អន្តរជាតិ
ម៉ាឡេស៊ី​ចោទថា កូរ៉េខាងជើង​ឃាត់​ជនជាតិ​ខ្លួន​ជាការ​ចាប់​មនុស្ស​ធ្វើ​ចំណាប់ខ្មាំង​
07, Mar 2017 , 3:14 pm        
រូបភាព
​កម្តៅ​ការទូត​រវាង​កូរ៉េខាងជើង​និង​ម៉ាឡេស៊ី​ឈានដល់​កម្រិត​មួយ​ថ្មី ដែល​កូរ៉េខាងជើង​សម្រេច​ឃាត់​ប្រជាជន​ម៉ាឡេស៊ី​មិន​ឲ្យ​ចេញពី​ទឹកដី​របស់ខ្លួន​។ អាជ្ញាធរ​ម៉ាឡេស៊ី​បានចាត់ទុក សកម្មភាព​ច្រឡោ​មខាង​របស់​ក្រុង​ព្យុងយ៉ាង​ចំពោះ​ប្រជាជន​ខ្លួន​នោះ ស្មើនឹង​ជាការ​ចាប់​មនុស្ស​ជា​ចំណាប់ខ្មាំង​ថែម​ទៀតផង​។​



​ទំនាក់ទំនង​ការទូត​កូរ៉េខាងជើង​-​ម៉ាឡេស៊ី ប្រេះឆា​កាន់តែខ្លាំង ក្រោយ​ម៉ាឡេស៊ី​បណ្តេញ​ឯកអគ្គរដ្ឋទូត​កូរ៉េខាងជើង​ចេញពី​ទឹកដី​របស់ខ្លួន ហើយ​កូរ៉េ​ខាង​សងសឹក​បណ្តេញ​បេសកជន​ម៉ាឡេស៊ី​ចេញពី​ប្រទេស​ខ្លួន​ដែរនោះ​។ ប៉ុន្តែ​ទំនាក់ទំនង​នេះ​កាន់តែ​ដុនដាប​ទៅហើយ​នៅ​ថ្ងៃ​អង្គារ​នេះ បន្ទាប់ពី​អាជ្ញាធរ​ក្រុង​ព្យុងយ៉ាង​ហាម​ប្រជាជន​ម៉ាឡេស៊ី​ចាកចេញ​ពី​ទឹកដី​ខ្លួន​នោះ​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងជើង (KCNA) ដែល​ស្រង់​សម្តី​ក្រសួងការបរទេស​កូរ៉េខាងជើង​ថា​៖« ប្រជាជន​ម៉ាឡេស៊ី​ទាំងអស់​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​នឹងត្រូវ​ហាម​មិន​ឲ្យ​ចាកចេញ​បណ្តោះអាសន្ន​សិន រហូតដល់​បញ្ហា​ដែល​កើតឡើង​នៅ​ម៉ាឡេស៊ី​ត្រូវ​ដោះស្រាយ​ចប់សព្វគ្រប់​»​។​

​អនុរដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី បច្ចុប្បន្ននេះ​ប្រជាជន​ម៉ាឡេស៊ី ១១ កំពុង​ស្ថិតនៅ​ប្រទេស​កូរ៉េខាងជើង ក្នុងនោះ​មាន ៣​នាក់​ជាម​ន្ត្រី​ទូត​។​

​តាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងជើង​ដដែល ក្រសួងការបរទេស​កូរ៉េខាងជើង​សង្ឃឹម​យ៉ាង​មុតមាំ​ដែរ​រដ្ឋាភិបាល​ម៉ាឡេស៊ី​នឹង​ដោះស្រាយ​បញ្ហា​នេះ​ដោយ​ត្រឹមត្រូវ​និង​ទាន់ពេលវេលា​ដោយ​ផ្អែកលើ​ស្មារតី​យោគយល់​គ្នា​។​

