កីឡាជាតិ
ជាតិ
គ្រូបង្វឹក​ទ្រី​យ៉ា​ត្លុង​២៨​រូប​ទទួលបាន​ការបណ្តុះ​បណ្តាល​បច្ចេកទេស​ពី​គ្រូ​កូរ៉េខាងត្បូង និង​ម៉ាឡេស៊ី​
28, Feb 2017 , 3:17 pm        
រូបភាព
ដោយ:
​គ្រោម​គម្រោង​អភិវឌ្ឍន៍​របស់​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​អាស៊ី​(ASTC) គ្រូបង្វឹក​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា​ចំនួន​២៨​រូប​ទទួលបាន​ការបណ្តុះ​បណ្តាល​វគ្គ​ទ្រឹស្តី​បច្ចេកទេស​កីឡា​ទ្រី​យ៉ា​ត្លុង ដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា​។ ការបណ្តុះបណ្តាល​នេះ​ក្រោម​ការបង្ហាញ​របស់​គ្រូឧទ្ទេស​ជនជាតិ​កូរ៉េ និង​ម៉ាឡេស៊ី​។ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា​រំពឹងថា សិក្ខាកាម​នឹង​ទទួលបាន​បទពិសោធន៍​ថ្មីៗ​ពី​វគ្គ​បណ្តុះបណ្តាល​នេះ ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​ឲ្យ​កាន់តែ​រីកចម្រើន​។



​គ្រូបង្វឹក​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា​ចំនួន​២៨​រូប​មកពី​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា ក្រសួង​អប់រំ យុវជន និង​កីឡា និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ទទួលបាន​ការបណ្តុះបណ្តាល​វគ្គប​ច្ចេកទេស​រៀបចំ​កីឡា​ទ្រី​យ៉ា​ត្លុង​។ វគ្គ​បណ្តុះបណ្តាល​នេះ ក្រោម​បទ​បង្ហាញ​របស់​គ្រូឧទ្ទេស​ជនជាតិ​កូរ៉េ លោក Ki Wookyong ប្រធាន​គម្រោង​អភិវឌ្ឍន៍​កីឡា​ទ្រី​យ៉ា​ត្លុង​អាស៊ី និង​អ្នកស្រី​ជនជាតិ​ម៉ាឡេស៊ី Melody Tan អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​អាស៊ី និង​ជា​អ្នកទទួល​រៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​២៩​នៅ​ម៉ាឡេស៊ី​។  



​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា​លោក ងិន សុខ​បញ្ញា បាន​បញ្ជាក់ថា វគ្គ​បណ្តុះបណ្តាល​នេះ គឹ​ផ្តោត​សំខាន់​តែ​ទៅលើ​ទ្រឹស្តី​តែប៉ុណ្ណោះ ពោល​គឹ​មិនមាន​ការអនុវត្ត​នោះទេ​។ ហើយ​វា​ជា​លើក​ទី​១​សម្រាប់​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា​ដែល​រៀច​ចំ​ឲ្យ​មាន​វគ្គប​ណ្តុះ​បណ្តុះ​នេះ​។ ប៉ុន្តែ​វគ្គ​នេះ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ធ្លាប់​រៀបចំ​ម្តង​រួចទៅហើយ​។​

​ពាក់ព័ន្ធ​ទៅនឹង​គោលបំណង​នៃ​ការរៀបចំ លោក អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា​រូបនេះ​បាន​បញ្ជាក់ថា​៖«​យើង​រៀបចំ​វគ្គ​នេះ​ឡើង គឺ​ដើម្បី​បណ្តុះបណ្តាល​មន្ត្រី​របស់​យើង សម្រាប់​ត្រៀម​រៀបចំ​ការប្រកួត​នានា និង​ជើងឯក​ថ្នាក់​តំបន់​ឲ្យ​ស្របតាម​បច្ចេកទេស​។ តែបើ​យោង​មិនមាន​វគ្គ​បណ្តុះបណ្តាល​ម​ន្ត្រី​នេះ​ទេ គឺ​យើង​មិនដឹងថា រៀបចំ​យ៉ាងណា​ឲ្យ​ល្អ និង​ស្របតាម​បច្ចេកទេស​នោះឡើយ​»​។​

«​ក្រោយ​រៀន​ចប់​ខ្ញុំ​រំពឹងថា សមត្ថភាព​មន្ត្រី​របស់​យើង នឹង​យល់ដឹង​កាន់តែច្បាស់​ពី​កីឡា​ទ្រី​យ៉ា​ត្លុង ក៏ដូចជា​បច្ចេកទេស​នៃ​ការរៀបចំ​ទូទៅ និង​ការប្រកួត​។ អ៊ីចឹង​យើង​សង្ឃឹមថា គាត់​នឹង​ទទួលបាន​នូវ​ចំណេះដឹង​ថ្មីៗ​ពី​គ្រូ​កូរ៉េ និង​ម៉ាឡេស៊ី ដើម្បី​អភិវឌ្ឍន៍​សមត្ថភាពរ​បស់​គាត់​»​។ នេះ​ជា​សំដី​របស់លោក ងិន សុខ​បញ្ញា​។



​គួរ​បញ្ជាក់ថា សិក្ខាសាលា​ស្តីពី​«​បច្ចេកទេស​កីឡា​ទ្រី​យ៉ា​ត្លុង​»​រៀបចំ​ដោយ​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា​ក្រោម​គម្រោង​ថវិកា​អភិវឌ្ឍន៍​របស់​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​អាស៊ី​(ASTC)​។ វគ្គ​បណ្តុះបណ្តាល​នេះ​ធ្វើឡើង​រយៈពេល​២​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២៨ កុម្ភៈ ដល់​ថ្ងៃទី​១ ខែមីនា នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​៕


Tag:
 ទ្រី​យ៉ាង​ត្លុង​
  ងិន សុខ​បញ្ញា​
  ASTC
© រក្សាសិទ្ធិដោយ thmeythmey.com