ជាតិ
ក្រុមប្រឹក្សាធម្មនុញ្ញ ឯកភាព​លើ​ខ្លឹមសារ​ថ្មី​នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​
03, Mar 2017 , 5:06 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រុមប្រឹក្សាធម្មនុញ្ញ បាន​ពិនិត្យ​ខ្លឹមសារ​ថ្មី​នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ចប់សព្វគ្រប់​ហើយ​។ ក្រោយ​ពិនិត្យ​រួចរាល់ ក្រុមប្រឹក្សាធម្មនុញ្ញ បាន​ឯកភាព​ទាំងស្រុង​លើ​ខ្លឹមសារ​ថ្មី​នៃ​ច្បាប់​នេះ​។



​ក្រុមប្រឹក្សាធម្មនុញ្ញ បាន​សេចក្តី​ស​ម្រ​ច​នៅ​ថ្ងៃទី​៣ មីនា​នេះ ដោយ​មិន​ជំទាស់​អ្វី​ទាំងអស់ ចំពោះ​ខ្លឹមសារ​ថ្មី​នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដែល​រដ្ឋសភា បានអនុម័ត ហើយ​ព្រឹទ្ធសភា ក៏បាន​ពិនិត្យ​ចប់សព្វគ្រប់​ផង​នេះ​។ លោក អ៊ឹម ឈុនលឹម ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ បានប្រកាសថា នេះ​ជា​សេចក្តីសម្រេច​ស្ថាពរ បិទផ្លូវ​តវ៉ា ហើយ​មាន​អានុភាព​អនុវត្ត​ទៅលើ​អំណាច​ទាំងអស់​ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​ត្រូវ​ចុះផ្សាយ​ក្នុង​រាជកិច្ច​។​

​លោក ឡេង ប៉េងឡុង បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា នៅពេលដែល​ក្រុមប្រឹក្សាធម្មនុញ្ញ​ពិនិត្យ​ចប់សព្វគ្រប់ ដោយ​មិន​ជំទាស់​អ្វី​នោះ រដ្ឋសភា នឹង​បន្ត​ដាក់​ខ្លឹមសារ​នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ទៅកាន់​រដ្ឋាភិបាល​។ អ្នកនាំពាក្យ​រដ្ឋសភា​រូបនេះ បាន​បន្តថា ក្រោយមកទៀត រដ្ឋាភិបាល នឹង​បញ្ជូន​សេចក្តីស្នើច្បាប់​នេះ ទៅកាន់​ព្រះមហាក្សត្រ ដើម្បី​ព្រះអង្គ​ឡាយ​ព្រះ​ហ​ស្ថ និង​ប្រកាស​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​។ យ៉ាងណា លោក​មិនទាន់​បានបញ្ជាក់​ទេ ថា​រដ្ឋសភា នឹង​បញ្ជូន​ខ្លឹមសារ​ថ្មី​នៃ​ច្បាប់នេះ ទៅកាន់​រដ្ឋាភិបាល​នៅពេលណា​នោះទេ​។

​សេចក្តីស្នើច្បាប់​ខាងលើ ត្រូវបាន​ស្នើឡើង​ដោយ​តំណាងរាស្ត្រ​ពី​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ឆ្លើយតប​នឹង​ការចង់បាន​របស់​សម្តេច ហ៊ុន សែន​។ ក្រោយមក រដ្ឋសភា ក៏បាន​អនុម័ត​សេចក្តីស្នើច្បាប់​នេះ​។

​មុន​ទៅដល់​ក្រុមប្រឹក្សាធម្មនុញ្ញ សេចក្តីស្នើច្បាប់​នេះ ត្រូវបាន​រដ្ឋសភា បញ្ជូន​ឲ្យ​ព្រឹទ្ធសភា​ពិនិត្យ​រួចរាល់​ហើយ​។ ព្រឹទ្ធសភា ក៏​ប​បាន​ឯកភាព​ទាំងស្រុង​ទៅលើ​សេចក្តីស្នើច្បាប់​នេះ ដូចនឹង​ក្រុមប្រឹក្សាធម្មនុញ្ញ ដែរ​។