​ក្រសួង​នេះ​ក៏បាន​បញ្ជាក់​ផងដែរ​ថា រាល់​អ្នកការទូត​ម៉ាឡេស៊ី និង​ជនជាតិ​ម៉ាឡេស៊ី​ទាំងអស់​ដែល​កំពុង​ស្ថិតនៅ​ប្រទេស​កូរ៉េខាងជើង​អាចបំពេញ​ការងារ​និង​ដើរហើរ​ដោយ​សេរី​ជាធម្មតា​នៅពេលដែល​ការហាមឃាត់​ការធ្វើដំណើរ​នៅ​ស្ថិត​ជា​ធរមាន​នោះ​។​

​ដោយឡែក ឆ្លើយតប​ការឃាត់ខ្លួន​ប្រជាជន​ម៉ាឡេស៊ី​នោះ ឧបនាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី Ahmad Zahid Hamidi បាន​ប្រាប់ អ្នកសារព័ត៌មាន​ក្នុង​សន្និសីទ​នាទី​ក្រុង​កូ​ឡា​ឡាំ​ពួរ ថា ម៉ាឡេស៊ី​ក៏​សម្រេច​ឃាត់ខ្លួន​រាល់​ប្រជាជន​កូរ៉េខាងជើង​ដែលជា​មន្ត្រី​ទូត​និង​អ្នកការទូត​មិន​ឲ្យ​ចាក​ចេញពី​ម៉ាឡេស៊ី​ដែរ​។​

​ការ​ឈានដល់​ឃាត់ខ្លួន​មន្ត្រី​ម៉ាឡេស៊ី​នេះ រដ្ឋមន្ត្រី​យុវជន​និង​កីឡា​ម៉ាឡេស៊ី Khairy Jamaluddin បាន​ហៅ​ទង្វើ​របស់​កូរ៉េខាងជើង​ថា​ជាការ​ចាប់​ប្រជាជន​ម៉ាឡេស៊ី​ជា​ចំណាប់ខ្មាំង​។​
« វា​ជា​រឿង​មិនអាច​ទទួលយក​បានឡើយ​។ កូរ៉េខាងជើង​ត្រូវតែ​ដោះលែង​អ្នកដំណើរ​ជនជាតិ​ម៉ាឡេស៊ី​មកវិញ​ភ្លាម​»​។ នេះ​ជាការ​បញ្ជាក់​របស់​មន្ត្រី​ជាន់ខ្ពស់​ម៉ាឡេស៊ី​ខាងលើ​តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម Twitter ។​

​ម៉ាឡេស៊ី​និង​កូរ៉េខាងជើង​បាន​បង្កើត​ទំនាក់ទំនង​ការទូត​ជាមួយគ្នា​នៅ​ឆ្នាំ ១៩៧៣​។ ហើយ​ប្រទេស​ទាំងពីរ​បានក្លាយ​ជា​មិត្ត​ស្និទ្ធស្នាល​ជាមួយគ្នា​អស់​រាប់​ឆ្នាំ​មកហើយ ហើយ​ម៉ាឡេស៊ី​ក៏​ស្ថិត​ក្នុងចំណោម​ប្រទេស​ដែល​ស្ថិតក្នុង​គម្រោង​លើកលែង​ទិដ្ឋាការ​របស់​រដ្ឋាភិបាល​កូរ៉េខាងជើង​ដែរ​។ ប៉ុន្តែ​ការ​ករណី​ឃា​តុ​កម្ម​បុរស​ដែល​គេ​ចាត់ទុកជា​បងប្រុស​ម្តាយ​ទីទៃ​របស់លោក គីម ជុង​អ៊ុន លោក Kim Jong Nam បានធ្វើ​ឲ្យ​ភាគី​ទាំងពីរ​ពាក់មុខយក្ស​ដាក់គ្នា​៕


Tag:
 ម៉ាឡេស៊ី​
  កូរ៉េខាងជើង​
  Kim Jong Nam
  គីម ជុង​អ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com