កីឡាជាតិ
លោក អេ ភូ​ថង​៖ ការធ្វើជា​គ្រូបង្វឹក​ជម្រើសជាតិ​ជា​បំណងប្រាថ្នា​របស់ខ្ញុំ​
05, Feb 2017 , 12:16 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកលោក អេ ភូថង
រូបភាពពីហ្វេសប៊ុកលោក អេ ភូថង
ដោយ:
 
​ក្រោយ​ប្រកាស​បែងចែក​សហព័ន្ធ​ជា​ពីរ​ផ្សេងគ្នា​កាលពី​ថ្ងៃទី​១ ខែកុម្ភៈ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បាន​បោះឆ្នោត​ជ្រើសតាំង​លោក អេ ភូ​ថង និង​លោក ឈិ​ត សារឹម ជា​គ្រូបង្វឹក​ជម្រើសជាតិ ដើម្បី​បង្វឹក​កីឡាករ​ត្រៀម​ស៊ី​ហ្គេម​ឆ្នាំ​២០១៧​នៅ​ម៉ាឡេស៊ី​។ តួនាទី​ជា​គ្រូបង្វឹក​ជម្រើសជាតិ​នេះ លោក អេ ភូ​ថង បញ្ជាក់ថា ជា​បំណងប្រាថ្នា​របស់លោក​ជា​យូរ​មកហើយ​។

 
​កាលពី​ថ្ងៃទី​៣ ខែកុម្ភៈ លោក អេ ភូ​ថង និង​លោក ឈិ​ត សារឹម ត្រូវបាន​បោះឆ្នោត​ជ្រើសតាំង​ជា​គ្រូបង្វឹក​កីឡា​គុន​ខ្មែរ​ជម្រើសជាតិ​ប្រចាំ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​។ ការបោះឆ្នោត​ជ្រើសតាំង​នេះ​ក្នុង​គោលបំណង​ដើម្បី​បង្វឹក​កីឡាករ​ជម្រើសជាតិ​កម្ពុជា​ត្រៀម​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩​នៅ​ប្រទេស​ម៉ាឡេស៊ី នា​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៧ ខាងមុខនេះ​។  
 
​ទោះបី​បច្ចុប្បន្ន លោក អេ ភូ​ថង ជា​គ្រូបង្វឹក​កីឡាប្រដាល់​នៅ​ក្លិប អេ ភូ​ថង កីឡា​ក៏ដោយ ប៉ុន្តែ​សម្រាប់​តួនាទី​ជា​គ្រូបង្វឹក​ជម្រើសជាតិ​នេះ ជា​ក្តី​ស្រមៃ​ដែល​លោក​បាន​ប៉ង​ទុកជា​យូរ​មកហើយ​។ កីឡាករ​ដែល​ចូលប្រឡូក​ក្នុង​វិស័យ​កីឡាប្រដាល់​តាំងពីក្មេង​រូបនេះ​បាន​ប្តេជ្ញា​ថា លោក​នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​តាមរយៈ​ការយក​បទពិសោធន៍​ល្អៗ មក​ចែករំលែក​ក៏ដូចជា​បង្វឹក​ដល់​ក្មេងជំនាន់ក្រោយ​ឲ្យ​រីកចម្រើន​ល្បី​រន្ទឺ​លើក​ឆាក​អន្តរជាតិ​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​អតីត​កីឡាករ​ជើង​ខ្លាំង​ដើមកំណើត​នៅ​ខេត្តកោះកុង​រូបនេះ​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​គោលបំណង​របស់ខ្ញុំ​គឺ​ចង់​ជួយ​ជាតិ ពេលនេះ​គោលបំណងរ​ខ្ញុំ​បានសម្រេច​ដូច​ក្តី​ស្រមៃ​ហើយ​។ ខ្ញុំ​មិន​នឹកស្មានថា ខ្លួនឯងបាន​ក្លាយជា​គ្រូបង្វឹក​ជម្រើសជាតិ​នោះទេ​។ ខ្ញុំ​នឹង​យក​បទពិសោធន៍​ដែល​ខ្ញុំ​មានមក​បង្វឹក​ដល់​ក្មេងៗ​ជំនាន់​ក្រោយ​ឲ្យ​អស់ពី​សមត្ថភាព​។ ហើយ​ខ្ញុំ​ប្តេជ្ញា នឹង​ដឹកនាំ​កីឡាប្រដាល់​សេរី​ឲ្យ​ល្បី​រន្ទឺ​លើ​ឆាក​អន្តរជាតិ​»​។​
 
