ពីនេះ ពីនោះ
«​សម្តេច​» ត្រូវមាន​លក្ខណៈសម្បត្តិ​២​យ៉ាង
05, Feb 2017 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖ ទស្សនវិទូ​ជនជាតិ​អ៊ីតាលី​កាលពី​សតវត្ស​ទី​១៥ លោក Niccolo Machiavelli បាន​សរសេរ​ស្នាដៃ​មួយ​មាន​ចំណងជើង​ថា​៖«​សម្តេច​» ឬ​ជា​ភាសា​អង់គ្លេស ថា «The prince» បានសរសេរថា សម្តេច ត្រូវមាន​គុណសម្បត្តិ​២​យ៉ាង គឺជា​សត្វ​តោ​ផង និង​ជា​កញ្ជ្រោង​ផង​។


  
​ម៉ាក​ហ្សឺ​វែ​ល ហៅ​អ្នកគ្រប់គ្រង​រដ្ឋ​ថា​«​សម្តេច​»​។ ហើយ​គុណសម្បត្តិ​របស់​សម្តេច មាន​លក្ខណៈ​២​យ៉ាង គឺត្រូវធ្វើ​ជា​តោ​ផង និង​កញ្ជ្រោង​ផង​។ សម្តេច ត្រូវ​ធ្វើជា​តោ មានន័យថា មាន​កម្លាំង​គ្រប់គ្រាន់​ដើម្បី​បន្លាច​ឆ្កែចចក​(​ឆ្កែព្រៃ​)​។ សម្តេច ត្រូវ​ធ្វើជា​កញ្ជ្រោង មានន័យថា ត្រូវ​ស្គាល់​អន្ទាក់​(​កលល្បិច​របស់​មនុស្ស​)​។ 
 
​លោក​សរសេរថា ការគ្រប់គ្រង​អាណាចក្រ ឬ​រដ្ឋ​ប្រកបដោយ​ភាពជោគជ័យ មិន​ត្រឹមតែ​ចេះ​អនុវត្តន៍​ការបោក​ប​ញ្ជ្រោ​ត​ដ៏​ប៉ិនប្រសប់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ គួរតែ​គ្រប់គ្រង​ដោយ​ច្បាប់ និង​កម្លាំង ពីព្រោះ បើ​គ្មាន​កម្លាំង​ទេ ច្បាប់​ក៏មាន​ប្រសិទ្ធភាព​ដែរ​។ 
 
​លោក​ជាម​នុស្ស​ដែល​ចូលចិត្ត​ការសប្បាយ ភាពឆើតឆាយ និង​ស្ត្រី​ដែលមាន​សម្រស់​ឆើតឆាយ ព្រមទាំង​ចូលចិត្ត​អាន​សៀវភៅ​ផងដែរ​។ លោក​ជាម​នុស្ស​ស្រឡាញ់​អំណាច និង​ជាម​នុស្ស​ប្រកបដោយ​កលល្បិច​ច្រើន​។ លោក​មិនសូវ​ឲ្យ​តម្លៃ​ទៅលើ​អ្វី ដែលមាន​លក្ខណៈ​សីលធម៌​ប៉ុន្មាន​ទេ ទាំង​ក្នុង​ជីវភាព​រស់នៅ ឬ​ក្នុង​ទស្សនវិជ្ជា​នយោបាយ​។ ទស្សនៈ​ដ៏​ល្បីល្បាញ​របស់លោក​គឺ​«​បំបែកបំបាក់ ដើម្បី​ត្រួតត្រា​»​។ 
 
​ក្នុង​ស្នាដៃ​របស់លោក ភាគច្រើន​ចង់បង្ហាញ​ថា មេដឹកនាំ​ត្រូវតែ​ប្រកាន់យក​នយោបាយ​ពឹ​សពុល ដើម្បី​បុព្វហេតុ​បន្តអំណាច​។ ហេតុនេះហើយ ទើប​ទស្សនវិទូ​នយោបាយ​អាមេរិក លោក Leo Strauss បានចាត់ទុក​លោក​ម៉ា​ហ្សឺ​វែ​ល គឺជា​«​គ្រូ​បិសាច​» ដោយហេតុថា ម៉ា​ហ្សឺ​វែ​ល អប់រំ​សម្តេច ឲ្យ​ចៀសវាង​គុណធម៌ ការសណ្តោសប្រណី គតិបណ្ឌិត និង​សេចក្តីស្រឡាញ់​ប្រជាជន ដោយ​ឲ្យ​ប្រើ​មធ្យោបាយ​ឃោ​ឃៅ ហិង្សា ការ​បំភ័យ និង​ការបោកប្រាស់​៕          

Tag:
 Niccolo Machiavelli
© រក្សាសិទ្ធិដោយ thmeythmey.com