អន្តរជាតិ
កូរ៉េខាងជើង​សាកល្បង​មី​ស៊ី​ល​លើកដំបូង​ក្នុង​ឆ្នាំ​២០១៧, តែ​មិនមែនជា​មី​ស៊ី​ល​អន្តរទ្វីប​ឡើយ​
12, Feb 2017 , 10:11 am        
រូបភាព
​កូរ៉េខាងជើង បាន​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​កមួយ​ក្នុង​គោលដៅ​ឆ្ពោះទៅ​សមុទ្រ​ខាងកើត​ប្រទេស​។ គេ​មិនទាន់​ដឹង​ច្បាស់​ទេ​ថា មី​ស៊ី​ល​ដែល​បាញ់​ចេញ​នៅ​ព្រឹក​ថ្ងៃទី​១២ ខែកុម្ភៈ ជា​មី​ស៊ី​ល​អន្តរទ្វីប (ICBM) ឬ​យ៉ាង​ដែរ ប៉ុន្តែ​យោធា​កូរ៉េខាងត្បូង និង​អាមេរិក ជឿថា មី​ស៊ី​ល​នេះ មិនមែនជា​មី​ស៊ី​ល​អន្តរទ្វីប​ដ៏​មាន​ឥទ្ធិពល​ឡើយ​។ នៅពេលនេះ ទាំង​កូរ៉េខាងត្បូង ទាំង​អាមេរិក និង​ជប៉ុន កំពុង​តាមដាន​ស្ថានការណ៍​យ៉ាង​យកចិត្តទុកដាក់ ជាមួយនឹង​ការព្រួយបារម្ភ​ចំពោះ​ស្ថិរភាព​តំបន់​។

 


​ការិយាល័យ​សេនាធិការ​កងទ័ព​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​១២ ខែកុម្ភៈ បានប្រកាសថា កូរ៉េខាងជើង បាន​បាញ់​មី​ស៊ី​ល​មួយ​សំដៅ​សមុទ្រ​ជប៉ុន​។ នេះ​ជា​លើក​ទី​១ ដែល​កូរ៉េខាងជើង​បាញ់​សាកល្បង​មី​ស៊ី​ល​ក្នុង​ឆ្នាំ​២០១៧ ហើយក៏​ជា​លើកដំបូង​ចាប់តាំងពី​ការចូល​កាន់តំណែង​រប​ស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​២០ ខែមករា​។ ហើយ​នេះ ក៏​ទំនងជា​ការសាកល្បងរ​បស់​កូរ៉េខាងជើង ចំពោះ​ការឆ្លើយតប​ណាមួយ​របស់​អាមេរិក​ផងដែរ​។​

​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង Yonhap ផ្សាយ​ថា គេ​មិនទាន់​ស្គាល់​ប្រភេទ​នៃ​មី​ស៊ី​ល​ដែល​បាញ់​នេះ​នៅឡើយ​ទេ​។ គេ​គ្រាន់តែ​ដឹងថា មី​ស៊ី​ល​ត្រូវបាន​បាញ់​ចេញពី​មូល​អាកាស Banghyon ស្ថិតក្នុង​ខេត្ត Pyongan ខាងជើង​។ ការិយាល័យ​សេនាធិការ​កងទ័ព​កូរ៉េខាងត្បូង ក៏​និយាយ​ដែរ​ថា បើ​គិត​លើ​រយៈ​ចម្ងាយ​នៃ​ការបាញ់ គឺអាច​សន្និដ្ឋានបានថា មី​ស៊ី​ល​នេះ មិនមែនជា​ប្រភេទ​នៃ​មី​ស៊ី​ល​អន្តរទ្វីប Musudan ដែល​អាច​បាញ់​ដល់​អាមេរិក​ឡើយ​។

​ប្រភពពី​យោធា​កូរ៉េខាងត្បូង បញ្ជាក់ដែរថា កងទ័ព​ក៏​កំពុង​កំណត់​ប្រភេទ​នៃ​មី​ស៊ី​ល​នេះ​ថា ជា​មី​ស៊ី​ល​បាលី​ស្ទិ​ក​រយៈ​ចម្ងាយ​មធ្យម Musudan ឬក៏​ជា​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី Rodong ។ មី​ស៊ី​ល​ដែល​បាញ់​នៅ​ថ្ងៃទី​១២ ខែកុម្ភៈ​នេះ ហោះ​បាន​ចម្ងាយ​តែ​៥០០​គីឡូម៉ែត្រ​ប៉ុណ្ណោះ ដោយបាន​ធ្លាក់ចូល​សមុទ្រ​ជប៉ុន​។ ចម្ងាយ​នេះ គឺ​ខ្លី​ជាង​ចម្ងាយ​មី​ស៊ី​ល Musudan មាន​សមត្ថភាព​អាច​បាញ់​ដល់ ខណៈ​មី​ស៊ី​ល Musudan អាច​រត់​បាន​ចម្ងាយ​ជាង​៣០០០​គីឡូម៉ែត្រ​ឯណោះ​។​

​រយៈពេល​ប៉ុន្មាន​ឆ្មាំ​ចុង​ក្រោយនេះ ក្រុង​ព្យុងយ៉ាង បាន​ព្យាយាម​ជាច្រើនលើក​ច្រើនសារ​ដើម្បី​សម្រេច​ឲ្យ​បាន​មី​ស៊ី​ល​បាលី​ស្ទិ​ក Musudan ដ៏​មាន​ឥទ្ធិពល​។ កាលពី​ឆ្នាំ​២០១៦ កូរ៉េខាងជើង បាន​សាកល្បង​មី​ស៊ី​ល​ប្រភេទ​នេះ ដល់​ទៅ​៨​ដង ប៉ុន្តែ​ភាគច្រើន​បរាជ័យ​។ នៅក្នុង​សារ​អបអរ​ឆ្នាំ​ថ្មី​ក្នុង​ខែមករា ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ក៏បាន​ប្រកាស​ក្ដែ​ងៗ​ថា ខ្លួន ជិត​សម្រេចបាន​មី​ស៊ី​ល​អន្តរទ្វីប​ហើយ ព្រមទាំង​អាច​បាញ់​នៅពេលណា​ក៏បាន​ទៀតផង​។

​យ៉ាងណាមិញ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក៏បាន​ចេញមក​និយាយ​ដែរ​ថា កូរ៉េខាងជើង គ្មាន​ផ្លូវ​អាច​អភិវឌ្ឍ​មី​ស៊ី​ល​អន្តរទ្វីប​បានទេ​។ ចំណែក​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក James Mattis ក៏បាន​ព្រមាន​ដែរ​ថា កូរ៉េខាងជើង នឹង​ទទួលបាន​ការឆ្លើយតប​យ៉ាង​ពេញចិត្ត បើ​ហ៊ាន​វាយប្រហារ​កូរ៉េខាងត្បូង ឬ​បង្ក​សកម្មភាព​ព្រហើន​ណាមួយ​នោះ ហើយ​អាមេរិក ក៏បាន​ត្រៀម​រួចរាល់​ដើម្បី​ទប់ស្កាត់​មី​ស៊ី​ល​កូរ៉េខាងជើង រួមទាំង​ការពង្រាយ​ខែល​ការពារ​មី​ស៊ី​ល​នៅ​កូរ៉េខាងត្បូង​ទៀតផង​៕ 


Tag:
 កូរ៉េខាងជើង​
  កូរ៉េខាងត្បូង​
  ឧបទ្វីប​កូរ៉េ​
© រក្សាសិទ្ធិដោយ thmeythmey.com