កីឡាជាតិ
ជាតិ
លោក វ៉ា​ត់ ចំរើន ជំរុញ​ឲ្យ​សហព័ន្ធ​ប្រឹងប្រែង​ធ្វើយ៉ាងណា​ឲ្យ​ឈរលើ​ឡាវ​ក្នុង​ស៊ី​ហ្គេម​នៅ​ម៉ាឡេស៊ី​
01, Mar 2017 , 5:00 pm        
រូបភាព
ឯកឧត្តម វ៉ាត់ ចំរើន
ឯកឧត្តម វ៉ាត់ ចំរើន
ដោយ:
​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) ជំរុញ​ឲ្យ​សហព័ន្ធ​កីឡា​ជាតិ​ដែល​ត្រៀម​បញ្ជូន​កីឡាករ​ទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩​នៅ​ម៉ាឡេស៊ី ត្រូវខិតខំ​ធ្វើយ៉ាងណា​រក្សា​ចំណាត់ថ្នាក់​លេខ​៨ ឬ​ឈរលើ​ឡាវ​ដូច​ស៊ី​ហ្គេម​លើក​ទី​២៨​នៅ​សិង្ហ​បុរី​។ ការជំរុញ​នេះ ដើម្បី​ឆ្លើយតប​ទៅនឹង​ផែនការ​«៤​ឆ្នាំ​រំកិល​»​ដែល​បាន​ដាក់ចេញ​ដោយ NOCC និង​ក្រសួង​អប់រំ​យុវជន និង​កីឡា​កាលពី​កន្លងទៅ​។



​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ដំបូង​កាលពី​ថ្ងៃទី​២៨ ខែកុម្ភៈ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា លោក វ៉ា​ត់ ចំរើន បាន​ជំរុញ​ឲ្យ​សហព័ន្ធ​កីឡា​ជាតិ​ត្រូវខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ធ្វើយ៉ាងណា​ឲ្យ​ឈរលើ​ឡាវ ឬ​រក្សា​ចំណាត់​លេខ​៨ នា​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ប្រទេស​ម៉ាឡេស៊ី​នា​ខែសីហា​។

«​យើង​ត្រូវ​រក្សា​ចំណាត់ថ្នាក់​ប្រទេស​របស់​យើង​ឲ្យ​ឈរលើ​ប្រទេស​ឡាវ​ក្នុង​ស៊ី​ហ្គេម​លើក​ទី​២៩ នៅ​ម៉ា​ឡេ​សី ឬ​រក្សា​ការ​ឈរ​ចំណាត់ថ្នាក់​លេខ​៨​ឲ្យ​ដូច​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៨​នៅ​សិង្ហ​បុរី​កាលពី​ឆ្នាំ​២០១៥​។ ហើយ​វា​ជា​គោលដៅ​របស់​ថ្នាក់ដឹកនាំ NOCC និង​ក្រសួង​អប់រំ យុវជន និង​កីឡា​ដែល​បានកំណត់​មុន​ធ្វើ​ម្ចាស់ផ្ទះ​»​។ នេះ​ជា​ប្រសាសន៍​របស់ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ម្ពុ​ជា​។ 



​គួររំលឹកថា ស៊ី​ហ្គេម​កាលពី​ឆ្នាំ​២០១៥ នៅ​សី​ង្ហ​បុរី កម្ពុជា​ដណ្ដើមបាន​មេដាយ​សរុប​ចំនួន​១៥ ដោយ​ឈរ​ចំណាត់ថ្នាក់​លេខ​៨​លើ​ប្រទេស​ឡាវ ក្នុងនោះ​មេដាយមាស​១, ប្រាក់​៥ និង​សំរឹទ្ធ​៩​។ ប៉ុន្តែ​ចំនួន​នេះ​បើ​ប្រៀបធៀប​ទៅនឹង​ស៊ី​ហ្គេម​ឆ្នាំ​២០១៣​នៅ​មី​យ៉ាន់​ម៉ា គឺមាន​ការថយចុះ​ដោយ​ពេលនោះ​កម្ពុជា​ដណ្តើមបាន​មេដាយ​ចំនួន​៤៧ ក្នុងនោះ​មេដាយមាស​៨, ប្រាក់​១១ និង​សំរឹទ្ធ​២៨៕

​ប្រធាន​នាយដ្ឋាន​ទំនាក់ទំនង​អន្តរជាតិ និង​កិច្ចសហប្រតិបត្តិការ​ណ៍​អន្តរជាតិ​នៃ NOCC លោក ញ៉ា​ន សុខ​វិសាល បាន​បញ្ជាក់ថា កិច្ចប្រជុំ​កាលពី​ម្សិលមិញ​គ្រាន់តែ​ជា​កិច្ចប្រជុំ​លើកដំបូង​ដើម្បី​ណែនាំ​ពី​របៀប​បំពេញបែបបទ​ដល់​មន្ត្រី​សហព័ន្ធ​កីឡា​ជាតិ​សម្រាប់​ត្រៀម​ចូលរួម​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​នៅ​ម៉ាឡេស៊ី​។

​នាយរង​បេសកកម្ម NOCC រូបនេះ​បាន​ឲ្យ​ដឹង​ទៀតថា សម្រាប់​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ កម្ពុជា​បាន​ចម្រាញ់​ជ្រើសរើស​កីឡា​សក្តានុពល​ជាង​២០​ប្រភេទ​ដើម្បី​ចូលរួម​។ ប៉ុន្តែ​វា​គ្រាន់តែ​ជា​តួលេខ​ប៉ុណ្ណោះ ចំណែក​តួលេខ និង​ឈ្មោះ​កីឡា​ផ្លូវការ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជួបប្រជុំ​ក្រសួង​អប់រំ​យុវជន និង​កីឡា​នៅ​ពាក់កណ្តាល​ខែមីនា នេះ​។ 

​គួរ​បញ្ជាក់ថា ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី នឹង​ប្រព្រឹត្តទៅ​នៅ​ខែសីហា​ខាងមុខ ដោយមាន​១១​ប្រទេស​ចូលរួម និង​៣៨​ប្រភេទ​កីឡា​ស្មើនឹង​៤០៥​វិញ្ញាសា​៕  


Tag:
 វ៉ា​ត់ ចំរើន​
  SEA Games 2017
© រក្សាសិទ្ធិដោយ thmeythmey.com