អន្តរជាតិ
ត្រាំ ដឹង​រឿង​ទីប្រឹក្សា​ខ្លួន​និយាយ​ទូរ​សព្ទ​ជាមួយ​ទូត​រុស្ស៊ី​តាំងពី​យូរ តែ​មិន​អើពើ​ព្រោះ​ចង់​ការពារ​
15, Feb 2017 , 9:19 pm        
រូបភាព
​អ្នកនាំពាក្យ​សេត​វិមាន Sean Spicer បាន​និយាយថា ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បានដឹង​រឿង​ទីប្រឹក្សា​សន្តិសុខ​ជាតិ Michael Flynn និយាយ​កុហក​រឿង​និយាយ​ទូរ​សព្ទ​ជាមួយ​ទូត​រុស្ស៊ី​យូរ​មកហើយ​។ បើទោះជា​ដឹងថា លោក Michael Flynn និយាយ​មិន​ត្រង់ និ​មិន​ប្រាប់​អនុ​ប្រធានាធិបតី Mike Pence ពី​រឿង​លម្អិត​ក្តី  ក៏​លោក​ប្រធានាធិបតី ត្រាំ មិនបាន​ចាត់វិធានការ​អ្វី​ដែរ ឬក៏​បញ្ឈប់​លោក Flynn  តែ​ទុក​ឲ្យ​លាលែង​ដោយ​ខ្លួនឯង​ទៅវិញ​។​



​កិច្ចសន្ទនា​តាម​ទូរ​សព្ទ​រវាង​ទីប្រឹក្សា​សន្តិសុខ​ជាតិ Michael Flynn និង​អគ្គរដ្ឋទូត​រុស្ស៊ី បង្ក​ជាការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​លើ​បញ្ហា​សន្តិសុខ​ជាតិ​របស់​អាមេរិក​។ លោក Flynn បាន​និយាយ​ទូរ​សព្ទ​ជាមួយ​លោក Sergei Kislyak តាំងតែ​ពី​ពេល​លោក ដូ​ណា​ល់ ត្រាំ ស្បថ​ចូលកាន់​តំណែង​ទៅទៀត ហើយ​គេ​ជឿថា ការសន្ទនា​តាម​ទូរ​សព្ទ​នេះ មាន​លើកឡើង​ពី​បញ្ហា​ទណ្ឌកម្ម​របស់​អាមេរិក​ដាក់​លើ​រុស្ស៊ី​ជំនាន់​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ។​

​អ្វី​កាន់តែ​ធ្ងន់ធ្ងរ​នោះ​គឺ ទីប្រឹក្សា​សន្តិសុខ​ជាតិ​រូបនេះ បែរជា​ធ្វើ​ឲ្យ​លោក Pence ច្រឡំ ព្រោះ​មិនបាន​ផ្ដល់ព័ត៌មាន​ជាក់លាក់​ពី​កិច្ចសន្ទនា​នេះ​ទេ​។ ឯ​អនុ​ប្រធានាធិបតី Pence វិញ បន្ទាប់ពី​លឺ​ព័ត៌មាន​ពាក់ព័ន្ធ​ការនិយាយ​ទូរ​សព្ទ​នេះ លោក​ក៏​ចេញមុខ​ការពារ​លោក​ឧ​ត្ត​ម​សេនីយ៍​ចូលនិវត្តន៍ Flynn ដោយ​លោក​ជឿជាក់​លើ​សម្ដី​របស់​ទីប្រឹក្សា​សន្តិសុខ​នេះ​។ អ្នកនាំពាក្យ​របស់លោក Pence និយាយថា លោក​អនុ​ប្រធានាធិបតី​ផ្ទាល់ ក៏​ទើប​ដឹង​រឿង​លោក Flynn និយាយ​កុហក​លោក​កាលពី​សប្ដាហ៍​មុននេះ​ដែរ​។​

​អ្នកនាំពាក្យ​សេត​វិមាន Sean Spicer នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ បាន​និយាយ លោក​ប្រធានាធិបតី ត្រាំ ទទួលបាន​ដំណឹង​ពី​រឿង​ឧ​ត្ត​ម​សេនីយ៍ Flynn កុហក​លោក Pence សន្ទនា​តាម​ទូរ​សព្ទ​តាំងពី​ចុងខែ​មករា​។ ប៉ុន្តែ​ប្រធានាធិបតី​រូបនេះ មិនមាន​ចំណាត់ការ​អ្វី​លើ​លោក Flynn ឡើយ ខណៈដែល​អ្នកនយោបាយ​ក្នុងស្រុក​ជាច្រើន ជាពិសេស​ក្រុម​បក្ស​ប្រជាធិបតេយ្យ បាន​វាយប្រហារ​ខ្លាំងៗ និង​ទាមទារ​ឲ្យ​បើក​ការស៊ើបអង្កេត​ទ្រង់ទ្រាយ​ធំ​លើ​រឿងនេះ​ទៀត​។​

