេះ​ដោយសារ កីឡាករ ពិសិដ្ឋ ដួល​ខុស​ទំនង​ក្រោយ​ព្យាយាម​ដណ្តើម​បាល់​ជាមួយ​កីឡាករ ទូច រ៉ូ​ម៉ា​។ ម្យ៉ាងវិញទៀត ដោយសារ​ឆ្អឹង​កូនប្រុស​របស់លោក​កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​លូតលាស់​ខ្លាំង ជាពិសេស​ខ្វះ​ជាតិ​កាល់ស្យូម ព្រោះ​បច្ចុប្បន្ន ពិសិដ្ឋ ទើបតែ​មាន​អាយុ​១៧​ឆ្នាំ​ប៉ុណ្ណោះ​។​
 
 
​ទោះបីជា​យ៉ាងនេះ​ក្តី លោក សុវណ្ណ​រ៉ា ឲ្យ​ដឹងថា ស្ថានភាព​របួស​របស់ ពិសិដ្ឋ ពេលនេះ​មាន​ស្ថានភាព​ធូរស្រាល​វិញ​ហើយ ក្រោយ​គ្រូពេទ្យ​របស់​គ្លីនិក​ចំរើន វះកាត់​ដាក់​ដែក​អប​រួច​។ លោក​បាន​បញ្ជាក់ទៀតថា របួស​បាក់ដៃ​របស់ ពិសិដ្ឋ ត្រូវ​ចំណាយពេល​យ៉ាងតិច​២​ខែ​ក្នុងការ​ព្យាបាល​ឲ្យ​ជាសះស្បើយ​។​
 
​គួរ​បញ្ជាក់ថា ក្នុងជំនួប​កាលពី​ម្សិលមិញ​បើទោះជា កីឡាករ ប្រាក់ សុវណ្ណ​ពិសិដ្ឋ រង​បួស​បាក់ដៃ​ក្តី ក៏​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​បាន​យកឈ្នះ​ក្រុម​ក្រសួងការពារជាតិ​ក្នុង​លទ្ធផល ១-០ ដើម្បី​ឡើងឈរ​កំពូល​តារាង​នៃ​វគ្គ​ជម្រុះ​ពានរង្វាន់ Asia Club Pre-Season Championship 2017 ។ ជ័យជម្នះ​នេះ​សម្រេច​ដោយ​ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Chigozie Nwaokorie៕ 
 



Tag:
 បាល់ទាត់​
  ប្រាក់ សុវណ្ណារ៉ា​
  ប្រាក់ សុវណ្ណ​ពិសិដ្ឋ​
© រក្សាសិទ្ធិដោយ thmeythmey.com