ជាតិ
រដ្ឋាភិបាល​នឹង​ចំណាយ​ថវិកា​១២​លាន​ដុល្លារ​សង់សាលា​វិចិត្រសិល្បៈ​ថ្មី​នៅ​ជ្រោយចង្វារ​
03, Mar 2017 , 5:48 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ថ្លែង​ក្នុង​ទិវា​វប្បធម៌​ជាតិ​លើក​ទី​១៩ នៅ​ថ្ងៃទី​៣ ខែមីនា​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឆ្លៀត​បង្ហើប​ពី​គម្រោង​សង់​សាកលវិទ្យាល័យ​ភូមិន្ទ និង​វិចិត្រសិល្បៈ​ថ្មី​សង់​លើ​ផ្ទៃដី ៤​ហិកតា និង​គ្រោង​ចំណាយ​ថវិកា​ប្រមាណ ១២​លាន​ដុល្លារ​អាមេរិក ក្នុង​ទីក្រុង​ជ្រោយចង្វា​។​



​សម្តេច ហ៊ុន សែន បាន​ថ្លែង​ឲ្យ​ដឹងថា សម្តេច​បាន​ឯកភាព​ឲ្យ​អាជ្ញា​រធរ និង​ក្រសួង​ពាក់ព័ន្ធ​អនុវត្ត​គម្រោង​នេះ​រួចរាល់​រយៈពេល ៣​ឆ្នាំ​ហើយ ដើម្បី​ពង្រឹង និង​ពង្រីក​គុណភាព​អប់រំ​ផ្នែក​វប្បធម៌ និង​វិចិត្រសិល្បៈ​កម្ពុជា​ឲ្យ​កាន់តែ​ល្អប្រសើរ ថែមទៀត​។ បន្ថែម​លើសពី សម្តេច​បាន​សន្យាថា នឹង​ស្វែងយល់​ជំនួយ​ពី​ប្រទេស​ជំនួយ​អន្តរជាតិ​ថែមទៀត ដើម្បី​ព​ន្លឿ​ន​គម្រោង​សាងសង់​សាលា​ថ្មី​នេះ​។​

​តាម​ប្រសាសន៍​ប្រមុខ​រដ្ឋាភិបាល តាម​គម្រោង​សាកលវិទ្យាល័យ​ភូមិន្ទ និង​វិចិត្រសិល្បៈ​ថ្មី​ដែល​នឹងមាន​ទំហំ​ធំ​ទូលាយ​នោះ នឹង​សង់​ជា​ដំណាក់កាល​ម្តងៗ ក្នុងនោះ មានការ​សង់​អគារ និវេសនដ្ឋាន​និស្សិត​ធំ​ទូលាយ រោង​សៀក និង​អគារសិក្សា​សិល្បៈ​ខ្មែរ​ដទៃទៀត​។​

​គួររម្លឹកថា កាលពី​ដំបូង សាលា​ភូមិន្ទ​សិល្បៈ ត្រូវបាន​សាងសង់ឡើង​ក្នុង​ឆ្នាំ​១៩១៨ រួច ត្រូវបាន​ប្តូរ​ឈ្មោះ​ជា​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ក្នុង​ឆ្នាំ​១៩៦៥ ។ គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​សាធារណៈ ដែលមាន​ទីតាំង​ក្បែរ​សារៈមន្ទីរ​ជាតិ​មួយ​នេះ មាន​បណ្តុះបណ្តាល​ផ្នែក​ចម្លាក់ បុរាណវិទ្យា ស្ថាបត្យកម្ម តុបតែង​លំអ សៀក របាំ ភ្លេង ល្ខោន និង​នគ​រូប​នី​យ​វិទ្យា ជាដើម​។

​សាកលវិទ្យាល័យ​បាន​បិទទ្វារ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ពី​ឆ្នាំ​១៩៧៥ ដល់ ១៩៧៩ ហើយ​បើកទ្វារ​វិញ​ពី​ឆ្នាំ​១៩៨០ រហូតដល់​បច្ចុប្បន្ន​។ តាម​គម្រោង​កន្លងមក រដ្ឋាភិបាល​សម្រេច​ប្តូរ​ទីតាំងសាលា​ទៅ​ទីក្រុង​រណប​ជ្រោយចង្វា ក្នុង​គោលបំណង​យក​ដី​ទីតាំង​សាលា បច្ចុប្បន្ននេះ សម្រាប់​ពង្រីក​សារមន្ទីរ​ជាតិ​៕


Tag:
 ហ៊ុន សែន​
  វប្បធម៌​
  សាលា​វិចិត្រសិល្បៈ​
© រក្សាសិទ្ធិដោយ thmeythmey.com