អន្តរជាតិ
ស៊ី ជិន​ពីង ប្រាប់​មន្ត្រី​ឲ្យ​ស្តាប់​អនុសាសន៍​ក្រុម​បញ្ញវន្ត​ដើម្បី​អនុវត្ត​គោលនយោបាយ​ជោគជ័យ​
07, Mar 2017 , 9:19 am        
រូបភាព
ដោយ: ថ្មីៗ
​ប្រធានាធិបតី​ចិន​លោក ស៊ី ជិន​ពីង បាន​អំពាវនាវ​ឲ្យ​បញ្ញវន្ត​ចិន​បន្ត​ប្រឹងប្រែង​ប្រើប្រាស់​ចំណេះដឹង​ឲ្យ​បាន​ច្រើនជាង​មុន​ដើម្បី​ចូលរួមចំណែក​បម្រើ​និង​អភិវឌ្ឍ​សង្គមជាតិ​។ ហើយ​ប្រមុខរដ្ឋ​ចិន​រូបនេះ​ប្រាប់​ឲ្យ​អាជ្ញាធរ​ថ្នាក់ក្រោម​ជឿជាក់ និង​ស្តាប់​ការណែនាំ​របស់​បញ្ញា​វ​ន្ត​ដើម្បី​ឲ្យ​ការអនុវត្ត​គោលនយោបាយ​និង​ការងារ​ស្នូល​របស់​ជាតិ​ទទួលបាន​ជោគជ័យ​ជាដើម​។​



«​ចិន​ត្រូវការ​ក្រុម​បញ្ញា​វន្ត​ខ្លាំង​ពេលណា​ទាំងអស់​ដើម្បី​រក្សា​វិបុលភាព​និង​លើ​ស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាជន ស្របពេល​ប្រទេស​នេះ​ស្ថិតនៅ​លើផ្លូវ​នៃ​ការ​អភិ​ឌ្ឍ​នោះ​»​។  នេះ​ជា​សារ​កម្រ​មួយ​ដែល​ប្រមុខរដ្ឋ​ចិន​លោក ស៊ី ជិន​ពីង ផ្ញើ​ទៅកាន់​បញ្ញា​វ័​ន្ត​ចិន ក្នុងពេលដែល​លោក​ជួបពិភាក្សា​ជាមួយ​បណ្តា​ទីប្រឹក្សានយោបាយ​នៃ​គណបក្ស​មិនមែន​កុម្មុយនីស្ត​កាលពី​ចុង​សប្តាហ៍​នេះ​។

​ក្នុងនាម​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មការ​មជ្ឈិម​នៃ​បក្ស​កុម្មុយនីស្ត​ចិន និង​ប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិម លោក ស៊ី ជិន​ពីង បានលើកឡើង​ក្នុងជំនួប​ពិភាក្សា​ជាមួយ​ទីប្រឹក្សានយោបាយ​៩​នាក់ ថា បណ្តា​បញ្ញា​វ​ន្ត​ទូទាំង​គួរតែ​ចូលរួម​ទទួលខុសត្រូវ និង​ប្រឹងប្រែង​ប្រកបដោយ​ការយកចិត្តទុកដាក់​ក្នុង​កសាង​ចូលរួម​កសាង​ប្រទេសជាតិ​និង​ប្រែក្លាយ​ប្រទេស​ចិន​ឲ្យ​ទៅជា​សង្គម​ប្រកបដោយ​វិបុលភាព​និង​ក្លាយជា​មហាអំណាច​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​នៅពេល​ខាងមុខ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua លោក ស៊ី ជិន​ពីង បន្តថា គណបក្ស​របស់លោក​តែង​តែង​ចាត់ទុក​បញ្ញា​វន្ត​ជាសរ​សរ​ស្តម្ភ​នៃ​ប្រទេសជាតិ​ដែល​មិនអាច​ខ្វះ​បានឡើយ​។ លោក ស៊ី ជិន​ពីង​បាន​ថ្លែង​ដូច្នេះ​៖ «​គណបក្ស​កុម្មុយនីស្ត​ចិន​តែងតែ​ឲ្យ​តម្លៃ​បញ្ញា​វ័​ន្ត ដែល​ពួកគេ​ជា​អភិជន​នៃ​សង្គម​, ជាសរ​សរ​ស្តម្ភ​នៃ​ប្រទេសជាតិ និង​ជា​មោទនភាព​នៃ​ប្រជាជន​ចិន រួមទាំង​ជា​ធនធាន​ដែល​មិនអាច​កាត់ថ្លៃ​បានដែរ​»​។​

