ជាតិ
សម្ដេច ហ៊ុន សែន ក្រើន​ជាថ្មី​ឲ្យ​អាជ្ញាធរ​ចាប់វាយ​ខ្នោះ អ្នកនយោបាយ​ឃោសនា​លុប​បំណុល​ពលរដ្ឋ
08, Feb 2017 , 10:05 am        
រូបភាព
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ចាប់វាយ​ខ្នោះ​ភ្លាមៗ ចំពោះ​បុគ្គល​នយោបាយ​ណា​ដែល​ដើរ​ឃោសនា​តាម​មូលដ្ឋាន ដោយ​សន្យាថា ពួកគេ​នឹង​លុប​បំណុល​ជូន​ពលរដ្ឋ ដែល​ជំពាក់​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ នៅពេលដែល​គណបក្ស​ពួក​គេ​ជាប់ឆ្នោត​នោះ​។ សម្ដេច ហ៊ុន សែន ចាត់ទុក​ការឃោសនា​របស់​បុគ្គល​ទាំងនោះ គឺជា​ការសន្យា​បោកប្រាស់​ពលរដ្ឋ ដើម្បី​កេងចំណេញ​នយោបាយ ដែលជា​រឿង​មិនអាច​ទៅរួច​ឡើយ​។



​ថ្លែង​ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា ពុទ្ធា​ភិ​សេ​ភ និង​ឆ្លង​សមិទ្ធផល ក្នុង​វត្ត​ព្រែកប្រា នៅ​ព្រឹក​នេះ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចំអក​ចំពោះ​គោលនយោបាយ​នោះ​វិញ​ថា បើសិនជា​ពួកគេ​ចង់​លុប​បំណុល​ជូន​ពលរដ្ឋ​នៅពេល​ពួកគេ​កាន់អំណាច​មែន​នោះ ទាល់តែ​បុគ្គល​ទាំងនោះធ្វើបដិវត្ត​​រំលាយរបបរាជានិយម បង្កើត​របបមួយថ្មីដូចជារបប ប៉ុល ពត វិញ​ ដែលគ្មាន​អ្នក​ជំពាក់​បំណុល​គេ​។​

​ជាមួយគ្នានេះ​សម្ដេច ហ៊ុន សែន ក៏បាន​អំពាវនាវ​ឲ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​ទាំងអស់ ត្រូវពន្យាសងដល់​ប្រជាពលរដ្ឋ ដែលជា​កូនបំណុល​ខ្លួន ដោយ​មិនត្រូវ​រឹបអូស​ទ្រព្យសម្បត្តិ​របស់​ពួកគេ នៅពេលដែល​ខ្វះ​លទ្ធភាព​សង​ត្រឡប់​វិញ​ឡើយ​។ ត្រង់ចំណុច​នេះ​សម្ដេច ហ៊ុន សែន ក៏​បញ្ជា​ឲ្យ​អាជ្ញាធរ​ចាត់វិធានការ​លើ​មីក្រូហិរញ្ញវត្ថុ ដែល​រឹបអូស​ទ្រព្យសម្បត្តិ​ពលរដ្ឋ​នេះដែរ​។ ហើយ​ពលរដ្ឋ​ក៏​មិនត្រូវ ចេះតែ​ខ្ចី​បំណុល​ធនាគារ ដោយ​មិន​ប៉ាន់ប្រមាណ​ពី​សមត្ថភាព​ខ្លួន​សង​ត្រឡប់​វិញ ។​

​ក្រៅពីនេះ​ប្រមុខ​រដ្ឋាភិបាល ក៏​បង្គាប់​ឲ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់ គប្បី​ដាក់​ស្លាក​ជា​គ្រឹះស្ថាន​ឯកជន ដើម្បី​កុំ​ឲ្យ​ពលរដ្ឋ​យល់ច្រឡំ​ថា មីក្រូហិរញ្ញវត្ថុ​ទាំងនោះ ជា​របស់​រដ្ឋ ដែល​នាំ​ឲ្យ​ពួកគេ​ចេះតែ​ខឹង​មកលើ​រដ្ឋាភិបាល​ថា គ្មាន​ដំណោះស្រាយ និង​យោគយល់​ដល់​ពលរដ្ឋ​ក្រីក្រ​ទៀត​៕


Tag:
 ហ៊ុន សែន​
  ​ឥណទាន
© រក្សាសិទ្ធិដោយ thmeythmey.com