ជាតិ
បុណ្យមាឃបូជា ត្រូវបាន​បារ​ព្ធ​ឡើង ដើម្បី​អ្វី​?
10, Feb 2017 , 10:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែល​គោរព​តាម​ព្រះពុទ្ធសាសនា អស់កាល​ជា​យូរអង្វែង​មកហើយ ដែលមាន​ប្រជាពលរដ្ឋ​ជាង​៩៥%​ភាគរយ​ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា ហើយ​រដ្ឋធម្មនុញ្ញ​បានចាត់ទុក​ព្រះពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ​។ ក្នុងនោះ​ចំនួន​ព្រះសង្ឃ​និង  វត្ត​អារាម​មានការ​កើនឡើង​ជា​លំដាប់​បើតាម​ស្ថិតិ​ឆ្នាំ​២០១៣​វត្ត​អារាម​មាន​ចំនួន​ជាង​៤៥០០​វត្ត​និង​ចំនួន​ព្រះសង្ឃ​មាន​ជាង​៥៤០០០​អង្គ​ដែលជា​គួរ​មោទន​ដ៏​ក្រៃលែង​។​



​ការ​ប្រារព្ធ​ពិធីបុណ្យ​មាឃបូជា​ នេះ​ឡើង​គឺ​ដើម្បី​ប្រារព្ធ​នូវ​ព្រឹត្តិការ​ណ៏​ធំ​៣​យ៉ាង​គឺ​៖

១/​ដើម្បី​ប្រារព្ធ​នូវ​ការធ្វើ​ចតុរង្គសន្និបាត​ប្រកបដោយ​អង្គ​បួន​
២/​ដើម្បី​ប្រារព្ធ​ថ្ងៃ​ដែល​ព្រះអង្គ​ទ្រង់​សម្តែង​ឱវាទបាតិមោក្ខ​
៣/​ដើម្បី​ប្រារព្ធ​ថ្ងៃ​ដែល​ព្រះអង្គ​ទ្រង់​ដាក់​អាយុសង្ខារ​
   
​សម័យមួយ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​គង់នៅ ក្នុង​គុហា (​រូងភ្នំ​) ឈ្មោះ សូករ​ខ​តា នា​ភ្នំ​គិ​ជ្ឈ​កូដ (​ភ្នំ​មាន​កំពូល​ដូចជា​សត្វ​ស្មា​ត​) ជិត​ក្រុង​រាជគ្រឹះ ដើម្បី​សម្តែង​ទីឃ​នខ​សូត្រ ប្រោស​ទីឃ​នខ​បរិ​ព្វា​ជក ដែល​សម្តែង​អំពី​មហាភូតរូប​បួន ដែល​ប្រព្រឹត្តិ​ទៅ​មិន​ទៀត​ទាត់​ឡើយ​។​

​គាប់​ជួន​វេលា​នោះឯង ព្រះ​ធម្មសេនាបតី​កុ​ង្សី​យ៏​ធម៌ គង់​ស្ថិតនៅ​ខាង​ព្រះ​ប្រឹ​ស្នា​ង្គ​( ខាងក្រោយ​ខ្នង​) ដែល​បាន​បក់ផ្លិត​ថ្វាយ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​បាន​ពិចារណា​ទៅតាម​ក្រសែ​នៃ​ព្រះធម៌​ក៏បាន​សម្រេច ជា​ព្រះអរហន្ត​ជាទីបំផុត​នៃ​សាវក​បារមី​ញាណ និង​បញ្ញា​១៦​។
​ចំណែកឯ​ទីឃ​នខ​បរិ​ព្វា​ជក ក៏បាន​សម្រេច​សោតា​ប​ត្តិ​ផងដែរ​។ នាកាល​ព្រះអាទិត្យ​រៀបនឹង​អស់​ស្ត​ង្គ​ត​ព្រះសម្មាសម្ពុទ្ធ​ស្តេច​យាងចុះ​ពី​កំពូលភ្នំ​គិ​ជ្ឈ​កូដ ហើយ​យាង​ទៅកាន់​វត្ត​វេឡុវ័ន ហើយ​ទ្រង់​ធ្វើ​សាវក​សន្និបាត​មាន​អង្គ​បួន​។
   
​ក​/​ព្រឹត្តិការ​ណ៏​ទី​១ ចតុរង្គសន្និបាត​មាន​អង្គ​៤ គឺ​ការប្រជុំ​ប្រកបដោយ​អង្គ​បួន​គឺ​៖