​កាលពី​ចុងខែ​មករា ក្រសួងយុត្តិធម៌​អាមេរិក ក៏​ធ្លាប់បាន​ព្រមាន​សេត​វិមាន​ម្ដង​ហើយ​ជុំវិញ​ការ​កុហក​របស់លោក Flynn រឿង​និយាយ​ទូរ​សព្ទ​នេះ ដោយ​លោក​ប្រា​ប់លោក Pence ថា​មិនបាន​និយាយ​រឿង​ទណ្ឌកម្ម​ជាមួយ​ទូត​រុស្ស៊ី​ទេ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters មន្ត្រី​អាមេរិក​និយាយថា កិច្ចសន្ទនា​របស់លោក Flynn ត្រូវបាន​ថត​ទុក​ដោយ​មន្ត្រី​ចារកម្ម ហើយ​សំឡេង​ថត​ទុក​បង្ហាញថា លោក Flynn ពិតជា​បាន​និយាយ​រឿង​ទណ្ឌកម្ម​មែន​។​

​ទាក់ទិន​រឿង​ទណ្ឌកម្ម គេ​អាច​ចាំបាន​ថា មុន​ចប់​អាណត្តិ​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា បានសម្រេច​បណ្ដេញចេញ​មន្ត្រី​ទូត​រុស្ស៊ី​ជាច្រើន​នាក់​ចេញពី​ទឹកដី​អាមេរិក និង​បាន​បិទ​ទីតាំង​អចលនទ្រព្យ​របស់​រុស្ស៊ី​ពីរ​កន្លែង​ទៀត​។ ជាធម្មតា ប្រធានាធិបតី​វ្ល៉ា​ឌី​មៀ ពូ​ទីន គួរតែ​ខឹង​ខ្លាំង និង​ចាត់វិធានការ​ភា្ល​មៗ ជាការ​ឆ្លើយតប​នឹង​ទណ្ឌ​កម្មនេះ ប៉ុន្តែ​លោក​មិនបាន​ធ្វើ​អ្វី​សោះ និង​ប្រកាសថា រង់ចាំ​លោក ត្រាំ ចូលកាន់​តំណែង​សិន ចាំ​និយាយ​រឿង​ទណ្ឌ​កម្មនេះ​។​

​ដោយសារ​រឿងនេះ ទើប​គេ​ជឿថា កិច្ចសន្ទនា​រវាង​ឧ​ត្ត​ម​សេនីយ៍ Flynn និង​អគ្គរដ្ឋទូត​រុស្ស៊ី ពិតជា​បាន​និយាយ​រឿង​ទណ្ឌកម្ម​មែន​។ ឧ​ត្ត​ម​សេនីយ៍ Flynn ទំនងជា​បាន​សន្យាថា រដ្ឋបាល​លោក ត្រាំ នឹង​ដក​ទណ្ឌកម្ម​ចេញ​ពេល​កាន់តំណែង ទើប​រុស្ស៊ី​សម្រេចចិត្ត​នៅ​ស្ងៀម​មិន​ឆ្លើយតប​នឹង​វិធានការ​របស់លោក អូ​បា​ម៉ា ដូច​សព្វ​ដងនោះ​។ ជាការ​ពិត លោក ត្រាំ ក៏​តែងតែ​លើកឡើងថា លោក​ចង់បាន​ទំនាក់ទំនង​ល្អជា​មួយ​រុស្ស៊ី និង​អាច​ពិចារណា​ដក​ទណ្ឌកម្ម​លើ​រុស្ស៊ី​ទៀតផង​។​

​ងាក​មក​រឿង​ឧ​ត្ត​ម​សេនីយ៍ Flynn សមាជិក​រដ្ឋសភា​មកពី​បក្ស​ប្រជាធិបតេយ្យ Adam Schiff បញ្ជាក់ថា លោក​ប្រធានាធិបតី ត្រាំ ស្នើ​ឲ្យ​លោក Flynn លាលែង ក៏​ព្រោះតែ​រឿងរ៉ាវ​បែកធ្លាយ​ជា​សាធារណៈ​ទៅហើយ​។ ទោះ​ចង់​ការពារ​មន្ត្រី​ខ្លួន​ក៏ដោយ លោក ត្រាំ ទំនងជា​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅពី​ប្រាប់​ឲ្យ​លោក Flynn ចាក​ចេញពី​តំណែង​កាន់​បាន​ជិត​មួយខែ​នេះ ដើម្បី​ចៀសវាង​ការប៉ះពាល់​មុខមាត់​រដ្ឋបាល​ថ្មី ដែល​កំពុង​រង​ការរិះគន់​គ្រប់ទិសទី​ស្រាប់​ហើយ​នោះ​៕


Tag:
 ​រុស្ស៊ី​
  អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  Michael Flynn
© រក្សាសិទ្ធិដោយ thmeythmey.com