កីឡាជាតិ
ជាតិ
បឹងកេត​, ស្វាយរៀង​, ប៉ូលិស​, អគ្គិសនី​កម្ពុជា​បាន​១​ពិន្ទុ​ដូចគ្នា រីឯ​អាស៊ី​អឺរ៉ុប​បាន​៣​ពិន្ទុ​ជា​លើកដំបូង​
27, Feb 2017 , 2:12 pm        
រូបភាព
ដោយ:
 
​ការប្រកួត​សប្តាហ៍​ទី​២​នៃ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ប្រចាំឆ្នាំ​២០១៧ នៅ​ថ្ងៃទី​២៦ ខែកុម្ភៈ ម្សិលមិញ ក្រុម​ចំនូ​ន​៤​រួមមាន​បឹងកេត​អង្គរ​, ព្រះខ័ន​រាជ​ស្វាយរៀង​, អគ្គស្នងការ​នគរបាល​ជាតិ​(​ប៉ូលិស​) និង​អគ្គិសនី​កម្ពុជា​បាន​ត្រឹម​ចែកគ្នា​១​ពិន្ទុ​ក្រោយ​រក្សា​លទ្ធផល​ស្មី​ដូចគ្នា​។ ចំណែក​អាស៊ី​អឺរ៉ុប​ទទួលបាន​៣​ពិន្ទុ​ជា​លើកដំបូង ក្រោយ​លត់​ក្រុម​មជ្ឈមណ្ឌល​កំចាត់មីន​ក​ម្ពុ​ជា ៤-២​។

 
​ក្រុម​ការពារ​តំណែង​ជើងឯក​បឹងកេត​អង្គរ បាន​ត្រឹម​ចែកគ្នា​ម្ខាង​ម្នាក់​១​ពិន្ទុ​ជាមួយ ព្រះខ័ន​រាជ​ស្វាយរៀង​ក្នុងជំនួប​ថ្ងៃ​ដំបូង ក្រោយ​រក្សា​លទ្ធផល​ស្មើ ២-២ ជាមួយ​ស្វាយរៀង​ក្នុង​សប្តាហ៍​ទី​២​នៃ​ពានរង្វាន់​ក្របខណ្ឌ​លី​ក​កំពូល​កម្ពុជា កាលពី​ថ្ងៃទី​២៦ ខែកុម្ភៈ ម្សិលមិញ​។ 
 
​ក្នុង​ជំ​នូ​ប​យ៉ាង​ស្វិតស្វាញ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Chigozie Nwaokorie បា​នរក​គ្រាប់​បាល់​នាំមុខ ១-០ ក្នុង​វគ្គ​ទី​១​ឲ្យ​ព្រះខ័ន​រាជ​ស្វាយរៀង​នៅ​នាទី​១៦​។ ក្នុង​វគ្គ​នេះដែរ ប្រធាន​ក្រុម​បឹងកេត ឃួន ឡា​បូ​រ៉ាវី មានឱកាស​ទាត់​បាល់​១​គ្រាប់​ក្នុង​ប្រអប់​គ្រោះថ្នាក់​របស់​ក្រុម​ស្វាយរៀង​តែ​ធ្វើ​មិនបាន​សម្រេច ក្រោយ​ទាត់​បាល់​ទៅ​ប៉ះ​នឹង​បង្គោល​ទី​។ 
 
​ការប្រកួត​ដំណើរការបាន​ប្រមាណ​ជា​១០​នាទី​ក្នុង​វគ្គ​ទី​២​កីឡាករ​ប្រេ​ស៊ី​ល Maycon Calijuri រក​គ្រាប់​បាល់​តាម​ស្មើ ១-១ ឲ្យ​បឹង​កេង​អង្គរ​នៅ​នាទី​៥៥​។ ក្រោយមក​ខ្សែការពារ សឿ​យ វិសាល បាន​បន្ត​រក​គ្រាប់​នាំ ២-១ សម្រាប់​ព្រះខ័ន​រាជ​ស្វាយរៀង​នៅ​នាទី​៦៤​។ ការនាំ​មុខ​នេះ ធ្វើ​ឲ្យ​ក្រុម​ការពារ​តំណែង​ជើងឯក​បឹងកេត​អង្គរ បាន​បង្កើន​ការ​វាយ​សម្រុក​យ៉ាងខ្លាំង​មកលើ​ព្រះខ័ន​រាជ​ស្វាយ​។ នៅ​នាទី​៩០​ខ្សែប្រយុទ្ធ​ប្រធាន​ក្រុម ឃួន ឡា​បូ​រ៉ាវី បានតែ​តបាល់​បញ្ចូល​ទី​ដើម្បី​តាម​ស្មើ ២-២ សម្រាប់​បឹងកេត​អង្គរ​។ 
 
​ដោយឡែក ការប្រកួត​នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​ក្រុម​ឈរ​កំពូល​តារាង​ក្នុង​សប្តាហ៍​ទី​១ អគ្គស្នងការ​នគរបាល​ជាតិ​បាន​ត្រឹម​ចែកគ្នា​ម្ខាង​១​ពិន្ទុ​ជាមួយ​ក្រុម​អគ្គិសនី​កម្ពុជា​។ បន្ទាប់ពី​ក្រុម​នេះ​បាន​ត្រឹម​រក្សា​លទ្ធផល​ស្មើ ០-០ ជាមួយ​ក្រុម​ដែល​ប្រើប្រាស់​ធនធាន​កីឡាករ​ខ្មែរ​សុទ្ធ​អគ្គិសនី​កម្ពុជា​ក្នុង​សប្តាហ៍​ទី​២​កាលពី​ម្សិលមិញ​។ លទ្ធផល​នេះ​បានធ្វើ​ឲ្យ​ក្រុម​អគ្គស្នងការ​នគរបាល់​ជាតិ ធ្លាក់​មកឈរ​លំដាប់​ទី​២​ក្នុង​តារាង​ដោយមាន​៤​ពិន្ទុ បន្ទាប់ពី​ភ្នំពេញ​ក្រោ​ន​ដែលមាន​៦​ពិន្ទុ​។ 
 
​ចំណែក ការប្រកួត​នៅ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ ក្រុម​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត​ក្រោយ​រង​ភាព​សៅហ្មង​ក្រោម​ថ្វី​ជើង​របស់​ភ្នំពេញ​ក្រោ​ន​តាមរយៈ​ការ​ចាញ់ ៣-០ កាលពី​សប្តាហ៍​ទី​១ បាន​ស្តារ​មុខមាត់​ឡើងវិញ​ដោយបាន​លត់​ក្រុម​មជ្ឈមណ្ឌល​កំចាត់មីន​ក​ម្ពុ​ជា​(​ស៊ីម៉ាក់​) ៤-២ ដើម្បី​ទទួលបាន​៣​ពិន្ទុ​ជា​លើកដំបូង​ក្នុង​សប្តាហ៍​ទី​២៕  
    
 
 



Tag:
 បាល់ទាត់​
  Cambodian League 2017
© រក្សាសិទ្ធិដោយ thmeythmey.com