ពីនេះ ពីនោះ
ក្រម​ង៉ុ​យ​៖ នារីៗ​ត្រូវ​ប្រកែក បើ​មិន​ចង់បាន​គូស្រករ​ដែល​ម្តាយ​រើស​ឲ្យ
06, Feb 2017 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
  
​ភ្នំពេញ​៖ ព្រះ​ភិរម្យ​ភាសា​អ៊ូ ហៅ ង៉ុ​យ គឺជា​ស្តេច​ឧបករណ៍​សាដៀវ និង​ជា​អ្នកនិពន្ធ​ដ៏​ល្បីល្បាញ​ម្នាក់ នៅ​សម័យ​អាណានិគម​បារាំង​។ មាន​វគ្គ​មួយ​នៃ​ច្បាប់​ល្បើក​ថ្មីៗ របស់លោក បាន​ទូន្មាន​ឲ្យ​នារី​ខ្មែរ ត្រូវ​ហ៊ាន​ជំ​ទាល់​ជាមួយ​ឪពុកម្តាយ ប្រសិនបើ​ខ្លួន​មិន​ពេញចិត្ត​គូស្រករ ដែល​ពួកគាត់​ជ្រើសរើស​ឲ្យ​នោះ​។ ការណែនាំ​របស់​ក្រម​ង៉ុ​យ បាន​ផ្ទុយ​ទាំងស្រុង​នឹង​ផ្នត់គំនិត​របស់​ចា​ស់បុ​រាណ ដែល​មិន​ផ្តល់​សេរីភាព​ដល់​កូនស្រី​ក្នុង​ជ្រើសរើស​ដៃគូ​ជីវិត​។  


    
[…]​កូនចៅ​ស្រីៗ ​ក្រមុំ​សាវ​ខ្ចី ​រៀន​ឆោត​ឲ្យ​ល្មម​
​ប្រុស​ស្នើ​ឪ​ម៉ែ ​ឆូវ​ឆ​ប្រលោម ​មើលរូប​មើល​ឆោម​
​កុំ​ព្រម​ដោយ​ងាយ​។ 
 
​កុំ​ក្និច​ក្នក់ក្នាញ់ ​បើ​ចិត្ត​ស្រឡាញ់ ​កុំ​ចេញ​និយាយ​
​បើ​ស្អប់​កុំ​ប្តឹង ​បើ​ខឹង​កុំ​ធ្លាយ ​កុំ​រោះ​កុំ​រាយ​
​កុំ​ងាយ​ធ្វើ​ស្និទ្ធ​។ 
 
​កុំ​ដើរ​ប្រាប់​គេ ​កុំ​អួតអាង​ជេរ ​ក្រែង​ប្រុស​ឈឺចិត្ត​
​នៅ​ឲ្យ​តែ​នឹង ​កុំ​រវល់​ធ្វើ​ស្និទ្ធ ​ប្រុស​នឹង​អាណិត​
​គិត​ចូល​ដណ្តឹង​។ 
 
​បើ​ម៉ែឪ​ឲ្យ ​មើលមុខមើលក្រោយ អាក្រក់​ខ្មៅ​ឆ្អឹង​
​ប្រកែក​ដោយ​ស្ងាត់ ​កុំ​ខ្លាច​ម្តាយ​ខឹង ​កើតកូន​មក​តឹង​
​វា​ពិបាក​ចាយ​ណាស់​។  
 
​កុំ​ឃ្លាន​ចំណី ​កុំ​ខ្លាច​អត់​ប្តី ​កុំ​ភ័យខ្លាច​ចាស់​
​មើលមុខ​ឯង​ផង ​កុំ​រើស​ឥត​ខ្មាស់ ​ខ្លួន​ល្អ​ស្រឡះ​
​មិន​ខ្វះ​គេ​ស្តី​។​[…] 
 
​ប្រភព​៖ «​ច្បាប់ក្រម​ង៉ុ​យ​» បោះ​ពុ​ម្ភ​ឆ្នាំ​១៩៧២ ដោយ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ 

Tag:
 ក្រម​ង៉ុ​យ​
 ​ គូស្រករ​
© រក្សាសិទ្ធិដោយ thmeythmey.com