​គួរ​បញ្ជាក់ថា ការបោះឆ្នោត​ជ្រើសតាំង​គ្រូបង្វឹក​ជម្រើសជាតិ​មាន​បេក្ខភាព​ឈរឈ្មោះ​ចំនួន​៤៥​នាក់ មក​ក្លិប​ដែលជា​សមាជិក​របស់​ស​ហ​ព័ន្ធ​ចំនួន​៤៥​។ ការបោះឆ្នោត​ដំណាក់កាល​ទី​១ ក្នុងចំណោម​បេក្ខជន​ទាំង​៤៥​នាក់ គឺ​ជ្រើស​រើសយក​ចំនួន​៥​នាក់​។ បន្ទាប់មក​បេក្ខជន​ទាំង​៥​នាក់​ត្រូវ​ឈរឈ្មោះ​ឲ្យ​មន្ត្រី​សហព័ន្ធ​បោះឆ្នោត​បន្ត ដើម្បី​ជ្រើស​រើសយក​ពីរ​នាក់មក​ធ្វើជា​គ្រូបង្វឹក​ជម្រើសជាតិ​ប្រចាំ​សហព័ន្ធ​។ 
 
​ការតែងតាំង​គ្រូបង្វឹក​ជម្រើសជាតិ​ប្រដាល​គុន​ខ្មែរ​នេះ ធ្វើឡើង​ក្រោយ​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​ប្រកាស​បែងចែក​សហព័ន្ធ​ជា​ពីរ​ដាច់ពីគ្នា​នៅ​ទីស្នាក់ការ NOCC កាលពី​ថ្ងៃទី​១ ខែកុម្ភៈ នៅក្នុង​មហាសន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ និង​ដាក់​ផែនការ​ឆ្នាំ​២០២៣​។ 
 
​ទន្ទឹមនឹងនេះ សហព័ន្ធ​កីឡាប្រដាល់​សកល​ក៏បាន​បោះឆ្នោត​ជ្រើសតាំង​គ្រូបង្វឹក​ជម្រើសជាតិ​រប​ស់​ខ្លួន​ផងដែរ​ក្នុងនោះ​លោក វ៉ែន សុផល និង​លោក ហ៊ិ​ន សៃ​ហេង ជា​គ្រូ​ជម្រើសជាតិ​ឈុត​ធំ និង​លោក អាត់ សំ​រិ​ទិ្ធ ព្រមទាំង​លោក ឡុង ស៊ី​លីន ជា​គ្រូបង្វឹក​យុវជន​ថ្នាល​។  
 
​ក្រៅពី​បោះឆ្នោត​ជ្រើសតាំង​គ្រូ​ជម្រើសជាតិ​ប្រចាំ​សហព័ន្ធ​ក៏មាន​ការបោះឆ្នោត​ជ្រើសរើស​កីឡាករ​ជម្រើសជាតិ​ចំនួន​៦​នាក់ ដើម្បី​ហ្វឹកហាត់​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩​នៅ​ម៉ាឡេស៊ី​ផងដែរ​។ កីឡាករ​ទាំងនោះ​រួមមាន កីឡាករ ឡៅ ចន្ទ្រា , ឡៅ ចិ​ន្ត្រា​, ម៉ន សា​ម៉េ​ត​, ឡុង សំណាង​,  ហ៊ឹម សេរី និង​កីឡាករ ម៉ឺន សុភា​៕
 
 

Tag:
 ប្រដាល់​គុន​ខ្មែរ​
  អេ ភូ​ថង​
  គ្រូ​ជម្រើសជាតិ​គុន​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com