ជាតិ
៣ ថ្ងៃ​៖​ថៃ ចាប់បញ្ជូន​ពលករ​ខ្មែរ​ជាង ១ ពាន់​នាក់ ដែល​លួច​ទៅរក​ការងារ​ធ្វើ​នៅ​ថៃ មក​កម្ពុជា​វិញ​
05, Mar 2017 , 3:33 pm        
រូបភាព
រូបពលករខ្មែរ ដែលត្រូវអាជ្ញាធរថៃបញ្ជូនមកកម្ពុជាវិញតាមច្រកអន្តរជាតិដូង កាលពីចុងឆ្នាំ ២០១៦
រូបពលករខ្មែរ ដែលត្រូវអាជ្ញាធរថៃបញ្ជូនមកកម្ពុជាវិញតាមច្រកអន្តរជាតិដូង កាលពីចុងឆ្នាំ ២០១៦
ដោយ:
 
​ពលករ​ខ្មែរ​ដែល​ទៅ​ធ្វើការ​នៅក្នុង​ប្រទេស​ថៃ​ប្រមាណ​ជាង ១៣០៨ នាក់ ត្រូវបាន​រដ្ឋាភិបាល​ថៃ​បញ្ជូន​មកកាន់​កម្ពុជា​វិញ  បន្ទាប់ពី​ពួកគេ​បាន​លួច​ឆ្លងដែន​ខុសច្បាប់ ចូល​ទៅរក​ការងារ​ធ្វើ​នៅក្នុង​ទឹកដី​ថៃ​។​


​ក្នុង​រយៈពេល​តែ ៣ ថ្ងៃ​អាជ្ញាធរ​ថៃ បាន​ចាប់ខ្លួន​ពលករ​ខ្មែរ​ដែល​លួច​ទៅរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​ចំនួន ១៣០៨ នាក់ បញ្ជូនមក​កម្ពុជា​វិញ​។ បើតាម​ការចុះផ្សាយ​រប​ស់​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ  អាជ្ញាធរ​ថៃ​បាន​បញ្ជូន ពលករ​ខ្មែរ​ចំនួន ៥៣៣​នាក់  ក្នុងនោះ​ស្រី​មាន​ចំនួន ១៧៥​នាក់  តាម​ច្រក​អន្តរជាតិ​ដូង  ស្ថិតក្នុង​ស្រុក​កំរៀង​ខេត្តបាត់ដំបង នៅ​ថ្ងៃទី ៣ មីនា ។ ហើយ​នៅ​ថ្ងៃ ទី ៤  ខែមីនា  ឆ្នាំ​២០១៧  ភាគី​ថៃ បាន​បញ្ជូន​ពលករ​ខ្មែរ​ខុសច្បាប់​ចំនួន ២៥៨​នាក់ ទៀត ក្នុងនោះ​ស្រី​មាន​ចំនួន ៨៥​នាក់ តាម​ច្រក​អ​ន្រជាតិ​ដូង​ដដែល​។​
 
​គេហទំព័រ​មួយ​នេះ ក៏​រម្លឹក​ផងដែរ​ថា  កាលពី ថ្ងៃទី ២  ខែមីនា  ឆ្នាំ​២០១៧   ភាគី​ថៃ  ក៏បាន​បញ្ជូន​ពលករ​ខ្មែរ​ដែល​លបចូល​ទៅធ្វើ​ការខុសច្បាប់​តាម​ច្រករបៀង​នានា    នៃ​ខ្សែបន្ទាត់​ព្រំដែន កម្ពុជា ថៃ  ឲ្យ​ត្រឡប់​ទៅកាន់​ស្រុកកំណើត​របស់ខ្លួន​វិញតាម​ច្រក​អន្តរជាតិ​ដូងក្នុង​ទឹកដី ស្រុក​កំរៀង  ខេត្តបាត់ដំបង ដែលមាន​ចំនួន​សរុប ៥១៧​នាក់  ក្នុងនោះ​ស្រី​មាន ចំនួន ២២៩​នាក់  និង​អនីតិជន​មាន​ចំនួន ៣៩​នាក់ ។​
 
​នៅពេល​ពលករ​ទាំងនោះ មកដល់​កម្ពុជា គេហទំព័រ​ប៉ូលិស បាន​ស្រង់​សម្តី​សមត្ថកិច្ច​កម្ពុជា  ដែល​បាន​ណែនាំ​ដល់​ក្រុម​ពលករ​ទាំងអស់នោះ ដោយ​សមត្ថកិច្ច​ប្រាប់​ពលករ ឲ្យ​បំពេញបែបបទ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​សុវត្ថិភាព​ពេល​ទៅ​បំពេញការងារ​នៅក្នុង​ប្រទេស​ថៃ​៕
 
 

Tag:
 ពលករ​ខ្មែរ​
  ថៃ​
  ច្រកព្រំដែន​កម្ពុជា​-​ថៃ​
© រក្សាសិទ្ធិដោយ thmeythmey.com