​តំណាងរាស្ត្រ​បក្ស​កាន់អំណាច បានចាត់ទុក​ការកែប្រែ​ច្បាប់​ខាងលើ ថា​ជាការ​ប្រញាប់​។ ម្យ៉ាងទៀត បក្ស​កាន់អំណាច យល់ថា ការកែប្រែ​ច្បាប់​នេះ គឺ​ដើម្បី​ឆ្លើយតប​សភាពការណ៍​ចាំបាច់ របស់​ប្រទេសជាតិ នាពេល​បច្ចុប្បន្ន​។

​យ៉ាងណា ក្រុមអ្នកវិភាគ និង​បក្សប្រឆាំង មើលឃើញ​ចំណុច​អវិជ្ជមាន​ច្រើនជាង​វិជ្ជមាន ក្នុង​ការធ្វើ​វិសោធនកម្ម​លើ​ច្បាប់​នេះ​។ ពួកគេ អះអាងថា ច្បាប់​នេះ នឹង​ក្លាយជា​សម្ពាធ​សម្រាប់​បក្សប្រឆាំង​។

​មាត្រា​ថ្មី​មួយចំនួន ត្រូវបាន​បញ្ចូល​ទៅក្នុង​ច្បាប់​ស្តីពី​គណបក្សនយោបាយ​។ យោងតាម​មាត្រា​ថ្មី​ទាំងនោះ ទណ្ឌិត មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ធ្វើជា​ប្រធាន​និង​អនុប្រធាន​គណបក្ស នោះទេ​។ ម្យ៉ាងទៀត ទណ្ឌិត ក៏​មិនត្រូវ​អនុញ្ញាត ឲ្យ​ធ្វើជា​សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ ឬ​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​ណាមួយ​ដែរ​។ លើសពីនេះ គណបក្ស​ណាមួយ​ដែល​ប្រព្រឹត្ត​ខុសច្បាប់​ធ្ងន់ធ្ងរ នឹងត្រូវ​រំលាយចោល​តែម្តង​។

​ក្រោយ​សេចក្តីស្នើច្បាប់​នេះ ត្រូវបាន​តាក់តែងឡើង ដោយ​មិនទាន់​ចូល​ជា​ធរមាន​ផង​នោះ ឯកឧត្តម សម រង្ស៊ី ក៏បាន​លាលែង​ពី​តំណែង​ជា​ប្រធាន​គណបក្ស​ស​ង្គ្រ​ជាតិ បាត់ទៅហើយ កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៧​។ ក្រោយមក មន្ត្រីជាន់ខ្ពស់​ពីររូប គឺ​លោក អ៊ុំ សំអាន និង​លោក មា​ជ សុវណ្ណារ៉ា ដែល​កំពុង​ជាប់ពន្ធនាគារ បានប្រកាស​លាលែង​ពី​សមាជិក​គណៈកម្មាធិកា​រ​នាយក​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​។ ជាងនេះទៀត សមាជិក​ព្រឹទ្ធសភា​ពី​គណបក្ស សម រង្ស៊ី ពីររូប​ទៀត គឺ​លោក ហុង សុខ​ហួរ ដែល​កំពុង​ជាប់ពន្ធនាគារ និង​លោកស្រី ថាក់ ឡា​នី ដែល​និរទេស​ខ្លួន​ទៅ​រស់​នៅឯ​បរទេស ក៏បាន​ប្រកាស​លាលែង​ពី​សមាជិក​គណៈកម្មាធិកា​រ​នាយក​នៃ​គណបក្ស សម រង្ស៊ី ផងដែរ​៕


Tag:
 ច្បាប់​ន​យោ​យ​បាយ
© រក្សាសិទ្ធិដោយ thmeythmey.com