ពីនេះ ពីនោះ
តើ​ពាក្យ​«​សញ្ញាបត្រ និង​វិញ្ញាបនបត្រ​»​មាន​អត្ថន័យ​ខុសគ្នា​ដូចម្តេច​?
03, Mar 2017 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ តាមពិតទៅ ពាក្យ​ថា​«​សញ្ញាបត្រ និង​វិញ្ញាបនបត្រ​» មាន​អត្ថន័យ​មិន​ដូចគ្នា​ឡើយ​។ 
​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត បាន​ពន្យល់ថា​៖



​សញ្ញាបត្រ (​ន​) មានន័យថា ក្រដាស់​កំណត់ហេតុ​សម្គាល់​ចំណេះវិជ្ជា ដែលមាន​វាយ​ត្រា​តាំង​ឲ្យ​ភស្តុតាង​ដល់​អ្នករៀន​ដែល​ប្រឡង​ជាប់​មានអំណាច​ត្រូវ​ទទួលយក​។ 
​សញ្ញាបត្រ គឺជា​លិខិតបញ្ជាក់​ពី​កម្រិត​ចំណេះដឹង ឬ​ជំនាញ​អ្វីមួយ​ដល់​បុគ្គល​នោះ ដើម្បី​យកទៅ​ប្រើប្រាស់​ផ្លូវការ​។ និយាយ​ជារួម សញ្ញាបត្រ វា​មាន​លក្ខណៈ​ច្បាស់លាស់ ផ្លូវការ និង​ត្រូវបាន​គេ​ឲ្យ​តម្លៃ​ខ្ពស់ជាង​វិញ្ញាបនបត្រ​។  

​ឧទាហរណ៍​៖ ក្រោយ​ប្រឡង​ជាប់​បាក់​ឌុប ខ្ញុំ​ទទួលបាន​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​១​សន្លឹក​។ សញ្ញាបត្រ​នេះ គឺ​ដើម្បី​ស្វែងរក​ការងារ​ធ្វើ ដាក់​អាហារូបករណ៍​ទៅ​សិក្សា​នៅក្រៅ​ប្រទេស ឬ ដាក់ពាក្យ​រៀន​បន្ត​នៅ​មហាវិទ្យាល័យ​ក្នុងស្រុក​ជាដើម​។ សិស្ស​ប្រឡង​ជាប់​បាក់​ឌុប​ទាំងអស់ គេ​មិនដែល​ប្រគល់​វិញ្ញាបនបត្រ​ជូន​នោះទេ តែ​គេ​តែង​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​សិស្ស​ទាំងនោះ​។     

​ឧទាហរណ៍​៖ ខ្ញុំ​មាន​សញ្ញាបត្រ​បរិ​ញ្ញា​ជំនាញ​ទស្សនវិជ្ជា​។ នៅពេល​ខ្ញុំ ដាក់ពាក្យ​សុំ​ធ្វើ​ការងារ​នៅ​កន្លែង​ណាមួយ គេ​សួរ​រឿង​ដំបូង​គេ គឺ​សញ្ញាបត្រ​នេះឯង​។ ចំណែក វិញ្ញាបនបត្រ ដែល​ខ្ញុំ​បាន​ទទួលបាន​បណ្តុះបណ្តាល​វគ្គ​ខ្លី ឬ​ចូលរួម​កម្មវិធី​មួយចំនួន​នោះ គឺជា​រឿង​បន្ទាប់​ប៉ុណ្ណោះ​។ ក្រៅពីនេះ មាន​សញ្ញាបត្រ​ជាច្រើន​ទៀត​ដូចជា​៖ សញ្ញាបត្រ​អនុបណ្ឌិត សញ្ញាបត្រ​បណ្ឌិត សញ្ញាបត្រ​អគ្គបណ្ឌិត​…​។    

​វិញ្ញាបនបត្រ (​ន​) សំបុត្រ​បញ្ជាក់​,​លិខិតបញ្ជាក់​សេចក្តី​,​លិខិត​របស់​អ្នករាជការ​មាន​សមត្ថកិច្ច​ដែល​បញ្ជាក់​រឿង​អ្វីមួយ​។  

​ឧទាហរណ៍​៖ វិញ្ញាបនបត្រ​នៃ​កិរិយាមាយាទ​។ វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សា ដូចជា​៖ ការចូលរួម​សិក្ខាសាលា វគ្គ​បណ្តុះបណ្តាល និង​កម្មវិធី​មួយចំនួនទៀត​។ ការចេញ​វិញ្ញាបនបត្រ​នេះ គឺ​ដើម្បី​បញ្ជាក់​ពី​ការទទួលបាន​ការអប់រំ ឬ​ការបណ្តុះបណ្តាល ឬ​ការ​ចូលក្នុង​កម្មវិធី​អ្វីមួយ សម្រាប់​អ្នកទទួលបាន​ក្រដាស់​បញ្ជាក់​នេះ យកទៅ​ប្រើប្រាស់​ទៅតាម​ស្ថានភាព​រៀងខ្លួន​។

​ពាក្យ​ជាទូទៅ វិញ្ញាបនបត្រ គេ​តែង​ចែកជូន​ដល់​អ្នក​ដែល​បានទទួល​បានការ​អប់រំ​វគ្គ​ខ្លីៗ ឬ​កម្មវិធី​ពិសេស​ណាមួយ​។ ឧទាហរណ៍​៖ ខ្ញុំ​បាន​ចូលរួម​សិក្ខាសាលា​ស្តីពី​៖ «​ការប្រែប្រួល​អាកាសធាតុ​» នៅ​ប្រទេស​វៀតណាម​ចំនួន​៣​ថ្ងៃ​។ ក្រោយ​បញ្ចប់​សិក្ខាសាលា​នេះ ស្ថាប័ន​គេ​មិន​ចេញ​សញ្ញាបត្រ​ឲ្យ​ទេ តែ​គេ​ប្រគល់​វិញ្ញាបនបត្រ​ជូន​ខ្ញុំ​។ ឧទាហរណ៍​៖ ខ្ញុំ​ចូលរៀន​វគ្គ​ខ្លី​ស្តីពី​៖ «​ការអភិវឌ្ឍន៍​ខ្លួនឯង​» នៅ​អង្គការក្រៅរដ្ឋាភិបាល​មួយ អស់​រយៈពេល​១​ខែ​។ ក្រោយ​គោរព​តាម​លក្ខ​ខ័​ណ្ឌ​របស់​ស្ថាប័ន​នេះ​រួច គេ​មិនបាន​ប្រគល់​សញ្ញាបត្រ​ដ​ល់​ខ្ញុំ​ឡើយ តែ​គេ​ចែក​វិញ្ញាបនបត្រ​ជូន​ខ្ញុំ និង​អ្នកចូលរួម​ផ្សេងទៀត​។ ឧទាហរណ៍​៖ ខ្ញុំ​ចូលធ្វើការ​ស្ម័គ្រចិត្ត​នៅ​អង្គការក្រៅរដ្ឋាភិបាល​មួយរយៈ​៣​ខែ ក្រោយ​បញ្ចប់​គម្រោង​៣​ខែ​នេះ គេ​ប្រគល់​វិញ្ញាបនបត្រ​ជូន​ខ្ញុំ​៕  


Tag:
 វិញ្ញាបនបត្រ​
 ​ សញ្ញាបត្រ
© រក្សាសិទ្ធិដោយ thmeythmey.com