អន្តរជាតិ
របប​សឹក​ថៃ ត្រៀម​រឹបអូស​ទ្រព្យសម្បត្តិ​អតីត​នាយករដ្ឋមន្ត្រី​លោកស្រី យី​ង​ឡាក់
16, Feb 2017 , 9:59 pm        
រូបភាព
លោកស្រី យីងឡាក់ ស៊ីនណាវ៉ាត់ត្រា (រូបថតដោយ៖ Xinhua)
លោកស្រី យីងឡាក់ ស៊ីនណាវ៉ាត់ត្រា (រូបថតដោយ៖ Xinhua)
ដោយ:
​ការតស៊ូ​របស់​អតីត​នាយករដ្ឋមន្ត្រី​ថៃ​ស្រី​ដំបូងបង្អស់​លោកស្រី យី​ង​ឡាក់ ស៊ីន​ណា​វ៉ា​ត់​ត្រា តាមផ្លូវ​តុលាការ​ដើម្បី​ប្រឆាំង​ទៅនឹង​លិខិត​បង្គាប់​ឲ្យ​ផ្តល់​សំណង​ពី​រដ្ឋាភិបាល​របប​សឹក​ថៃ ហាក់ដូចជា​គ្មាន​លទ្ធផល​អ្វី​ល្អ​នោះទេ​។ រដ្ឋាភិបាល​របប​សឹក​ថៃ បាន​អះអាងថា​លិខិត​បញ្ជា​របស់​នាយករដ្ឋមន្ត្រី​មាន​ច​រិ​ក​លក្ខណៈ​ស្របច្បាប់ និង​គ្រប់គ្រាន់​ដើម្បី​រឹបអូស​ទ្រព្យសម្បត្តិ​លោកស្រី ដោយ​មិនចាំបាច់​មាន​ដីកា​បង្គាប់​ពី​តុលា​ការដែល​លោកស្រី យី​ង​ឡាក់ កំពុងតែ​តស៊ូ​មតិ​ឡើយ​។



​លោក​ឧបនាយករដ្ឋមន្ត្រី​ថៃ លោក Wissanu Krea-ngam នៅ​ថ្ងៃទី​១៥ កុម្ភៈ បាន​ឲ្យ​ដឹងថា ការ​រឹបអូស​ទ្រព្យ​ដែលជា​កម្មសិទ្ធិ​របស់​អតីត​នាយករដ្ឋមន្ត្រី លោកស្រី យី​ង​ឡាក់ ស៊ីន​ណា​វ៉ា​ត់​ត្រា អាចអនុវត្ត​ទៅបាន​ដោយ​មិនចាំបាច់​រង់ចាំ​ដីកា​បង្គាប់​របស់​តុលាការ​រដ្ឋបាល​ឡើយ​។ ការបកស្រាយ​របស់​ម​ន្ត្រី​ជាន់ខ្ពស់​ថៃ​រូបនេះ បន្ទាប់ពី​មាន​សារ​មិន​ពេញចិត្ត​របស់លោក​ស្រី​យី​ង​ឡាក់​ពី​ប្រព័ន្ធតុលាការ​ថៃ​ដែល​លោកស្រី បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ថៃ បាងកក​ប៉ុស្តិ៍​នៅ​ថ្ងៃទី​១៦ កុម្ភៈ​នេះ​។