១/​ថ្ងៃ​ឧបោសថ​ព្រះ​ច័ន្ទ​ពេញវង់​ល្អ ជា​ថ្ងៃ​ដែល​ព្រះអង្គ​ទ្រង់​ធ្វើ​វិ​សុ​ទ្ធុ​បោស​ថ​
២/​ក្នុង​ថ្ងៃនោះ ជា​ថ្ងៃ​ដែល​ព្រះ​ភិក្ខុសង្ឃ​ទាំង​១២៥០​អង្គ​មក​ប្រជុំគ្នា​ដោយ​មិន​មានការ​ណាត់គ្នា​មុន​ឡើយ​បានមក​កាន់  សំណាក់​ព្រះសម្មាសម្ពុទ្ធ​ក្នុង​ថ្ងៃ​តែមួយ​ព្រម​គ្នា​
៣/​ព្រះ​ភិក្ខុសង្ឃ​ទាំងនោះ​សុទ្ធសឹង​ជា​ព្រះអរហន្ត​ទាំងអស់ ដែល​បានសម្រេច​នូវ​អភិញ្ញា​៦
៤/​ព្រះ​ភិក្ខុសង្ឃ​ទាំង​អម្បាល​នោះ សុទ្ធសឹងតែ​ជា​ឯ​ហិ​ភិក្ខុ​ទាំងអស់​( ដោយ​បួស​មិនមាន​ឧ​ប​ជ្ជា ឬ​បាន​កោរសក់​នោះទេ ដោយ​គ្រាន់តែ​ចូលគាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ហើយ​បាន​ស្តាប់ធម៌​ក៏បាន​ក្លាយជា​ព្រះ​ភិក្ខុសង្ឃ​ដូច​គេ​ដែរ​)​។ ចតុរង្គសន្និបាត ឬ​សាវក​សន្និបាត​បែបនេះ មានតែ​ម្តង​ប៉ុណ្ណោះ​ក្នុងសម័យ​ព្រះពុទ្ធ​គង់នៅ មិន​កើតមានឡើង​ច្រើនដង​បានទេ​។​

​ខ​/​ព្រឹត្តិការ​ណ៏​ទី​២ ថ្ងៃ​ដែល​ព្រះអង្គ​ទ្រង់​សម្តែង​ឱវាទបាតិមោក្ខ​ឱវាទបាតិមោក្ខ ជា​កម្រង​ដំបូន្មាន​ដែល​ព្រះពុទ្ធ​ជា​ម្ចាស់​ទ្រង់​សម្តែង ដើម្បី​ដឹកនាំ​សត្វលោក​ទាំងអស់​ឲ្យ​រួចផុត​ទុក្ខ​។ ព្រះពុទ្ធ​ជា​ម្ចាស់​ទ្រង់​ត្រាស់​សម្តែង​នូវ​ឱវាទបាតិមោក្ខ ដែលមាន​ពុទ្ធវចនៈ​៣​គាថា​កន្លះ​ដែល​សំរាយ​សេចក្តី​ជា​ខ្មែរ​ដូចខាងក្រោម​៖

​អ​ធិ​វ​សន​ខន្តី គឺ​សេចក្តី​អត់ធន់ ជា​តបធម៌​ដ៏​ឧ​ត្ត​ម ព្រះពុទ្ធ​ទាំងឡាយ​តែង​ត្រាស់​ថា ព្រះ​និ​ញ្វ​ន​ជា​ធម៌​ដ៏​ឧ​ត្ត​ម បព្វជិត​អ្នក​សម្លាប់សត្វ​ដទៃ បៀតបៀន​សត្វ​ដទៃ មិន​ឈ្មោះថា​សមណៈ​ឡើយ​។​

​ការមិន​ធ្វើបាប​ទាំងពួង ការបំពេញ​កុសល ការ​ញុំ​ា​ង​ចិត្ត​របស់ខ្លួន​ឲ្យ​ផូរផង់ ទាំងបី​នេះ ជា​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះពុទ្ធ​ទាំងឡាយ​។​

​ការមិន​ពោល​ពាក្យ​តិះដៀល ការមិន​បៀតបៀន ការ​សង្រួម​ក្នុង​បាតិមោក្ខ ភាវៈ​ជា​អ្នក ដឹក​ប្រមាណ​ក្នុង​ភត្ត​ទី​ដេក​ទី​អង្គុយ​ដ៏​ស្ងាត់ ការបំពេញ​ព្យាយាម​ក្នុង​អធិចិត្ត​ទាំង​៦ នេះ​ជា​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះពុទ្ធ​ទាំងឡាយ​។

