ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​សម្ភោធ​រោងចក្រ​ថ្មី​ដែល​អាច​ផលិត​៨០​លាន ទៅ​៣០០​លាន​លីត្រ​ក្នុង​១​ឆ្នាំ
07, Mar 2017 , 9:39 pm        
រូបភាព
CBL ពីហ្វេសប៊ុកសម្តេចហ៊ុនសែន
CBL ពីហ្វេសប៊ុកសម្តេចហ៊ុនសែន
ដោយ:
​ភ្នំពេញ​៖ ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា (Cambodia Brewery Limited, CBL) ដែលជា​ផ្នែក​មួយ​របស់​ក្រុមហ៊ុន Heineken បាន​បោះទុន ១០០​លាន​ដុល្លារ​សាងសង់​ពង្រីក​រោងចក្រ​បន្ថែមទៀត ដើម្បី​ឆ្លើយតប​ទំហំ​ទីផ្សារ​របស់ខ្លួន​នាពេល​បច្ចុបន្ន និង​អនាគត​។ ផលិតផល​ស្រា​បៀ​ដែល​ចែកចាយ និង​ផលិត​ដោយ​ក្រុមហ៊ុនស្រា​បៀ​កម្ពុជា រួមមាន ស្រា​បៀរ ABC Stout, Tiger, Gold Crown, Anchor និង Heineken ។



​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា (CBL) បាន​បង្កើត​រោងចក្រ​នៅ​កម្ពុជា​តាំងពី​ឆ្នាំ​១៩៩៤ លើទឹក​ប្រាក់​វិនិយោគ ៥៦​លាន​ដុល្លារ​។ នៅ​ថ្ងៃទី​៧​ខែមីនា​ឆ្នាំនេះ ក្រុមហ៊ុន​បាន​សម្ពោធ​ខ្សែសង្វាក់​ផលិត​ថ្មី​តម្លៃ ១០០​លាន​ដុល្លារ  នៅ​សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ ភ្នំពេញ ក្រោម​អធិបតីភាព​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ។  រោងចក្រ​ថ្មី​នេះ ត្រូវបាន​សាងសង់​លើ​ផ្ទៃដី​ជាង​១០​ហិកតា និង​ប្រើ​រយៈពេល​២​ឆ្នាំ​។ ការបង្កើត​រោងចក្រ​បន្ថែម​នេះ ស្រប​ពេលដែល CBL ត្រូវ​បន្ថែម​ស្រា​បៀរ Heineken នៅក្នុង​ខ្សែសង្វាក់​ផលិត​របស់ខ្លួន​។​

​លោក ហ្វ្រេ​ង អូស្មាន ប្រធាន​ក្រុមហ៊ុន Heineken ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បាន​ថ្លែង​នៅក្នុង​ពី​ធី​សម្ពោធ​រោងចក្រ​ថ្មី​នេះ​ថា ការសម្រេច​ពង្រីក​រោង​ចក្រ​បន្ថែម​នេះ គឺ​ដើម្បី​ឆ្លើយតប​នឹង​កំណើន​តម្រូវការ​ផលិតផលរ​បស់​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា ដែល​សន្ទុះ​នៃ​កំណើន​នេះ​ត្រូវបាន​គាំទ្រ​ដោយ​កំណើនប្រជាជន កំណើនសេដ្ឋកិច្ច និង​ស្ថិរភាព​នយោបាយ​របស់​កម្ពុជា​។​

​លោក​បន្ថែមថា បន្ទាប់ពី​ដាក់​សម្ពោធ​រោងចក្រ​ថ្មី​នេះ ក្រុមហ៊ុន​នឹង​បង្កើន​សមត្ថភាព​ផលិត​ពី ៨០​លាន​លីត្រ ទៅ​៣០០​លាន​លីត្រ​ក្នុង​១​ឆ្នាំ ឬ​បង្កើន​ពី ២,៧​ម៉ឺន​កេស ទៅ​១០​ម៉ឺន​កេស​ក្នុង​១​ថ្ងៃ​។ លោក​បញ្ជាក់ថា ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា នៅក្នុង​ឆ្នាំ​២០១៦ កន្លងទៅ បាន​បង់ពន្ធ​ចូល​ថវិកាជាតិ​ជាង ១០០​លាន​ដុល្លារ ហើយ​នៅពេល​ដំណើរការ​រោងចក្រ​ថ្មី​នេះ ក្រុមហ៊ុន​នឹង​បង្កើត​ការងារ​ផ្ទាល់​សរុប​ជិត ៥០០​នាក់ និង​ការងារ​ប្រយោល​ប្រមាណ ១៥០០​នាក់​៕


Tag:
 ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com