​លោកស្រី យី​ង​ឡាក់ នៅ​ថ្ងៃទី​១៥ កុម្ភៈ​ម្សិលមិញ បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​លោកស្រី​យ៉ាង​ដូច្នេះ​ថា​៖« ខ្ញុំ មិន​យល់​ហេតុអ្វី​បានជា​អ្នកជំនាញ​ផ្នែក​ច្បាប់​របស់​រដ្ឋាភិបាល បង្ហាញ​ទស្សនៈ​បែបនេះ (​ការអនុវត្ត​ការ​រឹបអូស​)​។ វា មិនមាន​តម្លាភាព​សោះ​។ ពួកគេ (​រដ្ឋាភិបាល​) បានដឹង​លឺថា ខ្ញុំ កំពុងតែ​សុំ​ដីកា​ពី​តុលាការ​ដើម្បី​បញ្ឈប់​ដំណើរការ​នៃ​ការ​រឹបអូស​នោះ​។ សង្គម បច្ចុប្បន្ន​កំពុងតែ​ត្រូវការ​ការផ្សះផ្សា​ជាតិ ហើយ​សេចក្តីថ្លែងការណ៍​បែបនេះ អាច​ផ្តល់​យុត្តិធម៌​សម្រាប់​ជាតិ​បែបណា​?»

​សូម​រម្លឹក​បន្តិច​ដែរ​ថា នៅ​ខែកញ្ញា​ឆ្នាំមុន លោកនាយក​រដ្ឋមន្ត្រី​ថៃ​ប្រា​យុទ្ធ ចន្ទ អូ​ចា  បានចេញ​លិខិត​បង្គាប់បញ្ជា​ដែល​ផ្តល់​ដោយ​ប្រការ​៤៤​នៃ​រដ្ឋធម្មនុញ្ញ​ថៃ​បណ្តោះអាសន្ន​ដើម្បី​ផ្តល់​ភាពស្របច្បាប់​សម្រាប់​ខ្លួន​ក្នុងការ​រឹបអូស​ទ្រព្យសម្បត្តិ​លោកស្រី យី​ង​ឡាក់ និង​អតីត​មន្ត្រីក្រោមឱវាទរ​បស់​លោកស្រី ពាក់ព័ន្ធ​នឹង​ការធ្វើ​ឲ្យ​បាត់បង់​ថវិកាជាតិ​តាមរយៈ​កម្មវិធី​ស្រូវ​អង្ករ​ក្នុងពេល​លោកស្រី កាន់អំណាច​។

​ការបង្គាប់​រឹបអូស​នេះ មិនបាន​ឆ្លងកាត់​ដីកា​បង្គាប់​ពី​តុលាការ​ថៃ ដែល​ចំណុច​នេះហើយ ធ្វើ​ឲ្យ​លោកស្រី យី​ង​ឡាក់ ចាត់ទុកថា ជា​រឿង​មិន​យុត្តិធម៌ ហើយ លោកស្រី ក៏បាន​ដាក់​បណ្តឹង​ទៅកាន់​តុលាការ​រដ្ឋបាល​ថៃ​ដើម្បី​ចេញ​ដីកា​មោឃភាព​ទៅលើ​លិខិត​បង្គាប់​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​ប្រា​យុទ្ធ ចន្ទ អូ​ចា​នោះ​។

​នៅ​ថ្ងៃទី​២៦ មករា ដែលជា​ពេល លោកស្រី យី​ង​ឡាក់ ចូល​បំភ្លឺ​នៅ​តុលាការ​រដ្ឋបាល លោកស្រី បាន​អំពាវនាវ​ឲ្យ​តុលាការ​រដ្ឋបាល​ថៃ​មោឃភាព​ដីកា​បង្គាប់​រដ្ឋបាល​ដែល​ចេញ​ដោយ​ក្រសួង​ហិរញ្ញវត្ថុ​នៃ​រដ្ឋាភិបាល​របប​សឹក​ដែល​បានទាមទារ​ឲ្យ​លោកស្រី​ផ្តល់​សំណង​ទៅលើ​ការខូចខាត​ដ៏​ច្រើន​លើសលប់​ពាក់ព័ន្ធ​បញ្ហា​ស្រូវ​អង្ករ​ថៃ​ក្នុងពេល​លោកស្រី​ដឹកនាំ​ប្រទេស​។ ការទាមទារ​របស់​ក្រសួង​ហិរញ្ញវត្ថុ​ថៃ បន្ទាប់ពី​បាន​រកឃើញថា​ក្នុង​រដ្ឋបាល​របស់លោក បានធ្វើ​ឲ្យ​បាត់បង់​ថ​រិ​ការ​ដ្ឋ ១៧៨.៥ ពាន់​លាន​បាត ដែល​លោកស្រី ត្រូវ​ទទួល​២០​ភាគរយ ដែល​ស្មើនឹង ៣៥.៧​ពាន់​លាន​បាត​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ថៃ The Nation​។