​ក្រោយពី​ព្រះអង្គ​ទ្រង់​ត្រាស់​សម្តែង​ឱវាទបាតិមោក្ខ​រួចហើយ ព្រះ​សមណ​គោត្ត​ម​បរមគ្រូ​ជា​ម្ចាស់​នៃ​យើង ទ្រង់​ប្រកាស​តែងតាំង​ភិក្ខុ​ពីរ​អង្គ ជា​អគ្គសាវ័ក​កំពូល​លើស​ភិក្ខុ​ទាំងឡាយ​ដោយ​តាំង​ព្រះ​សារីបុត្ត ជា​អគ្គសាវ័ក​ស្តាំ ដែលជា​ភិក្ខុ​កំ​ពូ​លើ​ភិក្ខុ​ទាំងឡាយ​ជា​សាវ័ក ផ្នែក​ខាង​មាន​បញ្ញា​ច្រើន និង​តាំង​ព្រះមហា​មោគ្គល្លាន ជា​អគ្គសាវ័ក​ឆ្វេង ជា​ភិក្ខុ​កំពូល​លើ ភិក្ខុ​ទាំងឡាយ ផ្នែក​ខាង​មាន​ឫទ្ធិ​ច្រើន​។​

​គ​/​ព្រឹត្តិការ​ណ៏​ទី​៣ ថ្ងៃ​ព្រះអង្គ​ទ្រង់​ដាក់​អាយុសង្ខារ គឺជា​ថ្ងៃ​ដែល​មារ​មានចិត្ត​បាប​ចូលគាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ហើយ​ក្រាប់ទូល​ដោយ​ទទូចថា បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន ឥឡូវនេះ​សូម​ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​បរិនិព្វាន​ទៅ សូម​ព្រះ​សុគត​បរិនិព្វាន​ទៅ បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន ឥឡូវនេះ​ជា​កាល​គួរ​នឹង​បរិនិព្វាន​របស់​ព្រះ​មាន​ព្រះ​ភាគ​ហើយ​។ ព្រះពុទ្ធ​អង្គ​ក៏​ទ្រង់​ត្រាស់​តប​ពាក្យ​ពោល​របស់​មារ​ថា ម្នាល​មារ​មានចិត្ត​បាប ចូរ​អ្នកមាន​សេចក្តី​ខ្វល់ខ្វាយ​តិច​ចុះ ការ​បរិនិព្វាន​របស់​តថាគត​មិនយូរប៉ុន្មាន​ទេ កន្លង​៣​ខែ​អំពី​ថ្ងៃនេះ​ទៅ តថាគត​នឹង​បរិនិព្វាន​ហើយ​។

​ព្រះពុទ្ធ​បរមគ្រូ​នៃ​យើង​ទ្រង់​ដាក់ចុះ​នូវ​ព្រះ​ជន្មាយុ​សង្ខារ ពោលគឺ​ទ្រង់​កំណត់​ថ្ងៃ ដែល​ព្រះអង្គ​នឹង​រំលត់​ខន្ធ​ចូលកាន់​មហា​បរិនិព្វាន ដែល​ជាការ​លាចាក​លោក​នេះ ដោយ​ពុំមាន​ការវិលត្រឡប់​វិញ ជាការ​លាចាក​សង្សារវដ្ដ ដោយ​ពុំមាន​អាឡោះអាល័យ ព្រោះ​ផ្លូវ​ដែល​ព្រះអង្គ​យាង​ទៅ ជា​ផ្លូវ​សុខ​ស្ងប់​ប្រាសចាក​ទុក្ខ​ទាំងពួង​។​
​សូម​អនុមោទនា​!!!!!!

​សរសេរ​អត្ថបទ​ដោយ សមណៈ​និស្សិត រី សង្ហា​ធ្វើ​នៅ​វត្ត សារា​វ័ន ថ្ងៃទី​១៣​កើត ខែមាឃ ឆ្នាំ​មរ​មី ឆស័ក ព​.​ស​២៥៥៨​ត្រូវ​នឹង​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១៥​។​
​ទូរស័ព្ទ​៖០១០ ៧៤១ ៧៩៣


Tag:
 ​មាឃបូជា​
© រក្សាសិទ្ធិដោយ thmeythmey.com