អន្តរជាតិ
ហូ​ឡង់​ថា កាតព្វកិច្ច​ចុងក្រោយ​របស់លោក​គឺ​ទប់​កុំ​ឲ្យ Le Pen ឈ្នះឆ្នោត​ប្រធានាធិបតី​
06, Mar 2017 , 10:19 pm        
រូបភាព
​ប្រធានាធិបតី​បារាំង​ជិត​ផុត​អាណត្តិ​លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ បាន​រៀបរាប់ថា កាតព្វកិច្ច​ចុងក្រោយ​របស់លោក​ក្នុងនាម​ជា​ប្រធានាធិបតី​គឺ ទប់ស្កាត់​លោកស្រី Marine Le Pen កុំ​ឲ្យ​ឈ្នះឆ្នោត​។ សម្តី​ដ៏​កម្រ​នេះ​ធ្វើឡើង​ស្របពេល​ដែល​បេក្ខជន​ប្រធានាធិបតី​ស្តាំនិយម​ជ្រុល​លោកស្រី Le Pen បានទទួល​សំឡេងគាំទ្រ​ច្រើន​មិន​ធ្លាប់មាន ខណៈ​ការបោះឆ្នោត​កាន់តែ​ជិត​មកដល់​។​



​កាតព្វកិច្ច​ចុងក្រោយ​ក្នុងនាម​ប្រធានាធិបតី គឺ​ធានាថា​បេក្ខជន​ប្រធានាធិបតី​ស្តាំនិយម​ជ្រុល​លោកស្រី Marine Le Pen ឈ្នះឆ្នោត​។ នេះ​ជាការ​បញ្ជាក់​របស់​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់​ក្នុង​បទ​សម្ភាស​មួយ​ជាមួយ​សារព័ត៌មាន​អឺរ៉ុប​មួយចំនួន​ក្នុងនោះ​មាន​ទាំង Le Monde ផងដែរ​។​

​លោក ហូ​ឡង់ បាន​ថ្លែង​ដូច្នេះ​ថា​៖« កាតព្វកិច្ច​ចុងក្រោយបង្អស់​របស់ខ្ញុំ​គឺ​ធានាថា បក្ស​ស្តាំនិយម​ជ្រុល​មិន​ឈ្នះឆ្នោត​។ ហើយ​បារាំង​ក៏​មិនត្រូវ​ទ្រាំទ្រ​ចំពោះ​ការទទួលខុសត្រូវ​ធ្ងន់ធ្ងរ​បែប​នោះដែរ​»​។

​ប្រធានាធិបតី​ដែល​មិនសូវមាន​ប្រជាប្រិយភាព​ខ្ពស់​នោះ បាន​បន្តថា រដ្ឋាភិបាល​លោក​មើលឃើញ​ពី​គ្រោះថ្នាក់​ដែល​អាច​កើតឡើង​ដោយសារ​ការគាំទ្រ​បេក្ខជន​ស្តាំនិយម​ជ្រុល​នេះ​នេះ​កើនឡើង​ខ្ពស់​មិន​ធ្លាប់មាន​ក្នុង​រយៈពេល ៣​ទសវត្សរ៍​មកនេះ​។

​ក្នុង​បទ​សម្ភាស​ដដែល​នោះ​លោក ហូ​ឡង់ បានលើកឡើង​បន្តិច​ដែរ​ពី​ការចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​កន្លងមក​។ លោក​ជឿជាក់ថា អង់គ្លេស​ជ្រើសរើស​ផ្លូវ​ដ៏​អាក្រក់​មួយ​សម្រាប់​ដើរ​ខ្លួនឯង ហើយ​លោក​ព្រមាន​អង់គ្លេស​ជាថ្មី​ថា អង់គ្លេស​មិនអាច​ចាកចេញ​ហើយ នៅចាំ​ទាញ​ប្រយោជន៍​ពី​សហភាព​អឺរ៉ុប​ឡើយ​។ បើ​សម្រេច​ដើរចេញ​ហើយ អង់គ្លេស​ក្លាយជា​អ្នក​ក្រៅ​សុទ្ធសាធ​។​

​សូម​ទាញ​ការចាប់អារម្មណ៍​បន្តិច​ដែរ បារាំង​នឹង​រៀបចំ​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​ថ្ងៃ ២៣ មេសា​ខាងមុខនេះ ហើយ​ជុំ​ទី ២​នឹងត្រូវ​រៀបចំឡើង​នៅ​ថ្ងៃ ៧ ឧសភា​។ ការបោះឆ្នោត​ជា​ប្រវត្តិសាស្ត្រ​នេះ​នឹង​កំណត់ថា អ្នកណា​នឹង​ឡើងមក​ដឹកនាំ​បារាំង និង​ឈានទៅ​កំណត់​ជោគវាសនា​បារាំង​ក្នុង​សហភាព​អឺរ៉ុប​ផង​។​

​លោកស្រី Marine Le Pen ត្រូវបាន​គេ​ស្គាល់​ថា​ជា​ប្រធាន​បក្ស​រណសិរ្ស​ជាតិ​ដែលជា​បក្សនយោបាយ​ស្តាំនិយម​ជ្រុល ហើយ​លោកស្រី​រៀនសូត្រ​បាន​ច្រើន​ពី​ជ័យជម្នះ​របស់​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ នៅ​អាមេរិក​។ ប្រើប្រាស់​នយោបាយ ប្រជា​ឧបាយ​ជា​គោល លោកស្រី Le Pen បាន​រក្សា​ជំហរ​ប្រឆាំង​ស្ថាប័ន​ព្រុ​ច​សែ​ល និង​ប្រឆាំង​ជនអន្តោប្រវេសន៍​ផង​។ លោកស្រី​នឹង​ចរចា​ដណ្តើមយក​អំណាច​គ្រប់គ្រង​ព្រំដែន​មកវិញ បើសិនជា​លោកស្រី ជាប់ឆ្នោត​ជា​ប្រធានាធិបតី​បារាំង​មែន​នោះ​។

​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ បេក្ខជន​ប្រធានាធិបតី​បារាំង​សុទ្ធតែ​រួបរឹត​ដោយ​រឿងអាស្រូវ ហើយ​ប្រជាជន​បារាំង​ហាក់​សុញគំនិត​មិនដឹង​គួរ​បោះឆ្នោត​ឲ្យ​អ្នកណា​។ បេក្ខជន​បីនាក់​ដែលមាន​លទ្ធភាព​ក្លាយជា​ប្រធានាធិបតី​មានដូចជា លោកស្រី Marine Le Pen,​លោក Francois Fillon  និង​លោក Emanuel Macron ។

​ប៉ុន្តែ​តាម​របាយការណ៍​ស្ទង់​មតិ​កាលពី​ខែកុម្ភៈ សំឡេងគាំទ្រ​លោកស្រី Le Pen កើនឡើង​ច្រើន​ក្នុងចំណោម​ប្រជាជន​បារាំង ហើយ​គេ​ព្យាករណ៍​ថា លោកស្រី អាច​នឹង​ឈ្នះឆ្នោត​នៅ​ជុំទីមួយ​ថែម​ទៀតផង​។ បេក្ខជន​ស្ថិតនៅ​លេខ​រៀង​បន្ទាប់​គឺ​លោក Macron  ហើយ​ចុងក្រោយ​គឺ​លោក Fillon ។









Tag:
 ​ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់​
  Marine Le Pen
  បោះឆ្នោត​ប្រធានាធិបតី​បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com