​ក្រៅពី​បញ្ជាក់ថា​បក្ស​លោក​ឲ្យ​តម្លៃ​អ្នកចេះដឹង លោក ស៊ី ជិន​ពីង បាន​អំពាវនាវ​បន្ថែម​ឲ្យ​សង្គម​ចិន​ទាំងមូល​គោរព​បញ្ញា​វ​ន្ត និង​ឲ្យ​តម្លៃ​លើ​ចំណេះដឹង​របស់​ពួកគេ​ផង​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​លោក ស៊ី ជិន​ពីង បាន​ប្រាប់​ឲ្យ​អាជ្ញាធរ​ចិន​គ្រប់​ជាន់ថ្នាក់ ត្រូវ​ជឿជាក់​លើ​អ្នកចេះដឹង និង​ស្វែងរក​ការណែនាំ​និង​អនុសាសន៍​ពី​បញ្ញា​វ័​ន្ត​ទាំងនោះ​ដើម្បី​អនុវត្ត​គោលនយោបាយ​និង​ការងារ​ធំៗ​របស់​រដ្ឋ​ឲ្យ​បាន​ជោគជ័យ​ផង​។​

​លោក ស៊ី ក៏បាន​ឆ្លៀតឱកាស​នោះ​អំពាវនាវ​ទៅកាន់​បញ្ញវន្ត​ចិន​ផងដែរ ដោយ​លោក​រំពឹងថា ពួកគេ​នឹងចូលរួម​ចំណែក​ក្នុងការ​អនុវត្ត​តម្លៃ​ស្នូល​នៃ​គោលការណ៍​សង្គមនិយម​របស់​ចិន និង​រក្សា​ឲ្យ​បាន​នូវ​គោលការណ៍​តម្កល់​ប្រយោជន៍​របស់​ជាតិ​និង​ប្រជាជន​ជាធំ​នោះ​។​

 ស្របពេល​ដែល​ចិន​កំពុង​ប្រឹងប្រែង​អភិវឌ្ឍ​សង្គមជាតិ​ក៏ដូចជា​អនុវត្ត​គោលនយោបាយ​កំណែទម្រង់​ទូទាំងប្រទេស​នោះ លោក ស៊ី ជិន​ពីង បានស្នើ​សុំ​ចំៗ​ឲ្យ​បណ្តា​បញ្ញា​វន្ត​បន្ត​សិក្សា​និង​ការស្រាវជ្រាវ​ឲ្យ​បាន​ស៊ីជម្រៅ ហើយ​បន្ត​ផ្តល់​អនុសាសន៍​នានា​ដែលមាន​ប្រយោជន៍​និង​ស្របតាម​ការអនុវត្ត​ជាក់ស្តែង​ដើម្បី​ជួយ​គាំទ្រ​រដ្ឋាភិបាល​បន្ត​រក្សា​ស្ថិរភាព​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ស្ថិរភាព​នៃ​សង្គម​ផងដែរ​៕


Tag:
 ស៊ី ជិន​ពីង​
  ចិន​
  បក្ស​កុម្មុយនីស្ត​ចិន​
  បញ្ញា​វ័​ន្ត​ចិន
© រក្សាសិទ្ធិដោយ thmeythmey.com