​នាពេល​នោះដែរ លោកស្រី យី​ង​ឡាក់ ក៏បាន​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ក្នុង​ទឹកមុខ​គ្រាម​ក្រំ ដោយ​លោកស្រី បាន​និយាយ​យ៉ាង​ដូច្នេះ​ថា​៖« ប្រសិនបើ​ទ្រព្យសម្បត្តិ​របស់ខ្ញុំ ត្រូវបាន​រាប់​អូស ខ្ញុំ នឹងត្រូវ​គ្រាំគ្រា​យ៉ាងខ្លាំង​។ នេះ គឺជា​បំណុល​មួយ​ដ៏​ធំ​មហិមា ដែល​ខ្ញុំ មិនអាច​សង​បានឡើយ​ក្នុង​ឆាកជីវិត​របស់ខ្ញុំ​។ ខ្ញុំ នឹងត្រូវ​រស់នៅ​បែប​ទុរគត ហើយ​អារម្មណ៍​ឈឺចាប់​មួយ​នេះ ពិបាក​នឹង​ពណ៌នា​ណាស់​»​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ដដែល​។

​សូម​ជម្រាប​ផងដែរ​ថា លោកស្រី​អតីត​នាយករដ្ឋមន្ត្រី​ថៃ យី​ង​ឡាក់ ត្រូវបាន​ទម្លាក់​ចេញពី​តំណែង​ដោយ​រដ្ឋប្រហារ​យោធា​ដែល​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍ និង​ជា​នាយករដ្ឋមន្ត្រី​ថៃ​បច្ចុប្បន្ន ប្រា​យុទ្ធ ចន្ទ​អូ​ចា នៅ​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៤ ក្រោម​ហេតុផល​ថា លោកស្រី ធ្វើ​ឲ្យ​មានការ​បែងចែក​ថៃ​។ ក្រោយពី​អស់តំណែង​ហើយ​នោះ លោកស្រី ក៏ត្រូវ​បាន​សភា​អាយ៉ង​យោធា សម្រេច​ផ្អាក​កិច្ចការ​នយោបាយ​រយៈពេល​ប្រាំ​ឆ្នាំ​ទៀតផង​។

​អ្វី​គួរកត់សម្គាល់​នោះ ក្រៅពី​ត្រូវបាន​រដ្ឋបាល​របប​សឹក​នៃ​លោក​ប្រា​យុទ្ធ ចន្ទ​អូ​ចា ទាមទារ​សំណង​រដ្ឋបាល​ជាច្រើន​ពាន់​លាន​បាត​ពាក់ព័ន្ធ​នឹង​គោលនយោបាយ​ស្រូវ​អង្ក​រហើយ​នោះ លោកស្រី ក៏បាន​និង​កំពុងតែ​ប្រឈម​ជាមួយនឹង​បណ្តឹង​របស់​តុលាការ​កំពូល​ព្រហ្មទណ្ឌ​ថៃ​ពាក់ព័ន្ធ​នឹង​បទ​ធ្វេសប្រហែស និង​រឿងអាស្រូវ​ថវិកាជាតិ​នៃ​ស្រូវ​អង្ករ​ដដែល​នោះដែរ​។ តាម​បទ​ចោទ​នេះ លោកស្រី អាច​ប្រឈម​នឹង​ទោស​ព្រហ្មទណ្ឌ​យ៉ាងតិច​១០​ឆ្នាំ​៕


Tag:
 ​ថៃ​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com