កីឡាជាតិ
កីឡាប្រដាល់​គុន​ខ្មែរ និង​ប្រដាល់សកល​លែង ជ្រក​ក្រោម​ដំបូល​សហព័ន្ធ​តែមួយ​
04, Feb 2017 , 3:59 pm        
រូបភាព
ដោយ:
 
​ដើម្បី​ឆ្លើយតប​ទៅនឹង​គោលការណ៍​កំណែទម្រង់​ស៊ីជម្រៅ​របស់​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) និង​ក្រសួង​អប់រំ យុវជន និង​កីឡា​ក្នុងការ​ត្រៀម​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​បានប្រកាស​បែងចែក​សហ​ព័ន្ធ​ជា​ពីរ​ដាច់ពីគ្នា គឺ​សហ​ហ​ព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ និង​សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា​។ ថ្នាក់ដឹកនាំ​កីឡាប្រដាល់​លើកឡើងថា បើ​ពុំមាន​ការបែងចែក​ទេនោះ សហព័ន្ធ​នឹងមិន​មាន​កីឡាករ​ដែល​ប្រកបដោយ​គុណភាព​នោះឡើយ​។

 
​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​កាលពី​ថ្ងៃទី​១ ខែកុម្ភៈ បានរៀបចំ​ហាស​ន្និបាត​បូកសរុប​ការងារ និង​ដាក់​ទិសដៅ​កំណែទម្រង់​ឆ្ពោះទៅកាន់​ស៊ី​ហ្គេម​ឆ្នាំ ២០២៣ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​ម្ពុ​ជា​(NOCC)​។ ក្នុង​មហាសន្និបាត​នោះ ថ្នាក់ដឹកនាំ​សហព័ន្ធ និង​សមាជិក​ប្រតិបត្តិ​បាន​ឯកភាពគ្នា​បង្កើត​សហព័ន្ធ​ពីរ​ដាច់ពីគ្នា គឺ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ និង​សហព័ន្ធ​កីឡា​ប្រដាល់សកល​។ 
 
​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​បាន​បញ្ជាក់ថា ការបែងចែក​ជា​ពីរ​រវាង​កីឡាប្រដាល់​គុន​ខ្មែរ និង​ប្រដាល់សកល​នេះ ដោយមាន​ការឯកភាព​ផ្ទៃក្នុង​ពី​សមាជិក​សមាជិកា​ប្រតិបត្តិ​របស់​សហព័ន្ធ គឺ​ពុំ​មានការ​ល្អក់កករ​នឹង​គ្នា​នោះឡើយ​។ ម្យ៉ាងវិញទៀត ការបែងចែក​សហព័ន្ធ​ជា​ពីរ​នេះ  ក៏​ដើម្បី​ឆ្លើយតប​ទៅនឹង​ផែនការ​កំណែទម្រង់​ស៊ីជម្រៅ​របស់​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា និង​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បាន​កណ​ត់​យក​ឆ្នាំនេះ​ជា​ឆ្នាំ​កែទម្រង់​សហព័ន្ធ​នីមួយៗ​។​
 
​ការបែងចែក​នេះ​ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​ការគ្រប់គ្រង និង​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ក្នុងការ​អភិវឌ្ឍន៍​វិស័យ​កីឡា​នេះ​ឲ្យ​កាន់​ល្អប្រសើរ​។ លើសពីនេះ ដើម្បី​ជួយ​ពង្រឹង​បច្ចេកទេស និង​សមត្ថភាព​ធនធាន​ថ្នាល​សម្រាប់​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។ ប៉ុន្តែ​បើ​ពុំ​មានការ​កំណែទម្រង់​បែបនេះ លោក តែម ម៉ឺន អតីត​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា យល់ថា កម្ពុជា​នឹង​ពុំមាន​កីឡាករ​ដែលមាន​សមត្ថ​ភាព​ដើម្បី​ត្រៀម​ប្រកួត​ស៊ី​ហ្គេម​គ្រប់គ្រាន់​នោះឡើយ​។  
 
