អន្តរជាតិ
បញ្ជា​លើក​ទី​១ បរាជ័យ​, ត្រាំ ត្រៀម​ចេញ​បញ្ជា​ថ្មី​ទៀត​ដើម្បី​ទប់ស្កាត់​ជនអន្តោប្រវេសន៍​
11, Feb 2017 , 6:19 pm        
រូបភាព
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​រង​បរាជ័យ​ផ្ទួនៗ​ក្នុងការ​អនុវត្ត​ឡើងវិញ​បទបញ្ជា​ហាមឃាត់​លំហូរ​ជនអន្តោប្រវេសន៍​ចូលមក​ទឹកដី​អាមេរិក​។ ដោយហេតុថា បទបញ្ជា​លើក​ទី​១ រង​បរាជ័យ លោក​ប្រធានាធិបតី ត្រាំ កំពុង​ពិចារណា​ចេញ​បញ្ជា​ថ្មី​ដើម្បី​ហាមឃាត់​ជនជាតិ​ពី​ប្រទេស​ជាក់លាក់​ណាមួយ​ពី​ការចូល​ទឹកដី​អាមេរិក​តែម្ដង​។ លោក​បាន​ប្រាប់​អ្នកកាសែត​នៅ​ថ្ងៃទី​១០ ខែកុម្ភៈ​ថា បទបញ្ជា​ថ្មី​នឹង​ចេញ​ជា​រូបរាង​នៅ​សប្ដាហ៍​ក្រោយ​។​



​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ មិន​សប្បាយចិត្ត​ឡើយ ពេល​បទបញ្ជា​របស់​ប្រធានាធិបតី​ដែល​ហាមឃាត់​ប្រជាជន​មកពី​ប្រទេស​ម៉ូ​ស្លី​ម ៧ ចូល​ដី​អាមេរិក ត្រូវបាន​តុលាការ​សហព័ន្ធ​ព្យួរ​ការអនុវត្ត​បណ្តោះអាសន្ន​។ ប្រធានាធិបតី​ដែល​អួតអាង​ថា វា​ជា​វិធានការ​ការពារ​សន្តិសុខ​អាមេរិក​នោះ បាន​ទិតៀន​ស្ថាប័ន​តុលាការ​អាមេរិក​ដែល​ប្រឆាំង​ចំណាត់ការ​លោក និង​បាន​ហៅ​ការសម្រេចចិត្ត​របស់​តុលាការ​ជា​រឿង​នយោបាយ​ទៀតផង​។​

​ដោយ​មិន​ចេញ​ចិត្តការ​សម្រេច​របស់​តុលាការ ប្រធានាធិបតី​អាមេរិក​រូបនេះ ក៏​កំពុង​លៃលក​ចេញ​បញ្ជា​ថ្មី​ហាមឃាត់​ប្រជាជន​មកពី​ប្រទេស​ដែល​អាច​បង្ក​ការគំរាមកំហែង ជំនួស​បទបញ្ជា​ចាស់​ដែល​ត្រូវ​តុលាការ​ព្យួរ​កាលពី​សប្ដាហ៍​មុន​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក​ប្រធានាធិបតី ត្រាំ និយាយថា បទបញ្ជា​ថ្មី អាច​នឹង​ចេញ​នៅ​ដើម​សប្ដាហ៍​ក្រោយ​តែម្ដង ព្រោះ​អាមេរិក កំពុង​រង​ការ​គំរាម​យ៉ាងខ្លាំង​។​

​យ៉ាងណាក្ដី លោក ត្រាំ មិនបាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ពី​ព័ត៌មាន​លម្អិត​នៃ​បទបញ្ជា​ឡើយ ដោយ​លោក​គ្រាន់តែ​បញ្ជាក់ថា នឹងមាន​ការកែប្រែ​ពីបទ​បញ្ជា​ដើម​ខ្លះ​។ បទបញ្ជា​ដើម​របស់លោក បាន​ហាមឃាត់​ការធ្វើដំណើរ​មក​អាមេរិក​រយៈពេល​៩០​ថ្ងៃ សម្រាប់​ប្រជាជន​មកពី​ប្រទេស​ចំនួន​៧ និង​១២០​ថ្ងៃ​សម្រាប់​ជនអន្តោប្រវេសន៍​។ បទបញ្ជា​នេះ ធ្វើ​ឲ្យ​លោក ត្រាំ រង​ការរិះគន់​យ៉ាងខ្លាំង​ពី​សហគមន៍​អន្តរជាតិ ជាពិសេស​ប្រទេស​ឥស្លាម ព្រោះ​ពួកគេ​យល់ថា អាមេរិក​រើស​អើ​សជន​មូស្លីម​។​

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ មូលហេតុ​មួយ ដែល​ប្រធានាធិបតី ត្រាំ ចង់​ចេញ​ក្រិ​ត្យ​ថ្មី ព្រោះ​លោក ទំនងជា​មិន​ប្ដឹង​ដល់​តុលាការ​កំពូល ដើម្បី​សម្រេច​ថា បទបញ្ជា​ចាស់​របស់លោក អាចអនុវត្ត​ឡើងវិញ​បាន​ឬ​យ៉ាងណាដែរ​។ នេះ​ក៏​ព្រោះតែ​បេក្ខជន​ចៅក្រម​តុលាការ​កំពូល​ដែល​លោក​ជ្រើសរើស នៅ​មិនទាន់​ចូលកាន់​តំណែង​នៅឡើយ ហើយ​សព្វថ្ងៃនេះ​សំឡេងគាំទ្រ​លោក​នៅ​តុលាការ​កំពូល​មាន​៤​រូប និង​ប្រឆាំង​៤​រូប​។ ដូច្នេះ លោក​ទំនងជា​ចេញ​បទបញ្ជា​ថ្មី ជាជាង​ចំណាយពេល​នៅ​តុលាការ​កំពូល​។​

​ម្យ៉ាងទៀត ការបន្ត​រិះគន់​ឥត​សំចៃមាត់​លើ​ស្ថាប័ន​តុលាការ​របស់លោក ត្រាំ នេះ ត្រូវបាន​គេ​ចាត់ទុកជា​បំពាន​លើ​អំណាចតុលាការ ដែលជា​អំណាច​ឯករាជ្យ​នោះ​។ ហើយ​គេ​បារម្ភ​ថា ប្រធានាធិបតី​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គោលការណ៍​ត្រួតពិនិត្យ​អំណាច​ដែលមាន​វត្តមាន​ក្នុងសង្គម​អាមេរិក និង​ជា​មូលដ្ឋានគ្រឹះ​នៃ​ប្រជាធិបតេយ្យ​អាមេរិក​យូរ​មកហើយ​នោះ​៕   


Tag:
 ​អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  អន្តោប្រវេសន៍​
© រក្សាសិទ្ធិដោយ thmeythmey.com