​ជាមួយគ្នានេះ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា នៅតែ​ទទូច​ឲ្យ​បណ្តា​សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់ ត្រូវធ្វើ​ការកែទម្រង់​ឲ្យ​ស៊ីជម្រៅ​ដើម្បី​លុបបំបាត់​វិវាទ​ផ្ទៃក្នុង និង​បង្កើន​ការឯកភាព​គ្នា​ក្នុងការ​ដឹកនាំ ដើម្បី​ជួយ​អភិវឌ្ឍន៍​វិស័យ​កីឡា​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន សម្រាប់​ត្រៀម​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។ 
 
​លោក​បាន​បញ្ជក់​ថា ៖«​ដើម្បី​ឲ្យ​វិស័យ​កីឡា​រីកចម្រើន យើង​ត្រូវ​សហការ​រវាង​ក្រសួង​អប់រំ យុវជន និង​កីឡា NOCC និង​សហព័ន្ធ​កីឡា​ជាតិ ព្រោះ​ធាតុ​ទាំងបី​នេះ មិនអាច​ខ្វះ​គ្នា​បានឡើយ​។ ទន្ទឹមនឹងនេះ សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់​ត្រូវ​រៀបចំ​ផែនការ និង​គោលដៅ​ឲ្យ​ច្បាស់លាស់​ក្នុងការ​អភិវឌ្ឍ ដើម្បី​ត្រៀម​ប្រជែង​ដណ្តើម​មេដាយ​ក្នុង​ស៊ី​ហ្គេម​»​។ 
 
​ទោះបី​សហព័ន្ធ​ត្រូវបាន​បែងចែក​ជា​ពីរ​ក៏ដោយ ប៉ុន្តែ​ថ្នាក់ដឹកនាំ​សហព័ន្ធ​ថ្មី គឺជា​មន្ត្រី​មកពី​សហព័ន្ធ​កីឡាប្រដាល់​ចាស់​ដដែល ពោលគឺ​គ្រាន់តែ​បន្ថែម​តួនាទី​ប៉ុណ្ណោះ​។ ក្នុងនោះ​លោក តែម ម៉ឺន ជា​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​, លោក វ៉ា ស៊ិន ភិរម្យ អនុប្រធាន​ទី​១, លោក​បណ្ឌិត ឆឹង យ៉ៅ​យ៉េន ជា​អនុប្រធាន​, លោក ម៉ិ​ល កាដូ អគ្គលេខាធិការ និង​អ្នកស្រី ប៉ឹង សំអាង ជា​អគ្គ​ហេរញ្ញិក​។ 
 
​ចំណែក សហព័ន្ធ​កីឡា​ប្រដាល់សកល គឺ​លោក​បណ្ឌិត ឆឹង យ៉ៅ​យ៉េន ជា​ប្រធាន​, លោក ស៊ិន ភិរម្យ​, លោក ម៉ិ​ល កាដូ និង​លោក មាស វុទ្ធី ជា​អនុប្រធាន​, លោក ប៊ួ​យ សោ​ភ័​ណ្ឌ ជា​អគ្គលេខាធិការ និង​លោក និ​ន វ៉ាន់ដា ជា​អគ្គ​ហេរញ្ញិក ព្រមទាំង​សមាជិក​ប្រតិបត្តិ​ចំនួន​៩​រូប​ផ្សេង​ទៀង​។​
 
​យ៉ាងណាមិញ លោក វ៉ា​ត់ ចំរើន បានបញ្ជាក់​ផងដែរ​ថា ទោះបី​សមាសភាព​ដែល​ដឹកនាំ​សហព័ន្ធ​ទាំងពីរ​មកពី​សហព័ន្ធ​ចាស់​តែមួយ​ក៏ដោយ ប៉ុន្តែ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ និង​សហព័ន្ធ​កីឡា​ប្រដាល់សកល​ជា​សហព័ន្ធ​ដាច់ដោយឡែក​ពីគ្នា ពោលគឺ​មិនអាច​នៅ​ជាមួយគ្នា​នោះឡើយ​។ សហព័ន្ធ​នីមួយៗ​ត្រូវ​ស្វែងរក​ដៃគូ​សហការ និង​អភិវឌ្ឍន៍​រៀងៗ​ខ្លួន​៕    
 
  
 
 

Tag:
 ប្រដាល់​
  គុន​ខ្មែរ​
  ប្រដាល់​សលក​
© រក្សាសិទ្ធិដោយ thmeythmey.com